
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក។ AFP
ទីក្រុងកូនីកវីនធ័រ (Konigswinter) អាល្លឺម៉ង់ៈ ដៃគូប្រទេសឧស្សាហកម្ម G7 បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដោយសង្ឃឹមថានឹងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាថវិការបស់ទីក្រុងកៀវ (Kyiv) ខណៈដែលការធ្លាក់ចុះពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបន្តធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុម- ប្រទេសឧស្សាហកម្មទាំង ៧ កំពុងជួបពិភាក្សានៅទីក្រុង Koenigswinter ភាគខាងលិចប្រទេសអាល្លឺម៉ង់ ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេ។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋ-អាមេរិក បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារថា៖ «ការគាំទ្រទ្វេភាគីនិងពហុភាគីដែលប្រកាសរហូតមកដល់ពេលនេះនឹងមិនគ្រប់គ្រាន់ ដើម្បីដោះស្រាយតម្រូវការរបស់អ៊ុយក្រែនទេ ទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ»។
លោកស្រី Yellen ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Koenigswinter បានអំពាវនាវដល់ដៃគូសហរដ្ឋអាមេរិកឱ្យ «ចូលរួមជាមួយយើងក្នុងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេ» សម្រាប់អ៊ុយក្រែនដែលពោរពេញដោយសង្គ្រាម។
សហរដ្ឋអាមេរិកបានបន្តដឹកមុខលើការគាំទ្រជាមួយនឹងកញ្ចប់ជំនួយចំនួន ៤០ ពាន់លានដុល្លារ (៣៨ ពាន់លានអឺរ៉ូ) ដើម្បីបំពេញទ្រព្យសម្បត្តិ និងសេចក្តីត្រូវការផ្នែកយោធារបស់ទីក្រុង Kyiv។
ប៉ុន្តែនៅក្នុងប្រទេសអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចកំពូលរបស់ពិភពលោកត្រូវប្រឈមមុខនឹងអតិផរណាដ៏ខ្ពស់មិនធ្លាប់ជួបក្នុងរយៈពេល ៤០ ឆ្នាំកំពុងបន្តកើនឡើង ខណៈពេលដែលមានការភ័យខ្លាចថាប្រទេសនេះអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចទៀតផង។
រឿងនេះគឺស្រដៀងគ្នានៅអឺរ៉ុបដែលការរំខានដែលប៉ះពាល់ដល់ការផ្គត់ផ្គង់វត្ថុធាតុដើម សមាសធាតុ និងទំនិញកសិកម្មបានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចមានភាពស្រអាប់។
ការពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេសនានាក្នុងទ្វីបអឺរ៉ុបលើការនាំចូលថាមពលរបស់រុស្ស៊ីក៏បណ្តាលឲ្យទ្វីបនេះប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈបន្ថែមទៀត ឬការរំខាននានាដែលអាចកើតមានចំពោះការផ្គត់ផ្គង់។
Christian Lindner រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់បានប្រាប់កាសែត German daily Die Welt នៅមុនកិច្ចប្រជុំថា ដៃគូ G7 ត្រូវតែ «ធានានូវដំណោះស្រាយដល់ប្រទេសអ៊ុយក្រែនក្នុងរង្វង់ប៉ុន្មានថ្ងៃបន្ទាប់ ឬប៉ុន្មានសប្តាហ៍បន្ទាប់»។
សង្គ្រាមបានបង្កវិនាសកម្មក្នុងហិរញ្ញវត្ថុរបស់អ៊ុយក្រែន ខណៈដែលប្រាក់ចំណូលពន្ធបានធ្លាក់ចុះយ៉ាងខ្លាំង ដែលទុកឱ្យអ៊ុយក្រែនមានការខ្វះខាតប្រហែល ៥ ពាន់លានដុល្លារក្នុង ១ ខែ។
ប្រភពស្និទ្ធនឹងអ្នករៀបចំកិច្ចប្រជុំនៃប្រទេសឧស្សាហកម្មជឿនលឿន G7 បាននិយាយថា កញ្ចប់ជំនួយប្រហែល ៧,៥ ពាន់លានដុល្លារអាមេរិកត្រូវបានបង្កើតឡើង ដើម្បីជួយភ្ជិតនៅក្នុងថវិការដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងទទួលរងគ្រោះ ដោយសារសង្គ្រាមចាប់តាំងពីចុងខែកុម្ភៈមកនោះ។
នៅមុនកិច្ចប្រជុំនៅថ្ងៃពុធ សហភាពអឺរ៉ុបក៏បានស្នើឱ្យបង្កើនជំនួយរបស់ខ្លួនដល់អ៊ុយក្រែនរហូតដល់ ៩ ពាន់លានអឺរ៉ូ។
ដោយប្រកាសអំពីការផ្តល់មូលនិធិថ្មីនេះ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថា វាដល់ពេលដែលត្រូវគិតអំពីការកសាងអ៊ុយក្រែនឡើងវិញ នៅពេលណាដែលសង្គ្រាមបានបញ្ចប់ ដោយបន្ថែមថា សហភាពអឺរ៉ុបមាន «ផលប្រយោជន៍ជាយុទ្ធសាស្ត្រ» ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ។
លោក Yellen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Koenigswinter កាលពីថ្ងៃពុធថា ការពិភាក្សាអំពីរបៀបផ្តល់ហិរញ្ញប្បទានដល់ការកសាងឡើងវិញរយៈពេលវែងសម្រាប់ប្រទេសអ៊ុយក្រែនគឺ «ទើបតែចាប់ផ្តើម»ទេ៕ RR