ភ្នំពេញៈ ដៃគូ​អភិវឌ្ឍន៍​បាន​បើក​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ ១,៣ ​ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​សម្រាប់​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP) ដែលជា​គោលនយោបាយ​មួយ​ក្នុង​ការជួយ​កម្ពុជា​ធ្វើ​ពិពិធ​កម្មវិស័យ​ឧស្សាហកម្ម​របស់ខ្លួន​។

យោងតាម​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​កម្ពុជា​បង្ហាញថា នៅ​ចន្លោះ​ឆ្នាំ​ ២០១៥-២០២០ ដៃគូ​អភិវឌ្ឍន៍​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១ ២៨៧,២ ​លាន​ដុល្លារ ដោយ​ជា​មធ្យម​ ២១៥ ​លាន​ដុល្លារ ក្នុង​ ១​ ឆ្នាំ​សម្រាប់​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា (IDP)​។ នៅក្នុង​នោះ វិធានការ​គន្លឹះ​ ៤ ​ដែល​ដៃគូ​អភិវឌ្ឍន៍​បាន​គាំទ្រ រួមមាន ការបញ្ចុះ​ថ្លៃ​អគ្គិសនី ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម ការពង្រឹង​ទីផ្សារពលកម្ម និង​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍ ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ទទួល​បាន​ការគាំទ្រ​ច្រើនជាងគេ ប្រមាណ​ ៩៣៨,៥​ លាន​ដុល្លារ​។

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​ ២០១៥-២០២៥ លោក ហ៊ួត ពុំ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ឧត្តម​មន្ត្រី​មួយរូប​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច ដឹកនាំ​ការសិក្សា​វាយតម្លៃ​លម្អិត​ទៅលើ​និន្នាការ និង​ការផ្លាស់ប្តូរ​នៃ​និម្មាបនកម្ម​តំបន់​ និង​សកល ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ ដើម្បី​កែសម្រួល​ចក្ខុវិស័យ គោលដៅ និង​គោលបំណង​នៃ​គោលនយោបាយ IDP សម្រាប់​រយៈពេល​បន្តទៅ​មុខ​។

លោក​បាន​បញ្ជាក់ថា​៖ «​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាននិង​កំពុង​ធ្វើ​កិច្ចការ​នេះ យ៉ាង​សស្រាក់សស្រាំ ដោយ​មាន​ការចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​ជាច្រើន ដោយ​បាននិង​កំពុង​ការរៀបចំ​កែសម្រួល​គោលនយោបាយ IDP ​នេះ​»​។

លោក សុខ ណារិន តំណាង​អង្គការ UNIDO បាន​ថ្លែងថា CDC បានផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ក៏ដូចជា​ការខិតខំ​ប្រឹង​ប្រែង​យ៉ាង​យកចិត្ត​ទុកដាក់​ធ្វើការ​ជាមួយ​ក្រុមការងារ UNIDO លើ​ការបង្កើត​ក្របខ័ណ្ឌ​វិភាគ​ និង​វាយតម្លៃ​(Monitoring and Evaluation (M&E) និង​ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​របស់ IDP​ នេះ​។

លោក​បាន​បន្ថែមថា UNIDO បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន IDP នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏ដូចជា​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការកសាង​សមត្ថភាព តាមរយៈ​គម្រោង ​«​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​អភិវឌ្ឍន៍​ចម្បង​ប្រកប​ដោយ​ប្រសិទ្ធភាព តាមរយៈ​ការកសាង​សមត្ថភាព​ស្ថាប័ន​» ដោយមាន​ការសហការ​ពី​សាធារណរដ្ឋ​កូរ៉េ ក្រោម​ក្របខ័ណ្ឌ​កម្មវិធី​ភាពជា​ដៃគូ​ប្រទេស (PCP)​។

លោក​បញ្ជាក់ថា​៖ «​វា​ពិតជា មាន​សារៈសំខាន់​ណាស់​ក្នុង​ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ M&E និង ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ ​IDP ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ក្រសួង​ពាក់ព័ន្ធ​អាច​វាស់វែង​វឌ្ឍនភាព កំណត់​បញ្ហា​ប្រឈម និង​គម្លាត​ធនធាន ហើយ​ធ្វើការ​កែតម្រូវ​នៅពេល​ចាំបាច់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការរីកចម្រើន បន្ថែមទៀត និង​ដើម្បី​សម្រេច​គោលបំណង និង​អាទិភាព​របស់ IDP»​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ថា ការរួមចំណែក​របស់​ដៃគូ​អភិវឌ្ឍន៍ នៅក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP) ពិត​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​កញ្ចប់​ថវិកា​នេះ​គួរតែ​បន្ត​ជំរុញ​លើ​ការបង្កើត​ថ្មី​ឱ្យបាន​ច្រើន​ (​នវានុវត្តន៍​)​។ ម្យ៉ាងវិញទៀត ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ក៏​គួរតែ​ធ្វើឱ្យ​បានល្អ​ជាង​នេះ ដោយសារ​តែ​យើង​បាន​មើលឃើញថា មាន​ស្ថាប័ន​ច្រើនណាស់​ដែល​បាន​ចុះទៅ​ធ្វើ​អធិការកិច្ច​ជាន់គ្នា​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យនេះ​»​។

ការវាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​ IDP បាន​បង្ហាញថា ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុង​ ផ.ស.ស បាន​កើន​ពី ២៧,៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០១៥ ដល់ ៣៤,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ ខ្ពស់ជាង​គោលដៅ​ឆ្នាំ​ ២០២៥ ដែល​បានកំណត់​ត្រឹម​ ៣០ ​ភាគរយ​។ វិស័យ​កម្មន្តសាល ក្នុង ផ.ស.ស មានការ​កើនឡើង​យឺត​ជាង​ការរំពឹងទុក​ដោយ​កើន​ពី ​១៦ ​ភាគរយ ក្នុង​ឆ្នាំ ​២០១៥៕ LA