ភ្នំពេញៈ កម្ពុជា​រកចំណូល​បាន​ជាង ១ ៥០០​ លាន​ដុល្លារ​ពី​ការប្រមូល​ពន្ធ-អាករ​ក្នុង​រយៈពេល​ ៤ ​ខែ​ឆ្នាំ​ ២០២២ កើនឡើង​ជាង ២៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ឆ្លុះបញ្ចាំង​អំពី​ការ​ងើប​ឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ​កាលពី​ដើមខែ​វិច្ឆិកា កន្លងមក​។

របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GTD) ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ឱ្យដឹងថា រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២២ ចំណូល​ពន្ធ-​អាករ​ដែល GDT ប្រមូលបាន​មាន​ចំនួន​ជាង ១ ៥០២ លាន​ដុល្លារ ស្មើ ៥៣,២៧ ​ភាគរយ​នៃ​ផែនការ​ធៀប​នឹង​ចំណូល​ពន្ធ-​អាករ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ កើនឡើង​ជាង ៣៤០ លាន​ដុល្លារ ឬ​ ២៩,៣៦ ​ភាគរយ​។

ដោយឡែក​សម្រាប់​ខែមេសា ឆ្នាំ​ ២០២២ មាន​ចំនួន​ប្រមាណ ២៣៧​ លាន​ដុល្លារ ស្មើនឹង ៨,៤ ភាគរយ​នៃ​ផែនការ​បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ ប្រចាំ​ខែមេសា​ឆ្នាំ​ ២០២១ កើនឡើង​ជិត ១១១ លាន​ដុល្លារ​ស្មើនឹង ២៩,៣៦ ​ភាគរយ​។

GDT បាន​បញ្ជាក់ថា ក្នុង​ខែមេសា ឆ្នាំ ​២០២២ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ ៤ ​បាន​រក្សា​កំណើន​គួរឱ្យ​កត់សម្គាល់​ធៀប​នឹង​ខែមេសា​ឆ្នាំ​ ២០២១​ ក្នុង​រង្វង់ ៨០ ​ភាគរយ​ទៅ​ ៩០​ ភាគរយ ក្នុងនោះ​ពន្ធ​លើ​ប្រាក់ចំណូល ៨១,៩៨​ ភាគរយ​, អាករ​លើ​តម្លៃបន្ថែម ៨៤,៤៤ ​ភាគរយ​, ពន្ធលើប្រាក់បៀវត្សរ៍​ ៨៨,៥៥​ ភាគរយ​, និង​ពន្ធ​ប្រថាប់ត្រា​ទៅលើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ៧៧,៣៣ ​ភាគរយ ខណៈ​កំណើន​ខ្ពស់​សម្រាប់​ចំណូល​អាករ​ពិសេស ១១០,៥៨ ​ភាគរយ និង​ពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី ១១៤,៦០ ​ភាគរយ​។ សរុប​រួម​សម្រាប់​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២២ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ​ទាំង​ ៦​ បាន​រក្សា​កំណើន​គួរឱ្យ​កត់សម្គាល់​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែងថា​៖ «​លទ្ធផល​កំណើន​ចំណូល​នេះ គឺជា​បច្ច័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ បន្ទាប់ពី​ការបើក​ប្រទេស​ឡើងវិញ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ហើយ​លទ្ធផល​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ជោគជ័យ និង​កិច្ច​ខំប្រឹងប្រែង​នៃ​ការអនុវត្ត​កំណែទម្រង់​ស្ថាប័ន និង​ទំនើបកម្ម​ពន្ធដារ ព្រមទាំង​ការអនុវត្ត​ក្នុង​ស្មារតី​សកម្ម និង​បុរេសកម្ម​រាល់​វិធាន​នានា​»​។

លោក​បន្ថែមថា​៖ «​តាមរយៈ​កំណែទម្រង់​ពន្ធដារ GDT មាន​ប្រព័ន្ធ​គ្រប់គ្រង​ការចុះបញ្ជី​ច្បាស់លាស់ ដែលជា​មូលដ្ឋាន​នៃ​ការគ្រប់គ្រង​ចំណូល​ពន្ធ​គ្រប់​ជ្រុងជ្រោយ និង​ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​»​។

លោក​កត់សម្គាល់ថា តាមរយៈ​ការចុះបញ្ជី​ពន្ធដារ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធដារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន​ដែល​បាន​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់ GDT មាន​មូលដ្ឋាន​ទិន្នន័យ​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការតាមដាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ ដើម្បី​ចាត់​វិធានការ​ក្នុងការ​គេចវេះ​ពន្ធ និង​ជំរុញ​កំណើន​ចំណូល​ពន្ធ​ប្រកបដោយ​តម្លាភាព​។ GDT ក៏បាន​ចាត់វិធានការ​ទៅលើ​សហគ្រាស​ដែល​គេចវេះ​ពន្ធ​ជា​លក្ខណៈ​ប្រព័ន្ធ ដោយបាន​ប្តឹង​ជា​ករណី​បទល្មើស​ពន្ធដារ​ផងដែរ​។

ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ ជាង ​២ ​ឆ្នាំ​មកនេះ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ចំនួន ១០ ​ជុំ​រួចមកហើយ​ដែល​សរុប​ជា​ប្រាក់​ជាង ២ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ទប់​លំនឹង​សេដ្ឋកិច្ច សង្គម និង​ជួយ​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​តាមរយៈ​ការឧបត្ថម្ភ​សាច់ប្រាក់​។

កាលពី​ថ្ងៃទី​ ១៦ ខែឧសភា កន្លងមក​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ទើបបាន​ដាក់ចេញ​កញ្ចប់​ថវិកា​ចំនួន ១៥០ ​លាន​ដុល្លារ​ដោយ​ផ្តល់​តាមរយៈ​ធនាគារ​សហគ្រាស​តូច និង​មធ្យម​កម្ពុជា ក្នុងការ​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​សម្រាប់​ជួយ​ស្តារឡើងវិញ​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ញាំញី​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​សុខភាព​សកល​នា​រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ​៕ LA