ទីក្រុងដាវ៉ូសៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ឱ្យមាន​ភាព​ចាំបាច់​នៃ​ការលុបបំបាត់ និង​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម តាមរយៈ​យន្ដការ​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ក្នុង​ប្រទេស តំបន់ និង​ពិភពលោក ដែល​ជា​មធ្យោបាយ​ដ៏សំខាន់ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស​។

លោក ប៉ាន សូរស័ក្តិ ក្នុង​កិច្ចពិភាក្សា​ក្រោម​ប្រធានបទ​ «​ការដោះស្រាយ​បញ្ហា​របាំង​ពាណិជ្ជកម្ម​ ដើម្បី​ការ​ងើបឡើងវិញ​» ​ដែល​បាន​រៀបចំ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ដាវ៉ូស-​ក្លូស្ទ័រ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី​ ២៣ ខែឧសភា បាន​បញ្ជាក់ថា ការបើកចំហ​ទីផ្សារ​សម្រាប់​ពាណិជ្ជកម្ម និង​ផែនការ​សកម្មភាព​ដែល​ផ្ដោតលើ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការតភ្ជាប់​សេដ្ឋកិច្ច និង​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក គឺមាន​ភាពចាំបាច់ និង​ជា​ផ្នែក​នៃ​អាទិភាព​អាស៊ាន នៅក្នុង​អំឡុង​ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ២០២២ ស្របតាម​មូលបទ​ «​អាស៊ាន​រួមគ្នា​ធ្វើ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​»(ASEAN: Addressing Challen-ges Together)​។

ជាមួយ​គ្នានេះ​លោក​ក៏បាន​លើកឡើង​អំពី​សកម្មភាព​របស់​កម្ពុជា​ក្នុងការ​សម្រួល​ពាណិជ្ជកម្ម ដូចជា ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតី​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២២, វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន​, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (National Single Window) និង​កំណែទម្រង់​មួយចំនួន ដែល​ជួយ​ព​ន្លឿ​ន​ដល់​ការបញ្ចេញ​ទំ​-​និ​ញ​តាម​ព្រំដែន​សម្រាប់​ទំនិញ​ទូទៅ ក៏ដូចជា​ទំនិញ និង​សម្ភារ​ពេទ្យ​សំខាន់ៗ ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​កម្ពុជា​នៅតែ​បន្ដ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទាំងនេះ និង​បានលើកឡើង​អំពី​គម្រោង SeT4SME ជាមួយ Global Alliance ដើម្បី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ដើម្បី​បង្កើត Electronic Advance Data ដ៏​ពេញលេញ​មួយ​តាមរយៈ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ប្រព័ន្ធ ASYCUDA និង​ប្រព័ន្ធ​ប្រកាស​ពន្ធគយ​នៃ​ប្រៃសណីយ៍​កម្ពុជា​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មាន​ការចាប់អារម្មណ៍​ទៅលើ​បញ្ហា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ពាក់ព័ន្ធ​នឹង​អនុលោមភាព​នៃ​ឯកសារ​តម្រូវ​សម្រាប់​ការនាំចេញ ដូចជា «proof of non-manipulation» ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម ដែល​ឯកសារ​តម្រូវ​ទាំងនេះ​ធ្វើឱ្យ​ការចំណាយ​កើនឡើង​សម្រាប់​អ្នក​នាំចេញ​ទំនិញ ដូច្នេះ​ឯកសារ​តម្រូវ​ទាំងនេះ​គួរ​ត្រូវបាន​លុបចោល និង​ជំនួស​វិញ​ដោយ​ការបញ្ជាក់​ប្រភពដើម​ដោយ​ខ្លួនឯង​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា ការបើក​របាំង​ពាណិជ្ជកម្ម​ទាំង​ក្នុង​តំបន់ និង​ពិភពលោក គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​មានការ​រីកលូតលាស់​ឱ្យបាន​ឆាប់ នៅក្រោយ​ពេល​បញ្ហា​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្បើយ​។ ជាមួយ​គ្នានេះ​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ ដើម្បី​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។ ទោះយ៉ាងណា​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​ក៏​ជា​បញ្ហា​ដែរ​។

លោក​បន្តថា អ្វីដែល​លោក​រដ្ឋមន្ត្រី​លើកឡើង និង​ផ្តល់​អនុសាសន៍​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ដាវ៉ូស-ក្លូស្ទ័រ ប្រទេស​ស្វ៊ីស គឺ​ដើម្បី​ឱ្យដឹងថា កម្ពុជា​ដែលជា​ប្រទេស​បន្សាំ​ខ្លួន​ទៅនឹង​វ៉ាក់សាំង​ល្អ​ជាងគេ និង​ជា​ប្រទេស​ដែល​ទទួលបាន​ការកោតសរសើរ​ជា​ប្រទេស​ទី​ ២ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩ និង​ជា​ប្រទេស​បើកចំហ​សេដ្ឋកិច្ច​បាន​ពេញលេញ ដែល​អាចជា​គំរូ​មួយ​សម្រាប់​ប្រទេស​ដទៃទៀត​»​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ថា បើ​និយាយ​អំពី​ពាណិជ្ជកម្ម​អន្តរជាតិ បញ្ហា​របាំង​ពាណិជ្ជកម្ម​ផ្តោតជាសំខាន់​ទៅលើ​ពន្ធគយ ពន្ធ​ត្រួត​លើ​គ្នា ការងារ​រដ្ឋបាល និង​ការដឹកជញ្ជូន​រួម​ជាមួយនឹង​ឧបសគ្គ​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យ​ដំណើរការ​សេដ្ឋកិច្ច និង​ការធ្វើ​ពាណិជ្ជកម្ម​មិនអាច​ដំណើរការ​បាន​លឿន ហើយ​ដែល​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ត្រូវតែ​ស្វែងរក​ច្រក​មួយ​សមរម្យ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​អន្តរជាតិ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ​យើង​ទាំងអស់​គ្នា​ដឹង​ហើយ វា​ជះឥទ្ធិពល​អវិជ្ជមាន​ច្រើនណាស់​កន្លងមកនេះ វា​មាន​បញ្ហា​របាំង​ពាណិជ្ជកម្ម​។ អ៊ីចឹង បានជា​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ និង​បង្កើត​នូវ​ច្បាប់​វិនិយោគ​ថ្មី បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ក្នុងការ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ និង​រុញ​កំណើន​សេដ្ឋកិច្ច​ឱ្យមាន​សម្ទុះ​ឡើងវិញ​»៕ LA