ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ២ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៦ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជិត ១ ៤០០ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត​ឱ្យ​វិនិយោគ​ជា​ផ្លូវការ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC នា​ព្រឹក​ថ្ងៃទី​ ២០ ខែឧសភា​នេះ បានឱ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន Sanjin (Cambodia) Knitting Technology Co., Ltd សម្រាប់​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំងនៅ​ឃុំ​ព្រៃផ្តៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​មាន​ទុនវិនិយោគ​ប្រមាណ ៣,៨ ​លាន​ដុល្លារ​អាច​បង្កើត​ការងារ​បាន ១ ២០៩ ​កន្លែង និង​ក្រុមហ៊ុន Hao Tian Make Clothes Assist Material Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​ខារ​អំបោះ ដែល​ស្ថិតនៅ​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ២,៣ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩០ ​កន្លែង​។

កាលពី​ដើម​ខែឧសភា​នេះ លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កត្តា​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​ចំពោះ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ ព្រម​ជាមួយ​នឹង​ភាពអំណោយផល​របស់​កម្ពុជា ដោយ​រាប់​ចាប់តាំងពី​ច្បាប់​វិនិយោគ កម្លាំង​ពលកម្ម និង​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ បាននិង​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកវិនិយោគ​កាន់តែច្រើន​ឱ្យ​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​ទោះបី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅលើ​ពិភពលោក​មិនទាន់​បិទ​បញ្ចប់​ក៏​ចំនួន​នៃ​ការ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះ ពិសេស​ការវិនិយោគ​លើ​វិស័យ​វាយនភណ្ណ​»​។

ទោះយ៉ាងណា​លោក​ប្រាប់ថា ក្រៅពី​វិស័យ​កាត់ដេរ CDC និង​សភាពាណិជ្ជកម្ម​កម្ពុជា ចង់ឱ្យ​មាន​ការវិនិយោគ​ទៅលើ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កាន់តែច្រើន​ផងដែរ​។

យោងតាម​ការគណនា​របស់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​ផ្អែកលើ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​របស់ CDC គម្រោង​ដែល​ត្រូវបាន​អនុម័ត​ចាប់ពី​ដើមខែ​មករា ដល់​ដំណាច់​ខែមេសា ឆ្នាំ​ ២០២២ មាន​ចំនួន​សរុប ៥២ ដែលមាន​ទុនវិនិយោគ ២ ៤៦៤,២៨ លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ៤៧ ៧១០ កន្លែង​៕