ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ (MoU) ជាមួយ​ធនាគារ​ក្នុងស្រុក​ចំនួន ២ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការបង់​កម្រៃ​សេវា​សាធារណៈ​ក្នុង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ Port EDI​។

កាលពី​ថ្ងៃទី ​២០ ខែឧសភា ឆ្នាំ​ ២០២២ នាយកដ្ឋាន​នាវា​ជំនួញ​សមុទ្រ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ធនាគារ​អេស៊ីលីដា និង ABA បន្ថែម​លើ​ដៃគូ​ដែលមាន​ស្រាប់ គឺ​ធនាគារ​វីង ក្នុង​គោលបំណង​សម្រួលការ​បង់​សេវាសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ និង​មាន​ជម្រើស​កាន់តែ​សម្បូរបែប​។

លោក ម៉ក់ ស៊ីដេត អគ្គនាយក​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ថា ការពង្រីក​ដៃគូ​សហការ​លើ​ការងារ​បង់ក​ម្រៃ​សេវាសាធារណៈ​នេះ ជា​ការ​បើក​ឱកាស​បន្ថែម​រវាង​វិស័យ​សាធារណៈ​ជាមួយនឹង​វិស័យ​ឯកជន​ បន្ទាប់ពី​កម្រៃ​សេវាសាធារណៈ​ចំពោះ​ការស្នើសុំ​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល​តាម​កំពង់ផែ​របស់​កម្ពុជា​ក្នុង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​អំឡុង​ឆ្នាំ​ ២០១៩ កន្លងទៅ​។

លោក​បញ្ជាក់ថា​៖ «​យើង​ពង្រីក​ការសហការ​ជាមួយ​ធនាគារ​បន្ថែម​នេះ ដើម្បី​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​ដល់​ក្រុមហ៊ុន​ឯកជន​ផ្នែក​នាវា​ទាំងអស់​។ តម្លៃ​សេវា​សម្រាប់​នាវា​មួយគ្រឿង ត្រូវ​បង់ ១០០ ​ដុល្លារ​នៅ​ដដែល​នៅ​គ្រប់​កំពង់ផែ​ទាំងអស់​ដោយ​ក្នុង​ ១​ ខែ​មាន​នាវា​ពី ២០០-៣០០ ​គ្រឿង​ដែល​បង់ក​ម្រៃ​សេវាសាធារណៈ Port EDI នេះ​។ ចំពោះ​តម្លៃ​នេះ គឺ​មិនមាន​ការ​បែងចែក​តាម​ទំហំ​នាវា​នោះទេ ដោយ​គ្រប់​នាវា​ទាំងអស់​ត្រូវ​បង់​ក្នុងតម្លៃ​នេះ​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន​និយាយថា ការជ្រើសរើស​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​បង់​សេវា​សាធារណៈ ឬ​ការទូទាត់​វិក្កយបត្រ​ផ្សេងៗ​តែងតែ​មាន​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​។

លោក​បញ្ជាក់ថា​៖ «​ពិតណាស់​យើង​គាំទ្រ និង​ចង់ឱ្យ​មាន​ជម្រើស​ធនាគារ ឬ​ជម្រើស​បង់ប្រាក់​កាន់តែច្រើន ដើម្បី​អាច​សម្រួល​ដល់​វិស័យ​ឯកជន​លើ​ការងារ​កម្រៃ​សេវាសាធារណៈ Port EDI​។ មិន​ត្រឹមតែ Port EDI ផ្នែក​ដឹកជញ្ជូន និង​ភ័ស្តុភារ ក៏​ងាក​មក​ប្រើ​សេវា និង​ការផ្ញើ​ឯកសារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​វិញ​ដែរ ដែល​ធ្វើ​យើង​ចំណេញ​ពេលវេលា និង​ទទួល​បាន​ការឆ្លើយតប​ឆាប់រហ័ស​ជាង​មុន​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​ប្រាប់ថា ការពង្រីក​ដៃគូ​សហការ​របស់​ក្រសួង​សាធារណការ​លើក​បង់​សេវា Port EDI នេះ នឹង​ផ្តល់​ផល​ល្អ​សម្រាប់​ក្រុមហ៊ុន​ឯកជន តាមរយៈ​ការ​ចំណេញ​ពេលវេលា និង​មាន​សុវត្ថិភាព​។

លោក​និយាយថា​៖ «​វិស័យ​សាធារណៈ​នាពេល​បច្ចុប្បន្ន​បាន​ធ្វើ​ការងារ​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​លើ​ប្រព័ន្ធ​ឌីជីថល​ដូចជា​ការចុះបញ្ជី និង​ការស្នើសុំ​លិខិត​នានា ក៏ដូចជា​ការទូទាត់​ប្រាក់​ជាដើម​។ បច្ចុប្បន្ន​នៅ​បណ្តា​ប្រទេស​មួយចំនួន គេ​បាន​ងាក​មកប្រើប្រាស់​ការទូទាត់​តាម​ឌីជីថល​ហើយ ដោយសារ​វា​បានផ្តល់​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ហានិភ័យ​ទាប​»​។

ប្រព័ន្ធ Port EDI គឺជា​ការធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ការត្រួត​ពិនិត្យ​នាវាចរណ៍​ចេញ​-​ចូល​នៅ​កម្ពុជា ដោយ​ប្តូរ​ពី​ការធ្វើ​ដោយ​ដៃ មក​ធ្វើការ​លើ​ប្រព័ន្ធ​អនឡាញ​វិញ​។ នៅពេល​ប្រព័ន្ធ Port EDI នេះ​ដំណើរការ​វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​បែបបទ​ឱ្យ​ងាយស្រួល​ជាង​មុន ចំណេញ​ពេលវេលា មាន​ប្រសិទ្ធភាព និង​តម្លាភាព​ផងដែរ​។

រដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណការ បាននិង​កំពុង​ជំរុញ​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅតាម​កំពង់ផែ​គោលដៅ ដោយ​បាន​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ​ (Port EDI) ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​នេះ​កាន់តែ​មាន​ភាពល្អប្រសើរ​មាន​ភាពងាយស្រួល និង​ស្របតាម​ច្បាប់​៕ LA