
កសិករវៀតណាមដឹកអំពៅនៅតំបន់ជាយទីក្រុងហាណូយ។ AFP
ទីក្រុងហាណូយៈ បន្ទាប់ពីវៀតណាមដាក់ពន្ធប្រឆាំងការបង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធន បរិមាណស្ករសថៃដែលនាំចូលទៅវៀតណាមបានធ្លាក់ចុះទាបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នៃរយៈពេល ៤ ឆ្នាំដែលបង្កើនល្បឿននៃការស្តារឡើងវិញ សម្រាប់ផលិតកម្មស្ករក្នុងស្រុក។
ប្រទេសថៃបាននាំចេញស្ករសចំនួន ១៩៩ ៧៨០ តោនទៅកាន់ប្រទេសវៀតណាមក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ កន្លងមក។ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានចាប់ផ្តើមអនុវត្តការត្រួតពិនិត្យពាណិជ្ជកម្មចំពោះទំនិញ ដោយបានជំរុញឱ្យធ្លាក់ចុះតួលេខនាំចូល ទៅវៀតណាមមកត្រឹមតែ ៣៣ ៦៨២ តោននៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២។
ការធ្លាក់ចុះនៃការនាំចូលស្កររបស់ថៃបានផ្តល់ការជំរុញដល់ផលិតកម្មក្នុងប្រទេសវៀតណាម។ សមាគមស្ករ និងអំពៅវៀតណាម (VSSA) បានរាយការណ៍ថា អំពៅចំនួន ៦,៤ លានតោនត្រូវបានកែច្នៃនៅចុងខែមេសា ដើម្បីផលិតស្ករសចំនួន ៦៦២ ៥៣០ តោន កើនឡើង ៥,១ ភាគរយធៀបរយៈពេលដូចគ្នា។
អ្នកផលិតក្នុងស្រុកក៏បានឃើញប្រាក់ចំណេញកាន់តែប្រសើរដែរ។ ជាពិសេស ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មនេះ គឺក្រុមហ៊ុន Thanh Thanh Cong-Bien Hoa JSC ទទួលបានប្រាក់ចំណេញក្រោយការបង់ពន្ធចំនួន ៦៤៨ ពាន់លានដុង (២៨,៣ លានដុល្លារអាមេរិក) ចន្លោះខែកក្កដា ឆ្នាំ ២០២១ ដល់ខែមីនា ឆ្នាំ ២០២២ ពោលគឺ ៣៥ ភាគរយខ្ពស់ជាងរយៈពេល ៩ ខែនៃពេលមុន។
ក្រុមហ៊ុនស្ករស Son La Sugar ក៏បានមើលឃើញនូវប្រាក់ចំណេញក្រោយការបង់ពន្ធជាង ១២៥ ពាន់លានដុងកើនឡើង ៤៣ ភាគរយ។ ក្រុមហ៊ុន Quang Ngai Sugar បានទទួលប្រាក់ចំណេញប្រហែល ១៧៦ ពាន់លានដុង កើនឡើង ៩ ភាគរយ។ ក្រុមហ៊ុន Lam Son Sugar ទទួលបានប្រាក់ចំណេញកើនឡើងដល់ ២០ ពាន់លានដុង ដែលជិត ៣ ដងនៃប្រាក់ចំណូលពីមុន។
ទោះយ៉ាងណាក៏ដោយ អ្នកនៅក្នុងឧស្សាហកម្មនេះបាននិយាយថា វាលឿនពេកក្នុងការអបអរសាទរការងើបឡើងវិញ ខណៈដែលអ្នករត់ពន្ធបានចាប់ផ្តើមរកវិធីនាំចូលស្ករថៃទៅក្នុងប្រទេសវៀតណាមតាមរយៈឡាវ និងកម្ពុជា ដែលបង្កការគំរាមកំហែងថ្មីដល់ឧស្សាហកម្មស្ករក្នុងស្រុក។
យោងតាមទីភ្នាក់ងារឃ្លាំមើលទីផ្សារនៃខេត្តឡុងអាន ការជួញដូរស្ករឆ្លងកាត់ព្រំដែនបាននិងកំពុងកើនឡើងជាលំដាប់ចាប់តាំងពីដើមឆ្នាំ ២០២២ នេះ។ អាជ្ញាធរបានរកឃើញ និងរឹបអូសស្ករដែលបានរត់ពន្ធចំនួន ៥១,៣ តោននៅក្នុងត្រីមាសទី ១ ប៉ុន្តែមានការព្រួយបារម្ភថាតួលេខនៃការរត់ពន្ធស្ករជាក់ស្តែងនឹងខ្ពស់ជាងនេះឆ្ងាយ។
VSSA បានរាយការណ៍ថា ស្ករដែលនាំចូលពីបណ្តាប្រទេសអាស៊ានចូលវៀតណាមបានកើនឡើងច្រើនក្នុងត្រីមាសទី ១៕ VNS-ANN/RR