
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ រូបថត Twitter
ភ្នំពេញៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងជួបបញ្ហាប្រឈមខ្លះ ខណៈគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូលទើបសម្រេចបានជាង ២៧ ភាគរយប៉ុណ្ណោះ គិតត្រឹមខែឧសភា ឆ្នាំ ២០២២ នេះ។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែឧសភាថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី មានបញ្ហាប្រឈមតិចតួច ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យអ្នកបច្ចេកទេស និងអ្នកជំនាញការក្រុមហ៊ុនមានការលំបាកនៅក្នុងការធ្វើដំណើរចេញ-ចូល មានការលំបាកនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ និងភ័ស្តុភារកម្ម ការដឹកជញ្ជូន ការផ្គត់ផ្គង់ឧបករណ៍សម្ភារបរិក្ខារ ពេលវេលា និងតម្លៃ។ល។
លោកបានបន្ថែមថា ថ្វីដ្បិតតែមានបញ្ហាប្រឈមខ្លះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនសាងសង់នៅមិនទាន់បញ្ជាក់ពីការពន្យារពេលបញ្ចប់ការសាងសង់ ឬពន្យារពេលការបើកដំណើរការសាកល្បងនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «តាមការគ្រោងទុករបស់ក្រុមហ៊ុន គឺនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ ២០២៣។ ក្នុងករណីដែលមានការផ្លាស់ប្តូរ ក្រុមហ៊ុនសាងសង់នឹងជូនដំណឹងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ខណៈបច្ចុប្បន្នការសាងសង់នៅបន្តជាធម្មតា គ្រាន់តែមានបញ្ហាតិចតួច»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចនឹងក្លាយជា Hub Airport មួយនៅក្នុងតំបន់ ដោយសារអាកាសយានដ្ឋានថ្មីនេះមានទំហំធំជាងអាកាសយានដ្ឋានចាស់ច្រើនដង ដែលនេះជាកិត្យានុភាពមួយក្នុងការទាក់ទាញស្ទើរគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍។
លោកបន្តថា នៅពេលដែលអាកាសយានដ្ឋានទៅដល់តំបន់ណាមួយ វានឹងនាំភាពទាក់ទាញបន្ថែមទៅដល់តំបន់នោះ ដោយការសងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាការបង្កើតទីក្រុងថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ខណៈទីក្រុងចាស់ក៏ចាប់ផ្តើមតូចចង្អៀត។
លោកបញ្ជាក់ថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះស្ថិតនៅឆ្ងាយពីតំបន់បេតិកភណ្ឌ ដែលជួយបានច្រើនទៅដល់បេតិកភណ្ឌរបស់យើង ខណៈព្រលានយន្តហោះចាស់ អាចនឹងបង្កហានិភ័យរយៈពេលវែងដល់សំណង់បេតិកភណ្ឌនេះ។ ដើម្បីឈានដល់ចំណុចនេះ លុះណារាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមានការខិតខំប្រឹងប្រែង និងអនុវត្តការងារនេះឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd(AIAI) នៅលើផ្ទៃដី ៧០០,០៦ ហិកតា ដែលមានទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំ រយៈពេលខ្លី-មធ្យម ៧ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៥០០ លានដុល្លារ និងរយៈពេលវែងទទួលបាន ២០ លាននាក់ក្នុង ១ ឆ្នាំ ដែលត្រូវចំណាយទុនជាង ៣០០ លានដុល្លារបន្ថែមទៀត។ សម្រាប់សមត្ថភាពទទួលទំនិញប្រចាំឆ្នាំវិញនៅក្នុងរយៈពេលខ្លី-មធ្យម ១០ ០០០ តោន ក្នុង ១ ឆ្នាំ និងរយៈពេលវែង ៦០ ០០០ តោន៕ LA