ភ្នំពេញៈ កម្ពុជា-​សិង្ហបុរី​បាន​ប្តេជ្ញា​នឹង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែខ្លាំង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​សកម្ម និង​មាន​ទំហំ​កាន់តែ​ធំ ខណៈ​ក្នុង​ឆ្នាំ ​២០២១ កន្លងមក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ សម្រេចបាន​ជាង ៥,២ ​ពាន់​លាន​ដុល្លារ កើន​ជិត ៥០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ការប្តេជ្ញា​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Gan Kim Yong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី​នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។

នៅក្នុង​ឱកាស​នោះ លោក សូរស័ក្តិ បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែង​អំណរគុណ លោក Gan Kim Yong សម្រាប់​ការគាំទ្រ​កន្លងមក​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី ចំពោះ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​បាន​សន្យា​ខិតខំ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង ២ ឱ្យ​មាន​ទំហំ​កាន់តែ​ធំ​បន្ថែមទៀត​។

លោក​និយាយថា​៖ «​យើង​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ ដើម្បី​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សិង្ហបុរី​ឱ្យ​កាន់តែ​ប្រសើរ និង​រីកចម្រើន​មួយកម្រិត​ថែមទៀត​»​។

តាមរយៈ​ជំនួប​នេះ​ភាគី​ទាំង​ ២ ​បាន​ឯកភាពគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​សម្រាប់​ភាគី​ពាក់ព័ន្ធ​ក្នុងពេល​ឆាប់ៗ​ក្នុងប្រទេស​សិង្ហបុរី ដើម្បី​ចែករំលែក​បទពិសោធ និង​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​លើ​វិស័យ​សំខាន់​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​វិស័យ​ឯកជន ពិសេស​សហគ្រាស​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៩ ឧសភា​ថា ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​តែងមាន​ភាព​ចំណេញ​-​ខាត ទៅតាម​ប្រ​-​ទេស​នីមួយៗ​។ ការបង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​កាន់តែ​ច្រើន វា​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​កាន់តែច្រើន​ដែរ​។ លោក​បន្តថា ដោយសារ​សិង្ហបុរី​មាន​កំពង់ផែ​ទឹកជ្រៅ​នៅក្នុង​តំបន់ ហេតុនេះ​ការបង្កើតឱ្យ​មាន​ទំនាក់ទំនង​នេះ​នឹង​ជួយ​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឆ្លងកាត់​តាម​កំពង់ផែ​សិង្ហបុរី​កាន់តែ​មាន​ភាពល្អប្រសើរ​។

លោក​ប្រាប់ថា​៖ «​គ្រប់​ទំនាក់ទំនង​ទោះ​ក្នុង​វិស័យ​ការទូត ឬ​ពាណិជ្ជកម្ម គឺ​សុទ្ធតែ​ផ្តល់​ភាពវិជ្ជមាន​សម្រាប់ ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៥ ២១៧ ​លាន​ដុល្លារ​កើន ៤៩,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣ ៤៨៨,៦១ ​លាន​ដុល្លារ​។ ក្នុងនេះ​កម្ពុជា​នាំ​ទំនិញ​ទៅ​សិង្ហបុរី​មាន​ចំនួន ១១៩,៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៩៥,២ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​សិង្ហបុរី​មក​កម្ពុជា​បាន​ទឹកប្រាក់ ៥ ០៩៧,១ ​លាន​ដុល្លារ កើនឡើង ៤១៧ ​ភាគរយ​។

ដោយឡែក​សម្រាប់​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១ ២០១,៩៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៥៧,៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហបុរី​មាន​ទឹកប្រាក់ ៥០,២២ ​លាន​ដុល្លារ កើន ២៤៨,៣​ ភាគរយ និង​ការ​នាំចូល​មាន ១ ១៥១,៧៥​ លាន​ដុល្លារ ធ្លាក់ ៥៨,៩ ​ភាគរយ​។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ​ភាគរយ​បើ​ធៀប ឆ្នាំ​ ២០២០​។ សិង្ហបុរី​ឈរ​លេខ​រៀង​ទី ៣ ជា​ប្រទេស វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ទឹកប្រាក់ ២,៧ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន​ដែលមាន​ចំនួន ១៨ ​ពាន់​លាន​ដុល្លារ​, និង កូរ៉េ​ ៤,៩ ​ពាន់​លាន​ដុល្លារ​៕ LA