ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ទឹកប្រាក់​ប្រមាណ​ ១៧០​ លាន​ដុល្លារ​នា​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ កើន​ជាង​ ៤៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ខណៈ​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី ធ្លាក់ចុះ​ជិត ២ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមេសា ការនាំ​ទំនិញ​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា មាន​ទឹកប្រាក់​ជាង ១៧០ ​លាន​ដុល្លារ កើន ៤៦ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ និង​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​មាន​ជាង ៣៥,១៦ ​លាន​ដុ​ល្លារ ធ្លាក់ចុះ -១,៩​ ភាគរយ​។

តាមរយៈ​តួលេខ​នេះ គឺ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ២០៥,១៧ ​លាន​ដុល្លារ កើន​ពី​ចំនួន ១៥២,៩២ ​លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ស្មើនឹង​កំណើន ៣៤,៧ ​ភាគរយ​។

យោងតាម​ទិន្នន័យ​ខាងលើ ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ -១៣៤,៨៤ ​លាន​ដុល្លារ​ធៀប​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាធម្មតា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​នីមួយៗ បញ្ហា​ឱនភាព និង​ឧត្តមភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​តែងតែ​កើតមាន ដោយ​ប្រទេស​ខ្លះ​មាន​តម្រូវការ​ខ្ពស់​ចំពោះ​ផលិតផល​អ្វីមួយ​ដែល​ប្រទេស​ ១​ ផ្សេងទៀត​ផលិត​បាន និង​ប្រទេស​ខ្លះ​ត្រូវការ​នាំចូល​ធនធាន​ធម្មជាតិ ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច​ ដើម្បី​យកមក​ផលិត​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​។

លោក​និយាយថា​៖ «​ចំពោះ​ជញ្ជីងពាណិជ្ជកម្ម​នេះ​យើង​មាន​ឱនភាព​ខ្លាំង ប៉ុន្តែ​វា​មិនមែន​មានន័យថា កម្ពុជា​នាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ទាំងអស់​នោះទេ ព្រោះ​ការនាំ​ចូល​មួយចំនួន គឺ​សម្រាប់​ជា​ធាតុ​ផ្សំ ឬ​ផ្នែក​គ្រឿង​ម៉ាស៊ីន​បម្រើឱ្យ​ការផលិត​ ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​»​។

ទោះ​បែបនេះ​ក្តី លោក​ក៏បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិពិធកម្ម​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​បន្ថែមទៀត​ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​ងាក​ទៅ​ជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​ទៅ​ទីផ្សារ​ម៉ាឡេស៊ី និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​។

កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅក្នុង​ជំនួប​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​លោក Mohamed Azmin Ali រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី ភាគី​ទាំង ២ បាន​សន្យា​នឹង​ខិតខំ​បន្ត​ជំរុញ​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ព្រមទាំង​បាន​ប្តេជ្ញា​បន្ត​រក្សា​ទីផ្សារ​បើកចំហ និង​សម្រួល​ការវិនិយោគ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត​។

នៅក្នុង​ឱកាស​នោះ លោក សូរស័ក្តិ ក៏បាន​លើកឡើង​ពី​តួនាទី​ដ៏សំខាន់​របស់​វិស័យ​ឯកជន​ក្នុង​ការ​រួមចំណែក​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដោយ​ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ច្បាប់​សំខាន់ៗ​ជា​បន្តបន្ទាប់ ដែលមាន​ដូចជា ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋឯកជន ច្បាប់​ស្តីពី​វិនិយោគ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ជាដើម ដើម្បី​គាំទ្រ និង​សម្រួល​ដល់​វិស័យ​ឯកជន​។

បន្ថែម​ពីលើ​នោះ លោក សូរស័ក្តិ ក៏បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ម៉ាឡេស៊ី​បន្ត​ជំរុញ និង​បង្កើន​វិនិយោគិន​របស់ខ្លួន​ចូលមក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ព្រមទាំង​បង្កើន​ការនាំចូល​កសិផល​សក្តានុពល​ពី​កម្ពុជា ជាពិសេស​អង្ករ​កម្ពុជា ក៏ដូចជា​ផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស​ផលិតកម្ម​ម្ហូបអាហារ​ហាឡាល់ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។

ជាការ​ឆ្លើយតប​លោក Mohamed Azmin Ali បាន​និយាយថា លោក​នឹង​ជួយ​ជំរុញ​វិនិយោគិន​ម៉ាឡេស៊ី​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន ព្រមទាំង​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការបង្កើត​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ដ៏ល្អ​នាពេលនេះ​ផងដែរ​។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ម៉ាឡេស៊ី​មានដូចជា អង្ករ​, ដូងប្រេង​, ម្រេច​, ក្រណាត់ និង​ផលិតផល​ឧស្សាហកម្ម ជាដើម​។ ចំណែក​ទំនិញ​កម្ពុជា​នាំចូល​ពី​ម៉ាឡេស៊ី មាន គ្រឿងបន្លាស់​រថយន្ត អាហារ និង​ភេសជ្ជៈ និង​ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន​។

ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី​មាន​ទឹកប្រាក់​ជាង ៥០០ ​លាន​ដុល្លារ កើន ១៣,១៤ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​មាន​ជាង ១០១ ​លាន​ដុល្លារ កើន ២,៦២ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មាន​ជាង ៣៩៩ ​លាន​ដុល្លារ​កើនឡើង ​១៦,១៦ ភាគរយ​។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕ LA