ភ្នំពេញៈ ការថែរក្សា និង​អភិរក្ស​សក្តានុពល​ដែលមាន​ក្នុង​សហគមន៍ ព្រមទាំង​ការបង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នឹង​ជួយ​ឱ្យ​ភ្ញៀវទេសចរ​បានដឹង​/​ស្គាល់ និង​ទៅលេង​កម្សាន្ត​នៅ​មូលដ្ឋាន​ផ្ទាល់​កាន់តែ​ច្រើន ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទទួលបាន​ចំណូល​បន្ថែម​ សម្រាប់​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ​។ នេះ​បើតាម​លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។

ការលើក​ឡើង​ខាងលើ​ត្រូវបានធ្វើ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​របៀប​នៃ​ការប្រើប្រាស់​ឧបករណ៍​តាបផ្លេត (Tablet) និង​បដិសណ្ឋារកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​» ជូន​ដល់​ប្រជាសហគមន៍​ទេសចរណ៍​សំបូរ​ព្រៃគុក​ (​ខេត្តកំពង់ធំ​) ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ទេសចរណ៍ និង​ក្រសួង​កិច្ចការនារី ដែលមាន​រយៈពេល ២ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ ១៨-១៩ ខែឧសភា ឆ្នាំ​ ២០២២​។

គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹង និង​បង្កើន​ចំណេះដឹង​របស់​ប្រជាសហគមន៍​គោលដៅ ជាពិសេស​ស្ត្រី​សហគមន៍​លើ​ជំនាញ​បដិសណ្ឋារកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ និង​របៀប​នៃ​ការផ្សព្វផ្សាយ​អំពី​សក្តានុពល​ផលិតផល​សហគមន៍ តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​តាបផ្លេត (Tablet) ដែលជា​ផ្នែក​មួយ​លើកកម្ពស់​ការយល់ដឹង និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ជា​លក្ខណៈ​បុគ្គល និង​ជា​លក្ខណៈ​ក្រុម​។

លោកស្រី ហ៊ុន ដានី បាន​លើកឡើងថា សហគមន៍​ទេសចរណ៍​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន តាមរយៈ​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​។ លោកស្រី​បន្តទៀត​ថា ទេសចរណ៍​សហគមន៍​ត្រូវ​បាន​ចាត់ទុកជា​ផលិតផល​មួយ​យ៉ាងសំខាន់ ដែល​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។ វា​ក៏​អាច​ទាញយក​ផលប្រយោជន៍​ពី​ទេសចរណ៍ តាមរយៈ​សកម្មភាព និង​សេវាកម្ម​ទេសចរណ៍ ដែល​បង្ហាញ​ពី​ទំនៀមទម្លាប់ ប្រពៃណី របៀបរបប​រស់នៅ ការអភិរក្ស​វប្បធម៌ និង​ធនធាន​ធម្មជាតិ​ជាដើម​។

លោកស្រី​បាន​ថ្លែងថា​៖ «​ដើម្បី​ឆ្លើយតប​នឹង​គោលបំណង​ខាងលើ​សូម​ប្រជាសហគមន៍ ជាពិសេស​ស្ត្រី​នៅក្នុង​សហគមន៍​ត្រូវខិតខំ​ថែរក្សា​សក្តានុពល​ដែលមាន​ក្នុង​សហគមន៍ ព្រមទាំង​បង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត ស្របតាម​យុទ្ធសាស្ត្រ​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​បានដឹង បាន​ស្គាល់ និង​មកលេង​កម្សាន្ត​កាន់តែច្រើន​»​។

បន្ថែម​ពីលើ​នេះ លោកស្រី ហ៊ុន ដានី ក៏បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ក្នុង​សហគមន៍​ឱ្យ​ពង្រឹង​ភាពអង់អាច​របស់ខ្លួន​ដោយ​ចាប់​ផ្តើមចេញពី​ចំណេះ​ជំនាញ ដែល​ខ្លួន​មាន​ ដើម្បី​បង្កើត​ឱ្យ​មាន​ផលិតភាព ភាពច្នៃប្រឌិត និង​ឱកាស​ការងារ សំដៅ​បង្កើន​ជីវភាព​រស់នៅក្នុង​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ ដែលជា​កត្តារួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា​អាច​សម្រេចបាន​ចក្ខុវិស័យ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ របស់​រាជរដ្ឋាភិបាល​ផងដែរ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន បាន​ឱ្យដឹងថា ផលិតផល និង​សក្តានុពល​ទេសចរណ៍​ដែលមាន​ក្នុង​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃ​គុក គឺមាន​ច្រើន​ដូចជា សិប្បកម្ម​ផលិត​ស្ករត្នោត ទឹក​សណ្តែក តម្បាញ​ក្រមា សូត្រ សិប្បកម្ម​ធ្វើ​កន្ត្រក ល្អី​ពី​ឫស្សីរពាក់ ផ្ទះ​ស្នាក់ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​សេវា​លក់​ម្ហូបអាហារ​ជាដើម ដែល​កំពុង​ទាក់ទាញ​ទេសចរ​ឱ្យមក​កម្សាន្ត​កាន់តែ​កើនឡើង​ជា​លំដាប់​៕