តម្លៃ​ប្រេងឆៅ​បាន​កើនឡើង ១៥% ពី​កម្រិត​ទាប​កាលពី​សប្តាហ៍​មុន ៩៨ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​ដល់​កម្រិត​ខ្ពស់​កាលពី​ថ្ងៃ​អង្គារ ១១៣ ដុល្លារ ខណៈ​ដែល​តម្រូវ​ការដែល​ត្រូវបាន​រំពឹងទុក​អាច​នឹង​កើន​ ដោយសារ​​តែ​ផែនការ​របស់​ទីក្រុង​សៀង​ហៃ​ក្នុងការបញ្ចប់​ការបិទខ្ទប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ត្រឹម​ខែមិថុនា និង​ការធ្លាក់ចុះ​ជា​សកល​លើ​ផលិតផល​ប្រេង​សម្រេច​បាន​ជំរុញ​ឱ្យមាន​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​នៅ​រដូវក្តៅ និង​បន្ត​ធ្វើឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ខ្ពស់​។

យោងតាម​គេហទំព័រ Theguardian.com ទីក្រុង​ស៊ាងហៃ​បានកំណត់​ផែនការ​សម្រាប់​ការវិលត្រឡប់​នៃ​ការរស់នៅ​តាម​ធម្មតា​​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​ ០១ ខែមិថុនា និង​ការបញ្ចប់​នៃ​ការបិទ​ខ្ទប់​នៃ​ជំងឺ​កូវីដ​ ១៩ ដែល មាន​រយៈពេល​ជាង ៦ ​សប្តាហ៍ ដែល​បានរួម​ចំណែក​ដល់​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ ទន្ទឹមនឹង​នេះ US gasoline future បាន​ឡើង​ដល់​កំពូល គឺ​ ៤ ​ដុល្លារ​ក្នុង ​១​ ហ្គាឡុង​ជា​លើកដំបូង​ដែល​មិន​ធ្លាប់មាន ខណៈ​ដែល​តម្លៃ​លក់រាយ​ជា​មធ្យម​បាន​កើនឡើង​ដល់​កំណត់ត្រា​ថ្មី​មួយ​។ ចំណែក​អត្រា​អតិផរណា​ប្រចាំឆ្នាំ​សម្រាប់​សហរដ្ឋអាមេរិក គឺ​ ៨,៣% សម្រាប់​រយៈពេល ១២ ​ខែ បញ្ចប់​ក្នុង​ខែមេសា ឆ្នាំ ​២០២២ បន្ទាប់ពី​បាន​កើនឡើង ៨,៥%​។

តម្លៃ​ប្រេងសាំង​បាន​កើនឡើង ៤៣,៦% ក្នុង​រយៈពេល​ ១២ ​ខែ គិត​ត្រឹម​ខែមេសា ធៀប​នឹង​ការកើនឡើង​ប្រចាំឆ្នាំ ៤៨,០% នៅក្នុង​ខែមីនា នេះ​បើ​យោងតាម​ទិន្នន័យ​អតិផរណា​ចុងក្រោយ​បំផុត​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ​ ២០២២​។ តាម​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេង​ស្ថិតក្នុង​ទិសដៅ​កើនឡើង ហើយ​អត្រា​ជួញដូរ​លើសពី​តម្លៃ​ក្នុង​មួយ​ម៉ោង​ជា​មធ្យម​ក្នុង​រយៈពេល​ ២០០ ​ថ្ងៃ ដូច្នេះ​វិនិយោគិន​អាច​ពិចារណា​ជួញដូរ​ប្រេង​នៅ​តម្លៃ ១០៨,៥០ ​ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ​ ១០៥ និង​​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ១១៥ ​ដុល្លារ​។