ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានជាង ១,៥ពាន់លានដុល្លារពីការនាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ ដោយក្នុងនោះកសិផលក្រៅពីស្រូវ-អង្គ មានទឹកប្រាក់រហូតដល់ជាង ១,០៨ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រយៈពេល ៤ខែ របស់ក្រសួងកសិកម្ម ដែលផ្សព្វផ្សាយក្នុងថ្ងៃទី២០ ខែឧសភា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ការនាំចេញកសិផល មានទឹកប្រាក់សរុប ១ ៥៧២,៩៨លានដុល្លារ ដោយក្នុងនោះការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ០៨៧,១៩លានដុល្លារ, ស្រូវ មានតម្លៃ ២៩៦,៧២លានដុល្លារ និងអង្ករ ១៨៩,០៧លានដុល្លារ។
យោងតាមក្រសួងកសិកម្ម កសិផលក្រៅពីស្រូវ-អង្ករ ដែលបាននាំចេញមានបរិមាណសរុប ២ ៧៦២៥៦៣,៧៥តោន ដែលមានដូចជា ដំឡូងមី (ស្រស់ ស្ងួត ម្ស៉ៅ និងកាកសំណល់), គ្រាប់ស្វាយចន្ទី(ឆៅ និងកែច្នៃរួច), ពោត, សណ្តែកបាយ, សណ្តែងសៀង, ផ្លែចេក, ក្រូចផ្លុង, ផ្លែស្វាយ(ស្រស់ និងដំណាប់), ដូងប្រេង, ម្រេច, ថ្នាំជក់, និងបន្លែចម្រុះ ជាដើម។
ចំណែកការនាំចេញស្រូវ មានបរិមាណ ១ ៦៤៨ ៤៧៤តោន និងអង្ករ មានចំនួន ៥០ ៥៩៩តោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បាននិយាយថា សកម្មភាពដាំដុះ ប្រមូលផល និងការនាំចេញផលិតផលកសិកម្មនៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩។ លោកបន្តថា ក្រសួងក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រ និងជំរុញបរិមាណផលិត និងគុណភាពសម្រាប់ឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងឈានទៅការនាំចេញ។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស (៦៨ ប្រទេស) សរុបចំនួន ៧ ៩៨៤ ២៥១,៨៣ តោន កើនឡើង ៦៣,៨៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។ តាមការប៉ាន់ស្មាន តម្លៃសរុបនៃការនាំចេញកសិផល រយៈពេល ១២ ខែឆ្នាំ២០២១ មានចំនួន ៤ ៩៦៧,៨៥លានដុល្លារ៕