ភ្នំពេញៈ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​(PPSEZ) ជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​រាយការណ៍​ប្រាក់ចំណូល​សរុប​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២​។

លោក គិត ម៉េង ប្រធាន​មិនមែន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PPSEZ បានឱ្យដឹង​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី ២០ ខែឧសភា​ថា ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ ២០២២ ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន ១៨ ០៥៦ ៧៦៣ ០០០ ​រៀល (​ឬ​ជាង ៤, ៤៤៦ ​លាន​ដុល្លារ​) កើនឡើង ១៥២,៨៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែលមាន ៧ ១៤០ ៥៩៤ ០០០​ រៀល (​ឬ ១ ៧៥៨ ​លាន​ដុល្លារ​) កាលពី​ត្រីមាស​ទី​ ១ ឆ្នាំមុន​។ ជា​លទ្ធផល ក្រុមហ៊ុន​នេះ បាន​រាយការណ៍​ការខាតបង់​សុទ្ធ​ចំនួន ២ ៧៥៧ ០០៩ ០០០ (​ឬ ៦៧ ៨៦១​ ដុល្លារ​អាមេរិក​)​ធៀប​នឹង​ការខាតបង់​សុទ្ធ​ចំនួន ៣ ៧២៧ ០៤៨ ០០០​ រៀល (​ឬ ៩១៧ ១៣៥ ​ដុល្លារ​) កាលពី​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំ​ ២០២១​។

ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មួយ​នេះ​នៅតែ​រឹងមាំ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប ៤២៧ ៣៦៦ ០៥២ ០០០​ រៀល (​ឬ​ជាង ១០៥ ​លាន​ដុល្លារ​) ដែល​រួមមាន​ទ្រព្យសកម្ម​មិនមែន​បច្ចុប្បន្ន​ចំនួន ១៧០ ៨៥៨ ៧៦៣ ០០០ រៀល (​ជាង ៤២ ​លាន​ដុល្លារ​) និង​ទ្រព្យសកម្ម​បច្ចុប្បន្ន​ចំនួន ២៥៦ ៥០៧ ២៨៩ ០០០ រៀល​ (​ជាង ៦៣ ​លាន​ដុល្លារ​) ខណៈ​ដែល​ភាគហ៊ុន​សរុប​មាន​ចំនួន ២៤២ ១៦២ ៣៦៣ ០០០ រៀល (​ជាង ៥៩,៥៧៤ ​លាន​ដុល្លារ​) ធ្លាក់ចុះ ២,៣៦ ភាគរយ​ធៀប​នឹង ២៤៨ ០០២ ៩៧៤ ០០០ រៀល (​ឬ​ជាង ៦១ ​លាន​ដុល្លារ​) ​កាលពី​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​លោក គិត ម៉េង​។

ក្រុមហ៊ុន PPSEZ បានឱ្យ​ដឹងថា​៖ «​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​ទទួល​បាន​ប្រាក់ចំណេញ ខណៈ​ប្រាក់ចំណូល​ដីធ្លី និង​ចំណូល​ពី​ការជួល​មាន​ចំនួន ២ ៥២៨ ៤៣៩ ០០០ ​រៀល (​ឬ​ប្រហែល ៦២១ ៩៨២ ​ដុល្លារ​) ធៀប​នឹង ២ ១២៦ ៦១០ ០០០ រៀល (​ឬ​ជាង ៥២៣ ០៨៧ ​ដុល្លារ​) កាលពី​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២២»​។

ក្រុមហ៊ុន​បន្តថា​៖ «​ប្រាក់ចំណូល​ពី​ការជួល​ត្រូវបាន​គណនា​លើ​មូលដ្ឋាន​បន្ទាត់​ត្រង់​ក្នុង​រយៈពេល​ជួល​នៃ​ការជួល​បន្ត​។ ការចំណាយ​សរុប​នៃ​ការលើក​ទឹកចិត្ត​ដែល​ផ្តល់ទៅឱ្យ​អ្នក​ជួល​ត្រូវបាន​ទទួល​ស្គាល់ថា គឺជា​ការ​កាត់បន្ថយ​ប្រាក់ចំណូល​ពី​ការជួល​ក្នុង​រយៈពេល​ជួល​ដោយ​ផ្អែកលើ​បន្ទាត់ត្រង់​»​។ «​យើង​ចាប់ផ្តើម​ទទួល​ស្គាល់​ប្រាក់ចំណូល​ពី​អាជីវកម្ម​សំណង់​។ ដោយសារ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​យើង យើង​មាន​គោលបំណង​ពង្រីក​សេវាកម្ម​សំណង់​របស់​យើង ដើម្បី​បម្រើ​អ្នក​ជួល​របស់​យើង និង​អតិថិជន​ខាងក្រៅ​ផងដែរ​»​។

ក្រុម​អ្នកសង្កេតការណ៍​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ក្រុមហ៊ុន​មួយ​នេះ បន្ទាប់ពី​ក្រុមហ៊ុន Inter Logistics (Cambodia) Co Ltd ដែលជា​សមាជិក​របស់​ក្រុមហ៊ុន Royal Group of Companies Ltd កាលពី​ថ្ងៃទី​ ២១ ខែធ្នូ បានប្រកាសថា​ខ្លួន​បាន​ទិញ​ភាគហ៊ុន ៤៥,០៩ ​ភាគរយ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PPSP សរុប​ ដើម្បី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ឈានមុខ​គេ​របស់​ប្រតិបត្តិ​ករ​តំបន់​ឧស្សាហកម្ម​មួយ​នេះ​។ សេចក្តី​ប្រកាស​នេះ​បាន​បណ្ដាល​ឱ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PPSP កើនឡើង ៤,៥ ​ភាគរយ​។

ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា ក្រុមហ៊ុន PPSEZ បាន​រាយការណ៍​ប្រាក់​ចំណូល​សរុប​ ១១៧,៧៦៧​ ពាន់​លាន​រៀល ​(២៩​ លាន​ដុល្លារ​) កើនឡើង ៧៤,៥៣ ​ភាគរយ និង​ប្រាក់ចំណូល​សុទ្ធ ៧,៧៩៧ ​ពាន់​លាន​រៀល​សម្រាប់​ឆ្នាំ​ ២០២១ និង ៨០,៦៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ទ្រព្យសកម្ម​សរុប​មាន​ចំនួន ៤២៦,២៣៤ ​ពាន់​លាន​រៀល និង​មូលធន​សរុប ២៤៨ ០០៣ ពាន់​លាន​រៀល កើន ១០,៩៨ ភាគរយ និង ២,០៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន PPSEZ មាន​អ្នក​ជួល​មកពី​ប្រទេស​ជប៉ុន ចិន សិង្ហបុរី អាមេរិក ម៉ាឡេស៊ី ហូឡង់ និង​អូស្ត្រាលី ដែល​តំណាង​ឱ្យ​ឧស្សាហកម្ម​ជាច្រើន​រួមមាន គ្រឿងបន្លាស់​រថយន្ត សម្លៀកបំពាក់ អាហារ និង​ភេសជ្ជៈ ផលិតផល​ប្លាស្ទិក ផលិតផល​អេឡិចត្រូនិក និង​គ្រឿងអលង្ការ​៕ LA