ភ្នំពេញៈ ប្រតិបត្តិការ​ទូទាត់​ប្រាក់​ពី​ការ​នាំចូល​-​នាំចេញ​ទំនិញ​ប្រមាណ ៩៣០ ​លាន​ដុល្លារ​បាន​កើតឡើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ) នៅក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង ៥០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​របស់ SSEZ បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២២ តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​នាំចូល​-​នាំចេញ​ទំនិញ​ក្នុង​តម្លៃ​សរុប ៩៣០ ​លាន​ដុល្លារ កើន​ពី​ចំនួន ៦២០​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ស្មើនឹង​កំណើន ៥០ ​ភាគរយ​។

SSEZ បាន​លើកឡើង​ថា​៖ «​កំណើន​ទឹកប្រាក់​នាំចូល​-​នាំចេញ​ទំនិញ និង​សកម្មភាព​ផលិតកម្ម​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មិន​ត្រឹមតែ​ធ្វើឱ្យ​មាន​ស្ថិរភាព​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចាក់​បញ្ចូល​សម្ទុះ​យ៉ាងរឹងមាំ​ទៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ខេត្ត​ព្រះសីហនុ​ថែមទៀត​ផង​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា ភាព​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​បាន​ធ្វើឱ្យ​សកម្មភាព​ផលិតកម្ម និង​ការចូលទៅ​បណ្តាក់ទុន​វិនិយោគ​ថ្មីៗ​នៅ​ទីនោះ​កើនឡើង​ជា​បន្តបន្ទាប់​។ លោក​ប្រាប់ទៀតថា ភាគច្រើន​នៃ​ក្រុមហ៊ុន​នៅ​ទីនោះ គឺមាន​ម្ចាស់​ជា​វិនិយោគិន​មកពី​ប្រទេស​ចិន​។

លោក​និយាយ​ថា​៖ «​បន្ថែម​លើ​ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ កត្តា​ច្បាប់​វិនិយោគ​ថ្មី​ដែល​មាន​លក្ខណៈ​អំណោយផល និង​ភាពសម្បូរ​នៃ​កម្លាំង​ពលកម្ម និង​ការទទួល​បាន​លក្ខខណ្ឌ​ពិសេស​នៅពេល​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ធំៗ​បាន​ធ្វើឱ្យ​ចំនួន​វិនិយោគិន​ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់​»​។

អ្វីដែល​ជា​ការ​កត់សម្គាល់​ថ្មី​មួយទៀត​របស់​លោក លឹម ហេង គឺ​ការ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​នៅពេល​នេះ គឺមាន​លក្ខណៈ​ចម្រុះ​លើ​គ្រប់​វិស័យ​។ ការវិនិយោគ​ដែល​មាន​លក្ខណៈ​ចម្រុះ​កំពុង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​។

ក្នុង​ឆ្នាំ ​២០២១​ កន្លងមក​ទឹកប្រាក់​នៃ​ការ​នាំចូល​-​នាំចេញ​ទំនិញ​របស់ SSEZ មាន​សរុប ២ ២៣៤ ​លាន​ដុល្លារ កើនឡើង ៤២,៧៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕