ទីក្រុងឡុងដ៍៖ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​របស់​ចក្រភព​អង់គ្លេស​បាន​ធ្លាក់ចុះ​បន្ថែមទៀត មក​នៅត្រឹម​កម្រិត​ទាប ក្នុង​រយៈពេល​ជិត ៥ ទសវត្សរ៍ ប៉ុន្តែ​តម្លៃ​ប្រាក់​ឈ្នួល​នៅតែ​បន្ត​ធ្លាក់ចុះ ដោយសារ​តែ​អតិផរណា​កើនឡើង​។

ការិយាល័យ​ជាតិ​ស្ថិតិ (ONS) បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា អត្រា​គ្មាន​ការងារ​ធ្វើបាន​ធ្លាក់​ចុះមក​នៅត្រឹម ៣,៧​ ភាគរយ​ក្នុង​រយៈពេល​បី​ខែ​ដល់​ចុង​ខែ​មីនា​។

នោះ​គឺជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង ៤៧ ​ឆ្នាំ ហើយ​ធៀប​នឹង​អត្រា ៣,៨ ​ភាគរយ​នៅ​ត្រីមាស​នេះ ដល់​ចុងខែ​កុម្ភៈ​។

ONS បាន​បន្ថែមថា ប្រាក់​ឈ្នួល​បាន​បន្ត​ធ្លាក់ចុះ​នៅក្នុង​លក្ខខណ្ឌ​ជាក់ស្តែង ខណៈ​ដែល​ចក្រភព​អង់គ្លេស ក៏ដូចជា​បណ្ដា​ប្រទេស​ផ្សេងទៀត​ផងដែរ ប្រឈម​នឹង​អតិផរណា​ដែល​មិនអាច​គ្រប់គ្រង​បាន​។

លោក Darren Morgan នាយក ONS នៃ​ស្ថិតិ​សេដ្ឋកិច្ច​បាន​ថ្លែងថា​៖ «​មានការ​បន្ត ក្នុងការ​យល់ឃើញ​ផ្សេងៗ​គ្នា សម្រាប់​ទីផ្សារ​ការងារ​»​។

ការងារ​សរុប​នៅតែ​ស្ថិតក្រោម​កម្រិត​មុនពេល​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ របស់ខ្លួន ដោយ​កន្លែង​ការងារ​ទំនេរ មាន​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ជិត ១,៣ ​លាន​កាលពី​ចុងខែ​មេសា​។

លោក Morgan បាន​ថ្លែងថា​៖ «​ជា​ការពិត​ជាមួយ​នឹង​ការធ្លាក់ចុះ​ចុងក្រោយ​នៃ​ភាព​អត់​ការងារ​ធ្វើ​មក​នៅត្រឹម​អត្រា​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​ ១៩៧៤​ មក​។ ពិតណាស់ វា​មាន​មនុស្ស​អត់​ការងារ​ធ្វើ​តិចជាង​កន្លែង​ទំនេរ​ជា​លើកដំបូង​ចាប់តាំងពី​កំណត់ត្រា​បានចាប់ផ្តើម​»​។

ខណៈពេល​ដែល​ក្រុមហ៊ុន​ជាច្រើន​ជម្នះ​ក្នុង​ការបំពេញមុខ​តំណែង ​បន្ទាប់ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​ផ្លាស់ប្តូរ​អាជីព លោក Morgan បាន​កត់សម្គាល់ថា​ចាប់តាំងពី​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ មនុស្ស​ប្រហែល​កន្លះ​លាន​នាក់​បន្ថែម​ទៀត​នៅក្នុង​ចក្រភព​អង់គ្លេស «​បាន​ដកខ្លួន​ចេញពី​ទីផ្សារការងារ​ទាំងស្រុង​»​។

លោក​បាន​បន្ថែមថា សម្រាប់​អ្នក​ដែល​កំពុង​ធ្វើការ​ប្រាក់​ចំណូល​ទៀងទាត់​ដោយ​មិន​រាប់បញ្ចូល​ប្រាក់​លើកទឹកចិត្ត «​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុង​លក្ខខណ្ឌ​ជាក់ស្តែង​»៕ LA