ទីក្រុងវ៉ាស៊ីនតោនៈ ប្រធាន​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ទារក Abbott បាន​សុំទោស​កាលពី​ថ្ងៃ​សៅរ៍​ទៅដល់​គ្រួសារ​អាមេរិក​ដែល​រង​ផលប៉ះពាល់​ ដោយសារ​តែ​កង្វះ​ការផ្គត់ផ្គង់​ចាំបាច់​របស់ខ្លួន​។

លោក Robert Ford អគ្គនាយក​ក្រុមហ៊ុន Abbott បាន​សរសេរ​អត្ថបទ​មួយ​លើ​ទំព័រ​កាសែត The Washington Post ថា៖ «​យើង​មានការ​សោកស្តាយ​ចំពោះ​គ្រប់​គ្រួសារ​ទាំងអស់ ដែល​យើង​មិនបាន​ធ្វើការ​ជិតស្និទ្ធ​តាំងពី​មានការ​ប្រមូល​យកមក​វិញ​ដោយ​ស្ម័គ្រចិត្ត ដែល​ធ្វើឱ្យមាន​កង្វះ​ម្សៅ​ទឹកដោះ​គោ​ទារក​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​យើង​»​។

កង្វះ​ការផ្គត់ផ្គង់​ដំបូង​បាន​បណ្តាល​មកពី​ការជាប់គាំង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​កង្វះ​កម្មករ​ ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ខណៈ​ការខ្វះខាត​នេះ​កាន់តែ​ធ្ងន់ធ្ងរ​កាលពី​ខែកុម្ភៈ បន្ទាប់ពី​ការស្លាប់​ទារក​ ២​ នាក់ ហើយ​ក្រុមហ៊ុន Abbott បានប្រកាស​ «​ប្រមូលយក​មកវិញ​ដោយ​ស្ម័គ្រចិត្ត​» ​ម្សៅ​ទឹកដោះគោ​ទារក ដែល​ផលិត​នៅ​រោងចក្រ​ក្នុង​រដ្ឋ Michigan និង​បាន​បិទ​ទីតាំង​នោះ​តែម្តង​។

លោក Ford បាន​សរសេរ​​ថា​៖ «​នេះ​គឺជា​សោកនាដកម្ម និង​ឈឺចាប់​បំផុត ហើយ​វា​កំពុង​បំផ្លាញ​គំនិត​របស់ខ្ញុំ និង​មិត្ត​រួម​ការងារ​របស់ខ្ញុំ​»​។

លោក​បន្ថែមថា ក្រុមហ៊ុន Abbott នឹង​បង្កើត​មូលនិធិ​ដែលមាន​ប្រាក់ ៥ ​លាន​ដុល្លារ​សម្រាប់​គ្រួសារ​កុមារ​ដែល​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ បន្ទាប់ពី​ផឹក​ម្សៅ​ទឹកដោះគោ​ដែល​បាន​ប្រមូលយក​មកវិញ​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​កំពុង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ ដើម្បី​កាត់បន្ថយ​ការខ្វះខាត​ដូចជា​ការ​បំប្លែង​ខ្សែចង្វាក់​ផលិតកម្ម​សម្រាប់​ទំនិញ​មនុស្ស​ពេញវ័យ​នៅ​រោងចក្រ​របស់ខ្លួន​នៅ​ទីក្រុង Columbus រដ្ឋ Ohio ដើម្បី​ «​ផ្តល់​អាទិភាព​» ផលិត​ម្សៅ​ទឹកដោះគោ​នេះ​។

ក្រុមហ៊ុន​ក៏​កំពុង​នាំចូល​ម្សៅ​ទឹកដោះគោ​ពី​រោងចក្រ​ខ្លួន​នៅ​ប្រទេស​អៀរឡង់​ផងដែរ​។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ក្រុមហ៊ុន Abbott ដើម្បី​បន្ត​ការផលិត​ឡើងវិញ​នៅ​រោងចក្រ​រដ្ឋ Michigan របស់ខ្លួន​។ កិច្ចព្រមព្រៀង​នេះ​ត្រូវអនុម័ត​ដោយ​ចៅក្រម ហើយ​រោងចក្រ​នេះ​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​ក្នុង​រយៈពេល ​២ ​សប្តាហ៍​។

លោក Ford បាន​សន្យា​ថា​៖ «​ត្រឹម​ដំណាច់​ខែមិថុនា យើង​នឹង​ផ្គត់ផ្គង់​ម្សៅ​ទឹកដោះគោ​ទារក​ដល់​ប្រជាជន​អាមេរិក​ច្រើនជាង​ចំនួន​ដែល​យើង​ផ្ដល់​កាលពី​ខែមករា មុនពេល​ការប្រមូល​យក​មកវិញ​»​។

ក្រុមហ៊ុន​បន្តថា​៖ «​យើង​កំពុង​ធ្វើការ​វិនិយោគ​យ៉ាងសំខាន់​ ដើម្បី​ធានាថា រឿងនេះ​នឹងមិន​កើតឡើង​ទៀត​នោះទេ​»​។

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​អនុញ្ញាត​ឱ្យមាន​លក្ខ​ខណ្ឌ​តម្រូវ​មួយចំនួន​នៅក្នុង​កម្មវិធី​ជំនួយ​ស្បៀងអាហារ​របស់​សហព័ន្ធ​ត្រូវបាន​លើកលែង ​«​ដូច្នេះ​មនុស្ស​ជាច្រើន​អាច​មាន​លទ្ធភាព​ទទួល​បាន​ម្សៅ​ទឹកដោះគោ​ទារក​កាន់តែ​ងាយស្រួល តាម​ដែល​ពួកគេ​ត្រូវការ​»​។

សេតវិមាន​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ដឹកជញ្ជូន​ម្សៅ​ទឹកដោះគោ​ទារក​តាម​យន្តហោះ​ពាណិជ្ជកម្ម​ដែល​ចុះកិច្ចសន្យា​ដោយ​យោធា​។ លោក បៃដិន ក៏បាន​សំអាង​លើ​ច្បាប់​ការពារ​ផលិតកម្ម​ ដើម្បី​ផ្តល់ឱ្យ​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ទារក​ជា​អាទិភាព​ទី​ ១ ​ក្នុងការ​ផ្គត់ផ្គង់​៕LA