ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​សម្រេចបាន​ទេសចរ​អន្តរជាតិ​ចំនួន​ពី ៨០ ​ម៉ឺន​-១​ លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង ៨ ​លាន​នាក់​នា​ដំណាច់ឆ្នាំ​ ២០២២ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ របស់​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៨ ឧសភា ឆ្នាំ​ ២០២២ បានឱ្យដឹងថា ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ពេញលេញ​កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មក​ស្ថានភាព​ទេសចរណ៍​កម្ពុជា​បាន​បន្ត​ងើប​ឡើង​ជា​បណ្តើរៗ​ក្នុង​ទម្រង់​ជា អក្សរ V និង​រំពឹងថា​អាច​វិល​រក​សភាព​ដើម​វិញ​នៅ​ឆ្នាំ​ ២០២៥ សម្រាប់​ទេសចរ​អន្តរ​ជាតិ និង​នៅ​ឆ្នាំ​ ២០២៣ សម្រាប់​ទេសចរ​ផ្ទៃក្នុង​ពោលគឺ​កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្តរជាតិ ៧ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៥ និង​ទេសចរ​ផ្ទៃក្នុង​ ១១ ​លាន​នាក់​នៅក្នុង​ឆ្នាំ​ ២០២៣​។

ក្រសួង​បន្ថែមថា សម្រាប់​ចក្ខុវិស័យ​ឆ្នាំ​ ២០២២ ​នេះ កម្ពុជា​រំពឹងថា​នឹង​សម្រេចបាន​ទេសចរ​អន្តរជាតិ​ចន្លោះ​ពី ៨០ ​ម៉ឺន​-១ ​លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​ចំនួន ៨ ​លាន​នាក់​។ ជាក់ស្ដែង​នៅក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ​ ២០២២ នេះ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​មាន​ចំនួន ២៤១ ៤៨៥ ​នាក់ កើនឡើង ១៩១,៥ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ការធ្វើដំណើរ​តាមផ្លូវអាកាស​មាន ១៣១ ៨៦៤ ​នាក់ កើនឡើង ២៤៣,៩ ​ភាគរយ តាមផ្លូវ​គោក ១០៦ ៦១៤ ​នាក់ កើន ១៣៥,៦​ ភាគរយ និង​ផ្លូវទឹក​មាន ៣០០៧ ​នាក់​។ ដោយឡែក​សម្រាប់​ទេសចរ​ផ្ទៃក្នុង​មាន​ចំនួន ៥,០៤ ​លាន​នាក់ កើនឡើង ១៦១,៥ ​ភាគរយ​។

ក្រសួង​ទេសចរណ៍​វាយតម្លៃថា កំណើន​ទេសចរ​នឹង​អាច​ងើបឡើង​លឿន​ចាប់ពី​ខែសីហា ឆ្នាំ​ ២០២២ តទៅ​។ ទីផ្សារ​ទេសចរណ៍​អាទិភាព​របស់​កម្ពុជា​រួម​មាន អាស៊ាន​ (​វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​, ទ្វីបអាស៊ី​ (​ចិន កូរ៉េ ជប៉ុន​), ទ្វីបអាមេរិក​ (​អាមេរិក​), ទ្វីប​អឺរ៉ុប​ (​បារាំង និង​អង់គ្លេស​)​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក តុប សុភ័គ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ​នៅ​ថ្ងៃទី​ ១៩ ខែឧសភា​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែឧសភា ថា លោក​យល់ស្រប​ចំពោះ​ការព្យាករ​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍ បើសិនជា​មិនមាន​ព្រឹត្តិការណ៍ ឬ​ជំងឺ​កូវីដ​ ១៩ ផ្ទុះ​ឡើងវិញ និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន មិន​បន្ត​រីក​ធំ​។

លោក​បន្ថែមថា សម្រាប់​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នៅតែ​បន្ត​ចេញ​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​នៅតាម​រដូវ​បុណ្យទាន បើសិន​មិនមាន​ការបិទ​ប្រទេស​ដូច​កាលពី​អំឡុងពេល​ផ្ទុះ​នៃ​ជំងឺ​កូវីដ ​១៩​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​តួលេខ​នេះ​វា​នឹង​អាច​ដល់​បើ​ស្ថានភាព​ដូច​សព្វថ្ងៃនេះ ដោយសារ​ការបើក​ព្រំដែន​នៅ​ប្រទេស​ជិតខាង​។ អ៊ីចឹង​ចរន្ត​ចេញចូល​ភ្ញៀវ​វៀតណាម និង​ថៃ ក៏​វា​ជា​ចំនួន​ធំ​ដែរ ពីព្រោះ​កន្លងមក​វៀតណាម និង​ថៃ ក៏​ជា​ប្រទេស​ស្ថិតនៅក្នុង​លំដាប់​កំពូល​របស់​កម្ពុជា​ដែរ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា បើសិន​ក្នុងករណី​ផ្ទុះឡើង​នូវ​ជំងឺ​កូវីដ​ ១៩ គឺជា​ការ​ព្រួយបារម្ភ​មួយ​។ បើទោះបី​កម្ពុជា​បាន​រាយការណ៍​ក្នុង​រយៈពេល​ជាង ១០ ថ្ងៃ​មកនេះ​មិនមាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​នៅក្នុង​ប្រទេស​វៀតណាម និង​ថៃ និង​តំបន់​អឺរ៉ុប​មួយចំនួន​នៅតែ​មាន​ការរីក​រាលដាល និង​ការស្លាប់​ជា​រៀងរាល់ថ្ងៃ​។

លោកស្រី ខៃ ចិន្តា អនុប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ព្យាករ​របស់​ក្រសួង​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​កំណើន​ភ្ញៀវទេសចរ​ទាំង​នៅក្នុង​ស្រុក និង​មកពី​ក្រៅ​ស្រុក​នេះ គឺជា​ការគិតគូរ​ជា​វិជ្ជមាន ប៉ុន្តែ​សម្រាប់​លោកស្រី​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​លើ​វិស័យនេះ នៅក្រោយ​ដែល​រាជរដ្ឋាភិបាល ប្រកាស​បើក​ប្រទេស​ឡើងវិញ មាន​ការ​កើនឡើង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។

លោកស្រី​ពន្យល់ថា តាម​ស្ថានភាព​បែបនេះ គឺ​មិនអាច​កើន​ភ្ញៀវទេសចរ​ដូច​ការ​ព្យាករ​របស់​ក្រសួង​ទេ ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​មិន​អំណោយផល ដោយសារ​តែ​ក្នុង​រយៈពេល ២ ​ឆ្នាំ​មកនេះ ពួកគាត់​រក​ចំណូល​មិនសូវ​បាន​។ ដូច្នេះ​ការ​ដើរលេង​កម្សាន្ត​របស់​ពួកគាត់​ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។ មួយវិញទៀត​ពួកគាត់​ក៏​ជាប់រវល់​ស្តារឡើងវិញ​អាជីវកម្ម​។ ទោះបី ដើរ​កម្សាន្ត​ក៏​ដើរ នៅ​ជិតៗ​ដែរ​។

លោកស្រី​និយាយថា​៖ «​ទោះយ៉ាងណា​ក៏​ខ្ញុំ​នៅ​សង្ឃឹមថា ការព្យាករ​របស់​ក្រសួង​នឹង​ក្លាយជា​ការពិត​។ ខ្ញុំ​សប្បាយចិត្ត​ព្រោះ​យើង​លិចលង់​ខ្លាំង​ជាង ​២ ​ឆ្នាំ​មកនេះ​។ បើ​និយាយ​ទៅ​ពិបាក​រស់​មែនទែន​។ បើ​ទៅ​ខ្ចី​ធនាគារ យក​ទុន​មក​ដំណើរការ​អាជីវកម្ម​ក៏​មិនទាន់​មាន​ធនាគារ​ណា​បើកទទួល​នៅឡើយ​ដែរ​ទេ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រាប់ថា ជុំវិញ​ការព្យាករ​របស់​ក្រសួង​ទេសចរណ៍​នេះ​អាច​នឹង​ទៅរួច ព្រោះ​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ ​២០២២ នេះ​កម្ពុជា​ទទួលភ្ញៀវ​អន្តរជាតិ​ជាង ២០ ​ម៉ឺន​នាក់ ខណៈដែល​កម្ពុជា​ក៏​ទើបតែ​បើក​ប្រទេស​ឡើងវិញ​ដែរ​។ ជាមួយគ្នានេះ​ភ្ញៀវ​ក៏​មិនអាច​ធ្វើដំណើរ​ភ្លាមៗ​ដែរ គឺ​ពួកគាត់​ត្រូវធ្វើ​ផែនការ​មុននឹង​ចាប់ផ្តើម​ធ្វើដំណើរ​កម្សាន្ត​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​យល់ស្រប​នឹង​ការ​ព្យាករ​នេះ​ព្រោះ​នៅក្នុង​ឆ្នាំ ​២០២៥ នឹងមាន​ភ្ញៀវទេសចរ​ច្រើន ដោយសារ​អ្វីៗ​នឹង​ងើប​ឡើងវិញ តាមរយៈ​ការសម្លឹង​មើលទៅ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដែល​ព្យាយាម​បើក​ប្រទេស ហើយ​ការហោះ​ហើរ​ទៀតសោត ក៏​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​ឡើងវិញ​។ និយាយ​ទៅក្នុង​រយៈពេល ៣ ​ឆ្នាំ​ទៀត​វា​ងើបឡើង​វិញ​ហើយ​»៕ LA