ភ្នំពេញៈ កម្ពុជា​-​មីយ៉ាន់ម៉ា បាននិង​កំពុង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយគ្នា​ឱ្យបាន​កាន់តែខ្លាំង តាមរយៈ​ការរៀបចំ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ២ ដើម្បី​អាចឈាន​ដល់​ការចុះហត្ថលេខា​នាពេល​ខាងមុខ​។

ព័ត៌មាន​នេះ​ត្រូវ​បាន​លើកឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស​នៃ​ប្រទេស​មីយ៉ាន់ម៉ា លោក Aung Naing Oo នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា​។

ជា​កិច្ច​ចាប់ផ្តើម លោក ប៉ាន សូរស័ក្តិ បាន​ស្វាគមន៍ និង​ថ្លែង​អំណរគុណ​ចំពោះ លោក Aung Naing Oo ដែល​បាន​ផ្តួចផ្តើម​រៀបចំ​កិច្ចពិភាក្សា​នេះ និង​បាន​គាំទ្រ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

បន្ថែម​លើ​នេះ​លោក សូរស័ក្តិ ក៏បាន​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​ស្នើឱ្យ​ភាគី​ទាំង​ ២ ​ត្រូវ​បង្កើន​ការផ្លាស់ប្តូរ​យោបល់​គ្នា​ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​លើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី សំដៅ​លើកកម្ពស់​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​»​។

ចំណែក​លោក Aung Naing Oo ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​ភាពជោគជ័យ​ក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ នាពេល​ថ្មីៗ​នេះ​។

ទន្ទឹមនឹងនេះ លោក​ក៏បាន​ជម្រាប​ភាគី​កម្ពុជា​អំពី​វឌ្ឍនភាព​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ​រវាង​កម្ពុជា​-​មីយ៉ាន់ម៉ា និង​ការចរចា​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា (The Double Taxation Avoidance Agreement) រវាង​ប្រទេស​ទាំង ២ ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មានបំណង​ពន្លឿន​បញ្ចប់​ការពិភាក្សា​លើ​កិច្ចព្រមព្រៀង​ទាំង​ ២ ​នេះ ដើម្បី​អាចឈាន​ដល់​ការចុះហត្ថលេខា​នាពេល​ខាងមុខ​»​។

ជា​កិច្ចបញ្ចប់ តំណាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង ២ ក៏បាន​ធ្វើការ​បញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក៏ដូចជា​ក្របខ័ណ្ឌ​តំបន់​អាស៊ាន​ផងដែរ​៕