បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងបាននិងកំពុងដាក់ចេញនូវផែនការ និងស្វែងរកដៃគូវិនិយោគបង្កើត Pub Street នៅតំបន់ជុំវិញអគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀតនៅក្នុងទឹកដីខេត្តបាត់ដំបង។
អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៧ ខែឧសភាថា ផែនការបង្កើតឱ្យមាន Pub Street នៅក្នុងក្រុងបាត់ដំបងនេះនៅមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ ដោយសារតែរដ្ឋបាលខេត្តនៅមិនទាន់បានពិភាក្សាស៊ីជម្រៅជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងនៅឡើយ ដែលអគារលំនៅឋានភាគច្រើនពួកគាត់កំពុងរស់នៅ គឺជាផ្ទះបុរាណ។
លោកប្រាប់ទៀតថា ការគិតគូរនេះទៀតសោត គឺរដ្ឋបាលខេត្តក៏មិនទាន់មានតម្រូវការឱ្យមានអ្នកវិនិយោគដែរ ព្រោះខេត្តមិនមានទីធ្លាធំដូចនៅក្រុងសៀមរាបទេ ប៉ុន្តែបើមានអ្នកវិនិយោគណាចាប់អារម្មណ៍អាចមកសិក្សា និងធ្វើផែនការវិនិយោគមកឱ្យរដ្ឋបាលខេត្តពិនិត្យជាមុនសិន ថាតើគម្រោងនេះត្រូវធ្វើដូចម្តេច?
ទោះបីយ៉ាងណា លោកបញ្ជាក់ថា នៅក្នុងផែនការជំហានដំបូងរបស់រដ្ឋបាលខេត្ត គឺនឹងរៀបចំឱ្យមានផ្លូវដើរកម្សាន្តនៅពេលយប់ និងរៀបចំឱ្យមានកន្លែងលក់ដូរម្ហូបអាហារ និងកន្លែងកម្សាន្តផ្សេងៗទៀត ដោយតម្រូវឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានជាប្រភេទអគារបុរាណចូលរួមលក់ដូរ និងរៀបចំអភិវឌ្ឍឱ្យក្លាយទៅជាតំបន់ Pub Street។
លោកថ្លែងថា៖ «សម្រាប់ផែនការបង្កើត Pub Street នេះមិនទាន់បានពិភាក្សាលម្អិតទេ ដោយយើងគ្រាន់តែធ្វើការស្ទង់មតិមួយចំនួនប៉ុណ្ណោះ។ នៅពេលមាន Pub Street វានឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តក្នុងក្រុងបាត់ដំបងកាន់តែច្រើន។ ពួកគាត់អាចធ្វើដំណើរមើលផ្ទះបុរាណនៅក្នុងក្រុង និងញាំម្ហូបអាហារផ្សេងៗ»។
យោងតាមលោក សុខ លូ ផែនការបង្កើតឱ្យមាន Pub Street នេះគឺស្របនឹងផែនការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ខណៈពេលនេះរដ្ឋបាលខេត្តក៏ដូចជាភាគីជប៉ុនបាននិងកំពុងរៀបចំធ្វើលើកិច្ចការទាំងនេះ។ គម្រោងបង្កើតឱ្យមាន Pub Street នឹងមិនធ្វើឱ្យប៉ះពាល់ដល់អគារបុរាណនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ វានឹងទទួលបានផលចំណូលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមរយៈការចំណាយរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅក្នុងទីក្រុង។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងបង្កើតឱ្យមាន Pub Street នៅក្រុងខេត្តបាត់ដំបង ធ្លាប់ត្រូវបានលើកឡើងរួចមកហើយកាលពីអភិបាលខេត្តក្នុងអាណត្តិមុនៗ ប៉ុន្តែមិនទទួលបានជោគជ័យ។ លោកបន្តថា ខេត្តបាត់ដំបងមានទំហំធំ និងមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ព្រោះខេត្តនេះមានវិស័យសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិដ៏សម្បូរបែប។
បើតាម លោក ស៊ីណាន ការបង្កើត Pub Street នៅក្នុងក្រុងបាត់ដំបងមិនគួររៀបចំធ្វើដូចនៅខេត្តសៀមរាបទេ ដោយរដ្ឋបាលខេត្តគួរតែធ្វើអ្វីឱ្យប្លែកជាងខេត្តសៀមរាប។ បើរៀបចំបង្កើតឱ្យដូចនឹងខេត្តសៀមរាប គឺខេត្តបាត់ដំបងមិនមានគំនិតច្នៃប្រឌិត និងចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះទេ។
លោកនិយាយថា៖ «កុំមានគំនិតថាសៀមរាបជោគជ័យលើ Pub Street យើងធ្វើនៅបាត់ដំបងដែរ គឺអត់ទេ។ ខ្ញុំចង់ទាញចំណាប់អារម្មណ៍ថា នៅតាមខេត្តនីមួយៗគួរបង្កើតភាពច្នៃប្រឌិតដោយខ្លួនឯង ហើយនៅពេលយើងបង្កើតតំបន់ទេសចរណ៍បានច្រើន វានឹងក្លាយជាសក្តានុពលសម្រាប់ខេត្តក្នុងការទាក់ទាញហើយ ព្រោះប្រជាជនខ្មែរចូលចិត្តអ្វីដែលថ្មី ប្លែក និងភាពហ៊ឺហា»៕ LA