ភ្នំពេញៈ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី ​១ ក្នុងចំណោម​ប្រទេស​អាស៊ាន​លើ​ក្រុមហ៊ុន​នាំចេញ​ឈានមុខ​គេ​ទៅ​ប្រទេស​ចិន កាលពី​ត្រីមាស​ទី​ ១ នៃ​ឆ្នាំនេះ ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការសម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​មន្ត្រី​ពាណិជ្ជកម្ម​ចិន​។

ថ្លែង​ក្នុង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ចិន​-​កម្ពុជា ឆ្នាំ​ ២០២២ នា​ថ្ងៃទី​ ១៨ ខែឧសភា​​លោក Wu Guoquan អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា ក្នុង​គ្រា​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ និង​ការលើកកម្ពស់​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ពី​ភាពធន់​ដ៏រឹងមាំ និង​សម្រេចបាន​ការអភិវឌ្ឍ​គួរឱ្យ​កត់សម្គាល់​។

លោក​បន្តថា ក្នុង​ត្រីមាស​ទី ​១ ​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា​បាន​កើន​ឡើងដល់ ៣,៧៥ ពាន់​លាន​ដុល្លារ កើនឡើង ៣៩,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន​។ ការវិនិយោគ​ផ្ទាល់​មិនមែន​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ២០៦ លាន​ដុល្លារ កើន ៣៥,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការវិនិយោគ​របស់​កម្ពុជា​នៅ​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី​ ១ បាន​កើនឡើង​ដល់ ២៤,៨៦ ​លាន​ដុល្លារ​កើនឡើង ២៥៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​បាន​ថ្លែងថា​៖ «​គម្រោង​សំខាន់ៗ​នៃ​គំនិត​ផ្តួចផ្តើម​ «​ផ្លូវ និង ខ្សែក្រវាត់​» ដែល​ភាគី​ទាំង​ ២​ សាងសង់​រួមគ្នា​បាន​ដំណើរការ​យ៉ាង​រលូន ហើយ​ការនាំចេញ​កសិផល​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​កើន​ជា​លំដាប់​»​។

លោក​ឱ្យដឹងថា ក្រោម​បរិយាកាស​គាំពារ​និយម​ដែល​កើនឡើង​កាន់តែខ្លាំង ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក និង​ទីផ្សារ​ពិភពលោក​ដែល​ធ្លាក់ចុះ ប្រទេស​ចិន និង​កម្ពុជា​ត្រូវតែ​បន្ត​ទំនាក់ទំនង​មិត្តភាព​ ដើម្បី​បង្កើត «​គំរូ​ថ្មី និង​កំណើន​ថ្មី​» សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក Qian Keming អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​តាមរយៈ​សន្និសីទ​វីដេអូ​ពី​ទីក្រុង​ប៉េកាំង​ថា ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា ហើយ​បាន​ក្លាយជា​គោលដៅ​នាំចេញ​អង្ករ និង​ចេក​ឈានមុខ​របស់​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ដើម្បី​ទាញយក​សក្តានុពល​សម្រាប់​កំណើន​ពាណិជ្ជកម្ម ប្រទេស​ចិន​បាន​ខិតខំ​នាំចូល​ផលិតផល​កសិកម្ម​ក្នុងតម្លៃ ១៥០ ​ពាន់​លាន​ដុល្លារ​ពី​អាស៊ាន​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ ហើយ​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​ការងារ​ជាមួយ​កម្ពុជា​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ដោយផ្ទាល់ ផ្នែក​កសិកម្ម​»​។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​នៅក្នុង​វេទិកា​នេះ​បានឱ្យ​ដឹងថា កម្ពុជា​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​លើ​បញ្ហា​ជាច្រើន​ដែល​ជាប់​ទាក់ទង​នឹង​ពាណិជ្ជកម្ម រួមទាំង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៩ នៅ​ទីក្រុង​ធំៗ​មួយចំនួន​ក្នុងប្រទេស​ចិន ដើម្បី​លើកកម្ពស់​ផលិតផល​កម្ពុជា​ដែលមាន​សក្តានុពល​។

លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ​យើង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​មន្ទីរ​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី ក្នុង​គោលបំណង​ជំរុញ​ផលិតផល​សក្តានុពល​កម្ពុជា​ទៅ​ទីផ្សារ​ចិន​ក្នុងនោះ​ក៏​នឹង​ជំរុញ​ការនាំចេញ​ដំឡូងមីស្ងួត​កម្ពុជា​ ៤០ ០០០ តោន ទៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ​ ២០២២-២០២៣ នេះ​»​។

លោក​បន្ថែមថា ក្រោម​ក្របខ័ណ្ឌ​តំបន់ ភាគី​ទាំង ​២ ​បានរួម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង​ជំរុញ​ឱ្យសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​។ ក្រោម​ក្របខ័ណ្ឌ​ទ្វេភាគី កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​កាលពី​ថ្ងៃទី​ ១២ ខែតុលា​ឆ្នាំ ​២០២០៕ LA

វីដេអូ៖