ភ្នំពេញៈ កម្ពុជា-​មីយ៉ាន់ម៉ា បាននិង​កំពុង​ពន្លឿន​លើ​ការរៀបចំ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​ ២ ដើម្បី​ឈានដល់​ការចុះហត្ថលេខា​នាពេល​ខាងមុខនេះ ក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយគ្នា​ឱ្យ​កាន់តែ​ខ្លាំង​។

នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស​នៃ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​ ១៨ ឧសភា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើង​ថា កម្ពុជា​ពិតជា​អរគុណ​ដល់​មីយ៉ាន់ម៉ា ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ស្នើឱ្យ​ភាគី​ទាំង ​២ ​ត្រូវ​បង្កើន​ការផ្លាស់ប្តូរ​យោបល់​គ្នា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​លើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី សំដៅ​លើកកម្ពស់​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​»​។

ជាមួយ​គ្នានេះ លោក Aung Naing Oo រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស ប្រទេស​មីយ៉ាន់ម៉ា​បានឱ្យ​ដឹងថា ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ នាពេល​ថ្មីៗ​នេះ គឺ​បង្ហាញ​ពី​ភាពជោគជ័យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង និង​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​។

លោក​បាន​បន្ថែមថា ចំពោះ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ​រវាង​កម្ពុជា​-​មីយ៉ាន់ម៉ា និង​ការចរចា​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ ២ កំពុង​ត្រូវបាន​ពន្លឿន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មានបំណង​ពន្លឿន​បញ្ចប់​ការពិភាក្សា​លើ​កិច្ចព្រមព្រៀង​ទាំង​ ២ ​នេះ​ឱ្យបាន​ឆាប់ ដើម្បី​អាចឈាន​ដល់​ការចុះហត្ថលេខា​នាពេល​ខាងមុខ​»​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​សំខាន់​ទាំង​ ២ ​នេះ គឺជា​ការជួយ​សម្រួល​ពាណិជ្ជកម្ម​គ្នា​ទៅវិញ​ទៅមក ដែល​នឹង​អាច​ផ្តល់​ប្រយោជន៍​ច្រើន​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​ជួបប្រទះ​វិបត្តិ​កូវីដ​ ១៩ និង​វិបត្តិ​នយោបាយ​ជាដើម​។

លោក​បន្ថែម​ទៀតថា ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ (The Double Taxation Avoidance Agreement) ​នឹង​ជួយ​សម្រួល​បាន​ច្រើន​ដល់​អ្នកវិនិយោគ​លើ​ការបង់ពន្ធ ដែល​នេះ​ជា​ចំណុច​មួយ​យ៉ាងសំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិត​ទំហំ​ពាណិជ្ជកម្ម​រវាង​មីយ៉ាន់ម៉ា និង​កម្ពុជា​នៅមាន​កម្រិត​នៅឡើយ ប៉ុន្តែ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​មីយ៉ាន់ម៉ា​ឱ្យ​កាន់តែ​ធំ​។ ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា យើង​ និង​មីយ៉ាន់ម៉ា តែង​ជួយ​សម្រួល​ពាណិជ្ជកម្ម​គ្នា​ទៅវិញ​ទៅមក​។ ដូចនេះ បើ​មាន​កិច្ចព្រមព្រៀង​ទាំង​ ២ ពិសេស​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​នឹង​អាចជួយ​សម្រួល​ដល់​អ្នក​វិនិយោគ​ទាំង​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា​»​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា​នៅមាន​កម្រិត​តិច​នៅឡើយ ដោយនៅ​រយៈពេល ៣ ​ឆ្នាំ មុនពេល​មាន​វិបត្តិ​កូវីដ​ ១៩ ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​មាន​តម្លៃ​ប្រមាណ​ជិត ២០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​៕ LA