ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុងតម្លៃ​ជាង ៣០០​ លាន​ដុល្លារ នា​រយៈពេល ​៤ ​ខែ ឆ្នាំ​ ២០២២ កើន ៥៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ស្ថិតិ​ការនាំចេញ នាំចូល​កង់​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២២ ការនាំចេញ​កង់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​មាន​តម្លៃ ៣០៦,៤៧​ លាន​ដុល្លារ កើន ៥៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ ក្នុងនោះ​ការនាំ​ចេញទៅ​អាមេរិក​មាន​ទឹកប្រាក់​ច្រើនជាងគេ គឺ​ចំនួន​ ១២៩,៣៤​ លាន​ដុល្លារ​។

ដោយឡែក​កម្ពុជា​ក៏បាន​នាំចូល​កង់​មកវិញ​តម្លៃ ៥,០៣ ​លាន​ដុល្លារ ថយចុះ ១៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។

ដោយសារ​កំណើន​នៃ​ការនាំចេញ​កង់​របស់​កម្ពុជា​នៅតែ​បន្ត​កើនឡើង​ទើប​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្មីៗ​នេះ​បាន​ជួបពិភាក្សា​ជាមួយ​ភាគី​វៀតណាម ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វៀតណាម​បន្ដ​ផ្គត់ផ្គង់​វត្ថុ​ធាតុដើម​សម្រាប់​ផលិត​កង់​នាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ប្រកបដោយ​និរន្តរភាព និង​មិន​ខុស​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ជាមួយ​អឺរ៉ុប​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែឧសភា​ថា បច្ចុប្បន្ន​កម្ពុជា​មិនទាន់​ខ្វះខាត​វត្ថុធាតុដើម ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច​ ដើម្បី​ផលិត​កង់​ទេ ប៉ុន្តែ​ការចរចា​ជាមួយ​វៀតណាម គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ពី​ខាង​វៀតណាម​មាន​និរន្តរភាព​។

លោក​បន្តថា នៅពេល​ខាង​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហគមន៍​អឺរ៉ុប​រួចហើយ​ចំពោះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នានា​មក​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងទៀត ត្រូវតែ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​តាម​បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​។

លោក​អះអាងថា​៖ «​កម្ពុជា​ជាមួយ​វៀតណាម​ត្រូវតែ​បំពេញ​បែបបទ​នេះ ដើម្បី​ធ្វើយ៉ាងណា​ធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ឱ្យ​គ្នា​ទៅវិញ​ទៅមក ព្រោះ​ក្រសួង​មានការ​ព្រួយបារម្ភ​ ដើម្បី​ចៀសវាង​ខុស​គោលការណ៍​កិច្ចព្រមព្រៀង​នាពេល​ខាងមុខ​។ ភាគី​ទាំង​ ២​ នឹង​ពិនិត្យមើល​លក្ខខណ្ឌ​ផ្សេងទៀត ដែល​យើង​ត្រូវបំពេញ​ ដើម្បី​ធ្វើឱ្យ​ខាង​អឺរ៉ុប​មានការ​ទទួលស្គាល់​គឺត្រូវធ្វើ​រួមគ្នា​»​។

បើតាម​អ្នកនាំពាក្យ​រូបនេះ វត្ថុធាតុដើម ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច​សម្រាប់​ផលិត​កង់​កម្ពុជា​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​ក្នុង​បរិមាណ​សមល្មម ដោយ​មិនអាច​នាំចូល​មក​ច្រើនពេក​ទេ ព្រោះ​អាច​ខុស​នឹង​លក្ខខណ្ឌ​ដែល​បានកំណត់​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា កំណើន​ការនាំចេញ​កង់​បានរួម​ចំណែក​នៅក្នុង​ការទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១៩ មក​។

ចំពោះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នេះ​លោក​លើកឡើងថា ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ក្នុងឋានៈ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា និង​ក្នុង​ក្របខ័ណ្ឌ​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ វៀតណាម​នឹង​មិនអាច​កាត់បន្ថយ ឬ​បញ្ឈប់​ការផ្គត់ផ្គង់​មក​កម្ពុជា​បានទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​គួរ​ពិចារណា​ជាមួយ​ស្ថាប័ន​ក្នុងការ​សហការ​ជាមួយ​រោងចក្រ​ផលិត​កង់​ក្នុងស្រុក​ធ្វើយ៉ាងណា​បង្កើត​រោងចក្រ​ផ្គត់ផ្គង់ ឬ​វត្ថុធាតុ​ដើម​ចាំបាច់ ឬ​សម្លឹងមើល​ទីផ្សារ​ផ្សេងទៀត​ ដើម្បី​បង្ការ​កុំ​ឱ្យមាន​បញ្ហា​កើតមាន​»៕LA