ភ្នំពេញៈ កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-​អូស្ត្រាលី ​(CAVAC) របស់​រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ជំនួយ​ប្រមាណ ៩២ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ក្នុង​រយៈពេល​ ១០ ​ឆ្នាំកន្លងមក តាមរយ:​ការលើក​កម្ពស់​គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើ​ពិពិធកម្ម​កសិកម្ម ការកែលម្អ​ខ្សែចង្វាក់​តម្លៃ ការផ្តល់​ធាតុ​ចូល​កសិកម្ម និង​ទីផ្សារ​កសិផល និង​ការកែលម្អ​ប្រព័ន្ធ​ស្រោចស្រព​ជាដើម​។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹងថា កម្មវិធី CAVAC របស់​រដ្ឋាភិបាល​អូស្ត្រាលី​បាន​អនុវត្ត​សកម្មភាព​ ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យមាន​ភាព​ធន់​តាំងពី​ឆ្នាំ​ ២០១០ មក ដោយ​កម្មវិធី​នេះ​បាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​ ៣០ ​ទីតាំង ការបង្កើន​ប្រាក់ចំណូល​គ្រួសារ​សម្រាប់​កសិករ​ខ្នាតតូច​តាមរយៈ​ការជំរុញ​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម ជំរុញ​សមត្ថភាព ឆ្លើយតប​នឹង​ការធ្វើ​ពាណិជ្ជកម្ម និង​ការធ្វើ​ពិពិធកម្ម​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កម្មវិធី CAVAC បាន​ជួយ​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា ជាពិសេស​ជួយ​លើ​ប្រព័ន្ធ​ស្រោចស្រព ដោយ​កន្លង​ទៅបាន​ជួយ​ដល់​កសិករ​ក្នុង​ការជំរុញ​កំណើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ តាមរយៈ​ការផ្សព្វផ្សាយ ផ្តល់​ចំណេះដឹង​ទាំង​មុខរបរ និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។

លោក​បន្ថែមថា CAVAC បាន​ជួយ​ដល់​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយ​វិស័យ​កសិកម្ម​ជាច្រើន ជាពិសេស​ជួយ​ដល់​កសិករ​ខ្នាតតូច ដើម្បី​ទទួល​ចំណេះដឹង​ថ្មី​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ការរីកចម្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​កម្មវិធី CAVAC នឹង​បញ្ចប់​នៅ​ខែមិថុនា​ឆ្នាំ​ ២០២២ នេះ​ទៅ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​គម្រោង​ថ្មី​មួយទៀត គឺ​ការធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​របស់​កម្ពុជា ក្រោម​ភាពជា​ដៃគូ​ថ្មី កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ធន់​ (CAP-RED) ដែល​នឹង​ផ្តោតលើ​វិស័យ​សំខាន់ៗ រួមមាន វិស័យ​កសិកម្ម វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ថាមពល និង​វិស័យ​អប់រំ​»​។

នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ដើម​ខែមេសា លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា ក្រោយពី​បញ្ចប់​កម្មវិធី CAVAC ទៅ​រដ្ឋាភិបាល​អូស្ត្រាលី មានកម្ម​វិធី​មួយទៀត គឺ​កម្មវិធី​ភាពជា​ដៃគូ កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាពធន់​ (CAP-RED) ដែលមាន​ថវិកា​ចំនួន ៨៧ លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើនឹង​ជាង ៦១ ​លាន​ដុល្លារ​អាមេរិក​។

លោក Kang បាន​បញ្ជាក់ថា​៖ «​កម្មវិធី CAP-RED ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​របស់​កម្ពុជា និង​ការគាំទ្រ​កាន់តែ​ស៊ីជម្រៅ​របស់​អូស្ត្រាលី ក្នុង​ពេល​យើង​ប្រារព្ធ​ខួប​លើក​ទី​ ៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២»​។

លោក​ លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់ថា ក្នុង​រយៈពេល​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ច្រើនណាស់ រាប់​តាំងពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ ការរៀបចំ​បន្សុទ្ធ​ពូជស្រូវ និង​កម្មវិធី​ផ្សេងៗ​ទៀត រួមទាំង​ការជួយ​រក​ទីផ្សារ​ឱ្យ​សហគមន៍​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​សហព័ន្ធ​ស្រូវ​អង្ករ​បានធ្វើការ​ជាមួយ​កម្មវិធី CAVAC លើ​ការបង្កើត​ម៉ាក​សញ្ញា​ម្លិះ​អង្គរ និង​ម៉ាក​សញ្ញា​ ២ ​ថែមទៀត​ដែល​នឹង​ប្រកាស​នាពេល​ខាងមុខ​។ យើង​ក៏បាន​ទទួល​ការជួយ​ជ្រោមជ្រែង​ពី CAVAC ក្នុងការ​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​កម្ពុជា​»​។

លោក​រំពឹងថា កម្មវិធី​ភាពជា​ដៃគូ កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់ (CAP-RED) ដែល​នឹងត្រូវ​អនុវត្ត​ក្រោយ​បញ្ចប់​កម្មវិធី CAVAC នឹង​ជំរុញ​បន្ថែមទៀត​ដល់​វិស័យ​កសិកម្ម​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ស្រូវ តាមរយៈ​ការជួយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស​ និង​ទីផ្សារ​៕ LA