សៀម អ៊ាងម៉េង មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ចាម កំពុង​បង្ហាញ​ថា​ស្ត្រី​ក៏​អាច​រីក​ចម្រើន​ក្នុង​មុខរបរ​កសិកម្ម​បាន​ដូច​នឹង​បុរស​ដែរ។ ក្នុង​នាម​ជា​ស្ត្រី​វ័យក្មេង​ដែល​មាន​បទពិសោធ​តិចតួច បងស្រី បាន​ប្រថុយ​ជាមួយ​នឹង​ការ​ដាំ​ដំឡូងមី រួម​ជាមួយ​ស្វាមី រហូត​អាច​ប្រែ​ក្លាយ​ជំនួញ​នេះ​ទៅ​ជា​អាជីវកម្ម​ដ៏​ជោគជ័យ​មួយ និង​ក្លាយ​ជា​អ្នក​ប្រមូល​ទិញ​ដំឡូងមី​ដ៏​សំខាន់​នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ។ បងស្រី​ក៏​បាន​ចែក​រំលែក​រឿងរ៉ាវ​ជោគជ័យ​របស់​គាត់​ដូច​ខាង​ក្រោម៖

សូម​បងស្រី​រៀបរាប់​ត្រួសៗ​ពី​អាជីវកម្ម​របស់​បង​ដោយ​សង្ខេប

កាល​នោះ ខ្ញុំ​មិន​ទាន់​មាន​ចំណេះដឹង​ច្រើន​អំពី​កសិកម្ម​ប៉ុន្មាន​ទេ។ ប៉ុន្តែ​បន្ទាប់ពី​រៀបការ​ជាមួយ​ប្តី​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​២០០០ ខ្ញុំ​បាន​ចាប់​ផ្តើម និង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ប្រថុយប្រថាន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែល​មាន​ការ​គាំទ្រ/ជំនួយ​ពី​ប្តី​របស់​ខ្ញុំ។

ជាមួយ​នឹង​ដើម​ទុន​តិចតួច គួបផ្សំ​ជាមួយ​នឹង​កម្ចី​កសិកម្ម​ដែល​ខ្ញុំ​ទទួល​បាន​ពី អម្រឹត ខ្ញុំបាន​ដាំដុះ​ដំឡូងមី​ដំបូង​លើ​ផ្ទៃដី​ចំនួន ៥ហិកតា។ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ចម្ការ​ដំឡូងមី​នេះ ខ្ញុំ​បាន​រិះរក​វិធី​ថ្មី​មួយ​ផ្សេង​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​ដែល​មាន​ស្រាប់​របស់​ខ្ញុំ ដោយ​ប្រមូល​ទិញ​ដំឡូង​មី​ពី​កសិករ​ជិត​ខាង ដើម្បី​ពង្រីក​ការ​នាំ​ចេញ​របស់​ខ្ញុំ។

ខ្ញុំ​ប្រមូល​ទិញ​ក្នុង​តម្លៃ​មួយ​ដែល​អាច​ឱ្យ​ខ្ញុំ​ចំណេញ​ពី​ការ​លក់​បាន​ខ្លះ តាម​រយៈ​ការ​លក់ទៅ​ឱ្យ​ឈ្មួញ​វៀតណាម។ ជាធម្មតា ដំឡូងមី​ស្រស់​មាន​តម្លៃ​ជា​មធ្យម​ប្រហែល ៤០០ រៀល [០,១ដុល្លារ] ក្នុង ១​គីឡូក្រាម ហើយ​ក្នុង​រដូវ​ប្រមូល​ផល​ទៀត​សោត ខ្ញុំ​អាច​នាំ​ចេញ​ដំឡូងមី​ពី​ ១០ ​ទៅ​ ១៥ ឡាន​​ក្នុង​ ១ថ្ងៃ ដែល​ក្នុង​ ១​ឡាន មាន​ដំឡូងមី​ប្រហែល​ ២០​តោន។

តើ​ឈ្មួញ​កណ្តាល​ត្រូវ​ធ្វើអ្វី​ខ្លះ ហើយ​តើ​បង​ស្រី​កំណត់​ទីផ្សារ​ដោយ​របៀប​ណា?

ក្នុង​នាម​ជា​ឈ្មួញ​កណ្តាល​ម្នាក់ ខ្ញុំ​ត្រូវ​ដើរ​ប្រមូល​ទិញ​ដំឡូង​មី​ពី​កសិករ​ដទៃ​ក្នុង​បរិមាណ​ច្រើន ហើយ​ស្តុក​វា​ជាមួយ​នឹង​ដំឡូង​មី​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ នៅ​ពេល​ដែល​យើង​ទទួល​បាន​បរិមាណ​ដំឡូង​មី​គ្រប់គ្រាន់ ប្តី​របស់​ខ្ញុំ​នឹង​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ។

វា​គឺជា​ការ​អនុវត្ត និង​ជា​អាទិភាព​ជា​ប្រចាំ​ថ្ងៃ​របស់​យើង​ក្នុង​ការ​នាំ​ចេញ​នូវ​ដំឡូងមី​ស្រស់។ ការ​ស្វែងរក​ទីផ្សារ​មិនមែន​ជា​កង្វល់​ធំ​នោះ​ទេ ដរាប​ណា​តម្រូវការ​ដំឡូងមី​នៅ​តែ​មាន​ការ​កើនឡើង ហើយ​ដោយសារ​តែ​ខេត្ត​របស់​យើង​ស្ថិត​នៅ​ជិត​ព្រំដែន​វៀតណាម​ស្រាប់​នោះ វា​ពិត​ជា​មាន​ភាព​ងាយស្រួល​មួយ​សម្រាប់​យើង​ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ។

តើ​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​បងស្រី​ជួប​ប្រទះ ហើយ​តើ​ដោះស្រាយ​វា​ដោយ​របៀប​ណា?

សត្វល្អិត និង​ដង្កូវ​គឺជា​កង្វល់​មួយ​ដែល​កសិករ​តែងតែ​ជួប​ប្រទះ តែ​មិនមែន​មាន​ន័យ​ថា​យើង​គ្មាន​ដំណោះស្រាយ​ចំពោះ​វា​នោះ​ទេ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន កសិករ​គ្រប់រូប​ត្រូវ​យល់​ដឹង​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ដំណើរការ​នៃ​ការ​ដាំដុះ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​​នេះ​បាន​ទាន់​ពេលវេលា។ ថ្នាំ​សម្លាប់​សត្វល្អិត​គឺជា​ដំណោះ​ស្រាយ​មួយ ប៉ុន្តែ​គួរ​ប្រើ​ក្នុង​កម្រិត​មធ្យម​ដែល​មិន​ធ្វើ​ឱ្យ​ខូច​ដំណាំ និង​ដី​ដាំដុះ។

តើ​បងស្រី​អាច​ចាត់​ទុក​ខ្លួន​ឯង​ជា​ឈ្មួញ​ប្រមូល​ទិញ​ដំឡូងមី​ជោគជ័យ​ដែរ​ឬ​ទេ?

ក្នុង​ដំណាក់​កាល​នេះ ខ្ញុំ​នៅ​មិនទាន់​អាច​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ឈ្មួញ​ដ៏​ជោគជ័យ​នោះ​ទេ ព្រោះខ្ញុំ​ត្រូវ​ការ​ពេលវេលា ចំណេះដឹង ក៏​ដូចជា​បទពិសោធ​បន្ថែម​ទៀត​ពី​កសិកម្ម​ប្រភេទ​នេះ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​សួរ​ថា​​តើ​ខ្ញុំ​ពេញចិត្ត​នឹង​សមិទ្ធផល​អាជីវកម្ម​បច្ចុប្បន្ន​របស់​ខ្ញុំ​ឬ​ទេ ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​មុន ហើយ​ថែម​ទាំង​អាច​ចូលរួម​ចំណែក​ជួយ​សង្គម​ក្នុង​មធ្យោបាយ​ផ្សេងៗ​ទៀត​ផង។ បន្ថែម​ពី​លើ​ការ​ផ្តល់​ការ​អប់រំ​សម្រាប់​កូនៗ​របស់​ខ្ញុំ ខ្ញុំ​ក៏​អាច​ផ្តល់​ការងារ​ក្រៅ​ម៉ោង​ដល់​ប្រជាជន​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ផងដែរ។

តើ​គោលដៅ​អនាគត​របស់​បងស្រី​គឺ​ជា​អ្វី?

ខ្ញុំ​នៅ​មិន​ទាន់​កំណត់​គោលដៅ​រយៈពេលវែង​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​ផែនការ​របស់​ខ្ញុំ​នៅ​ពេល​នេះ គឺ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ ដែល​អាច​ឱ្យ​ខ្ញុំ​ក្លាយ​ជា​ឈ្មួញ​ដំឡូងមី​ដ៏​ធំ​នៅ​ក្នុង​ខេត្ត​របស់​ខ្ញុំ ហើយ​ក៏​អាច​នាំចេញ​ដំឡូងមី​ទៅ​កាន់​ប្រទេស​ជាច្រើន​បន្ថែម​ទៀត។

តើ​បងស្រី​មាន​យោបល់​អ្វី​ខ្លះ​ចំពោះ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​ក្នុង​វិស័យ​ជំនួញ​នេះ?

ដំបូង ពួកគេ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​មួយ ដូច​ដែល​ដឹង​ហើយ​ថា​អាជីវកម្ម​នីមួយៗ​តែងតែ​មាន​ឧបសគ្គ ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​ទទួល​យក​នូវ​ហានិភ័យ និង​ត្រៀម​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ជានិច្ច។ ពួកគេ​ត្រូវ​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ហិរញ្ញវត្ថុ​ដែល​បាន​កើត​ឡើង​ដោយ​មិន​បាន​ត្រៀម​ទុក​ជាមុន ក្នុង​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ៕