ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ក្នុង​រយៈពេល ៤​ ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ២០៥ ​លាន​ដុល្លារ កើន​ជាង ៣៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី​ចាប់ពី​ខែមករា ដល់​ខែមេសា មាន​តម្លៃ​សរុប ២០៥,១៧ ​លាន​ដុល្លារ កើនឡើង​ពី​ចំនួន ១៥២,៩២ ​លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ស្មើនឹង​កំណើន ៣៤,៧ ​ភាគរយ​។

បើតាម​តារាង​ទិន្នន័យ​ខាងលើ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​មានតម្លៃ​ជាង ៣៥,១៦ ​លាន​ដុល្លារ ធ្លាក់ចុះ -១,៩​ ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មកវិញ មានតម្លៃ​ជាង ១៧០ ​លាន​ដុល្លារ កើនឡើង ៤៦ ​ភាគរយ​។ តាមរយៈ​តួលេខ​នេះ​បង្ហាញថា ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ -១៣៤,៨៤ ​លាន​ដុល្លារ​ធៀប​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាធម្មតា​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​នីមួយៗ បញ្ហា​ឱនភាព និង​ឧត្តមភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​តែងតែ​កើតមាន ដោយ​ប្រទេស​ខ្លះ​មាន​តម្រូវការ​ខ្ពស់​ចំពោះ​ផលិតផល​អ្វីមួយ​ដែល​ប្រទេសមួយ​ផ្សេងទៀត​ផលិត​បាន និង​ប្រទេស​ខ្លះ​ត្រូវការ​នាំចូល​ធនធាន​ធម្មជាតិ ឬ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​ ដើម្បី​មក​ផលិត​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​។

លោក​និយាយថា​៖ «​ចំពោះ​ជញ្ជីងពាណិជ្ជកម្ម​នេះ​យើង​ឃើញ​មាន​ឱន​ភាន​ភាពខ្លាំង ប៉ុន្តែ​វា​មិនមែន​មានន័យថា កម្ពុជា​នាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ទាំងអស់​នោះទេ ព្រោះ​ការនាំ​ចូល​មួយចំនួន គឺ​សម្រាប់​ជា​ធាតុ​ផ្សំ ឬ​ផ្នែក​គ្រឿង​ម៉ាស៊ីន សម្រាប់​បម្រើឱ្យ​ការផលិត​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​»​។​

ទោះ​បែបនេះ​ក្តី លោក​ក៏បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធកម្ម​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​បន្ថែម​ទៀត​ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​ងាក​ទៅ​ជំរុញ​ការនាំចេញ​ឱ្យ​បាន​កាន់តែច្រើន​ទៅ​ទីផ្សារ​ម៉ាឡេស៊ី និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​។

ប្រទេស​ម៉ាឡេស៊ី​តែង​ទិញ​ផលិតផល​កសិកម្ម​មួយចំនួន​ពី​កម្ពុជា​មានដូចជា អង្ករ ដូងប្រេង និង​ម្រេច ជាដើម​។ ក្រៅពីនោះ​ក៏មាន ក្រណាត់ និង​ផលិតផល​ឧស្សាហកម្ម​មួយចំនួន​ទៀត​។ ចំណែក​ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​មានដូចជា គ្រឿងបន្លាស់​រថយន្ត អាហារ និង​ភេសជ្ជៈ និង​ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន​។

ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី មាន​ទឹកប្រាក់​ជាង ៥០០ លាន​ដុល្លារ កើនឡើង ១៣,១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​មាន​តម្លៃ​ជាង ១០១ លាន​ដុល្លារ​កើន ២,៦២ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា​មានតម្លៃ​ជាង ៣៩៩ លាន​ដុល្លារ កើន ១៦,១៦ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)៕