ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ដែលជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត​ ដើម្បី​ផ្តល់​ជា​ជម្រើស​ដល់​វិនិយោគិន​ក៏ដូចជា​បើក​លទ្ធភាព​ដល់​រដ្ឋ​ក្នុងការ​កៀរគរ​ប្រភព​ទុន​ក្នុងស្រុក​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូលបត្រ​កម្ពុជា «១ ​ទសវត្សរ៍​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះ​ទៅមុខ​»» កាលពី​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២២​ ថា រាជរដ្ឋាភិបាល​ក៏​គ្រោង​នឹង​ចាប់ផ្ដើម​បោះផ្សាយ​មូលបត្រ​រដ្ឋ​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ដើម្បី​បង្កើត​នូវ​ប្រភព​ហិរញ្ញប្បទាន​មួយ​ថ្មី​ សម្រាប់​ការ​កៀរគរ​ទុន​របស់​រដ្ឋ​ក៏ដូចជា​បង្កើត​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលបត្រ ជាពិសេស​វិនិយោគិន​ស្ថាប័ន​ដែល​រួមមាន ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង​, មូលនិធិ​សោធន​និវត្តន៍​,​មូលនិធិ​សន្តិសុខ​សង្គម​ជាដើម​។

លោក​ថ្លែងថា​៖ «​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​រំពឹងថា​នឹង​ទទួល​ការពេញនិយម​សម្រាប់​ការជួញដូរ​នៅ​ផ្សារមូលបត្រ​កម្ពុជា និង​ផ្ដល់នូវ​ទិន្នន័យ Benchmark សម្រាប់​ការជួញដូរ​មូលបត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ​នានា​ដូច​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែលមាន​វិស័យ​មូលបត្រ​រីកចម្រើន​»​។

អគ្គនាយក​នៃ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​លោក ហុង សុហួរ បាន​និយាយថា ចាប់តាំងពី​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ផ្សារមូលបត្រ​កម្ពុជា​រយៈពេល ១០ ​ឆ្នាំ​មកនេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៦​។

លោក​ថ្លែងថា​៖ «​ដោយសារ​មានការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ពី​រដ្ឋាភិបាល និង​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ផ្សារមូលបត្រ​យើង​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ដោយ​ទីផ្សារ​យើង​ពិតមែនតែ​នៅមាន​ទំហំ​តូច បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជិតខាង តែ​ទំហំ​ជួញដូរ​របស់​យើង​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់ពី​ឆ្នាំ​ ២០១៩​ មក ដោយ​ក្នុង​ឆ្នាំ​ ២០១៨ និង​ឆ្នាំមុនៗ​នោះ​ទំហំ​ជួញដូរ​ប្រចាំថ្ងៃ​មាន​ប្រមាណ​ជាង ២ ​ម៉ឺន​ដុល្លារ ឬ​តិចជាង​នេះ ហើយ​កើន​ដល់​ប្រមាណ​ជិត​ ១៦ ​ម៉ឺន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៩ តែ​បាន​ធ្លាក់ចុះ​បន្តិច​មក​ត្រឹម​ជាង ១១ ​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ដោយសារតែ​ការមកដល់​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក​បន្តថា ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ស្ថានការណ៍​បានល្អ​ពី​សំណាក់​រដ្ឋាភិបាល​បាន​ធ្វើឱ្យ​ទំហំ​ជួញដូរ​បាន​កើន​ដល់​ជាង ២៧ ​ម៉ឺន​ដុល្លារ​។ ដោយឡែក ៤ ​ខែ​ដើមឆ្នាំ ​២០២២ នេះ ទំហំ ជួញដូរ​បាន​កើន​ដល់​ជាង ១​ លាន​ដុល្លារ​ក្នុង ​១ ​ថ្ងៃ​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា​ (S-ERC) បាន​ប្រាប់ថា SERC បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​ចំនួន ៣១ ៦៤០ ​ដែល​ក្នុងនោះ​វិនិយោគិន​ស្ត្រី​ចំនួន ៣៤ ​ភាគរយ និង​វិនិយោគិន​សញ្ជាតិ​ខ្មែរ ៨៦​ ភាគរយ​។

លោក​លើកឡើង​ថា​៖ «​ចំនួន​វិនិយោគិន​បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ឆ្នាំ​២០១៨ ដែល​ក្នុង​ឆ្នាំ​នោះ យើង​បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​ចំនួន ១១៧១៤​។ គិត​ត្រឹម​ថ្ងៃទី ​១៣ ខែឧសភា ឆ្នាំ​ ២០២១ មាន​មូលធនូបនីយកម្ម​ទីផ្សារ ៧ ​ភាគរយ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​ឆ្នាំ​ ២០២០»​។

បើ​យោងតាម​លោក អូន ព័ន្ធមុនីរ័ត្ន ផ្សារមូលបត្រ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅក្រោម​រូបភាព​ជា​ក្រុមហ៊ុនចម្រុះ​រដ្ឋ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ​នៅក្នុង​ឆ្នាំ​ ២០១០ និង​បាន​បើក​ដំណើរការ​ជួញដូរ​មូលបត្រ​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០១២ ជាមួយ​នឹង​ការចុះបញ្ជី​ជួញដូរ​មូលបត្រ​របស់​សហគ្រាស​សាធារណៈ​ចំនួន ១ គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​៕ LA