ភ្នំពេញៈ ក្រុមហ៊ុន​វិស័យ​ឯកជន​មួយ​បាន​ស្នើសុំ​ជួល​ដី​មួយកន្លែង​ទំហំ ៣០៨ ​ហិកតា​នៅក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំ​ក្រវាញ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​ ដើម្បី​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ ក៏ដូចជា​ចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន និង​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​នៅក្នុង​ខេត្ត​ ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីនោះ​។

លោក អ៊ុក ភក្ត្រា អភិបាលរង​ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែឧសភា ថា សម្រាប់​គម្រោង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នេះ ក្រុមការងារ​របស់​ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង​រួចហើយ​កាលពី​ថ្ងៃទី​ ១៧ ខែឧសភា ឆ្នាំ ​២០២២ និង​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​នេះ ប៉ុន្តែ​ត្រូវ​គិតគូរ​ឱ្យបាន​ហ្មត់ចត់​ទៅលើ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​លក្ខខណ្ឌ​បទដ្ឋាន​បច្ចេកទេស ជាដើម​។

លោក​បាន​បន្ថែមថា គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នេះ តាម​ផែនការ​នឹង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ក្រៅ​ប្រទេស ដោយ​នឹង​អភិវឌ្ឍ​ទៅជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​សម្រាប់​លម្ហែកាយ កន្លែង​លេងកម្សាន្ត និង​សួនសត្វ​បក្សាបក្សី​ជាដើម​។ ទោះយ៉ាងណា ការអភិវឌ្ឍ​នេះ​មិន​ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​តាមច្បាប់​វិនិយោគ​ក្នុង​ទំហំ​ដី ៣០៨ ​ហិកតា​នៃ​ដីព្រៃ គេ​ឱ្យតែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនោះ​ត្រូវតែ​រក្សាទុក​សភាព​ដើម​ដដែល គឺ​អត់​មាន​ប៉ះពាល់​ដល់​ជីវចម្រុះ​ទេ​។ ការជួល​ដី​ឱ្យ​វិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ គឺ​ប្រហែល ៥០ ​ឆ្នាំ​។ ទោះយ៉ាងណា​ការសម្រេច​គឺ​ស្ថិត​លើ​ក្រសួង និង​រាជរដ្ឋាភិបាល​ដោយ​យើង​គ្រាន់តែ​ចុះ​ពិនិត្យមើល​ទីតាំង​ប៉ុណ្ណោះ​»​។

បើតាម លោក ភក្ត្រា រដ្ឋបាល​ខេត្តកោះកុង​តែងតែ​សាទរ និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ទៅលើ​ការជួល​ដី​វិនិយោគ​រៀបចំ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្នុង​ខេត្តកោះកុង ដែលជា​ផ្នែក​មួយ​នៃ​ការអភិរក្ស​ធនធានធម្មជាតិ លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា លោកស្រី​សូម​គាំទ្រ​ចំពោះ​ការបង្កើត​ឱ្យមាន​តំបន់​រមណីយដ្ឋាន​តាម​បែប​ធម្មជាតិ​នៅក្នុង​ខេត្តកោះកុង ព្រោះ​ខេត្ត​នេះ​នៅ​ខ្វះ​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ​ច្រើន​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវ​ទេសចរ ខណៈ​ការស្នើសុំ​វិនិយោគ​កន្លងមក​មាន​លក្ខណៈ​តូចៗ​។

លោកស្រី​បន្តថា តាមរយៈ​ការអភិវឌ្ឍ​របស់​ប្រទេស និង​និន្នាការ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ប្រាកដ​ណាស់​គឺ​នៅតែ​ខ្វះ​ការអភិវឌ្ឍ​គម្រោង​ទេសចរណ៍​បែប​ធម្មជាតិ​ដែល​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​គម្រោង​បែបនេះ​កាន់តែច្រើន​ថែមទៀត ដើម្បី​ផ្តល់​ចំណូល​សេដ្ឋកិច្ច និង​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន និង​មកពី​ខេត្ត​ផ្សេងទៀត​។

លោកស្រី​បញ្ជាក់ថា​៖ «​ខេត្ត​កោះកុង​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ​ច្រើន ដូច្នេះ​យើង​គាំទ្រ​ឱ្យមាន​ការវិនិយោគ​នេះ ព្រោះថា ការ​វិនិយោគ​កែច្នៃ​ឱ្យទៅជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ទៅឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ទូទាំងប្រទេស បើ​គម្រោង​នេះ​ធំ វា​នឹង​ត្រូវការ​អ្នក​បម្រើការ​នៅក្នុង​ទីតាំង​កាន់តែច្រើន​»​។

បើតាម​លោកស្រី ស៊ីវលីន នៅពេល​គម្រោង​នេះ​កើតឡើង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្រៅពី​បម្រើ​ការងារ​នៅ​រមណីយដ្ឋាន​នេះ ពួកគេ​ក៏​អាច​ដាំ​ផ្លែឈើ ឬ​ដំណាំ​ផ្សេងៗ​លក់​ឱ្យ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​តំបន់​នេះ ហើយក៏​ទទួលបាន​ចំណូល​សម្រាប់​គ្រួសារ​មួយកម្រិត​ផងដែរ​។

ទោះយ៉ាងណា លោកស្រី​ស្នើឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នេះ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខខណ្ឌ និង​បច្ចេកទេស​បទដ្ឋាន​គតិយុត្ត ជាពិសេស​ត្រូវ​គិត និង​ថែរក្សា​ដល់​ការអភិរក្ស​ជីវចម្រុះ និង​វប្បធម៌​ក្នុង​តំបន់​នេះ​ឱ្យ​ល្អ​៕ LA