
ក្រុមធុរជនកម្ពុជា-ចិនកាត់ខ្សែបូសម្ពោធសមាគមទើបបង្កើតថ្មី។ ហេង ជីវ័ន
ភ្នំពេញៈ សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន បានប្រកាសសម្ពោធជាផ្លូវការ ដើម្បីកៀរគរពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេសចូលរួមក្នុងការជំរុញការវិនិយោគបន្ថែមលើវិស័យ SME និងការបង្កើតអាជីវកម្មថ្មី (Start- UP) ដើម្បីទាញយកអត្ថប្រយោជន៍នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង ២។
នៅក្នុងពិធីប្រកាសសម្ពោធសមាគមពាណិជ្ជកម្ម កម្ពុជា-ចិននៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ លោក បេន លី ប្រធានសមាគមពាណិជ្ជកម្មចិននៅតំបន់អាស៊ី និងជាស្ថាបនិកគម្រោង Urban Village បានថ្លែងការបើកសាខាសមាគមពាណិជ្ជកម្មនៅកម្ពុជានាពេលនេះ ក្នុងគោលបំណងជំរុញអ្នកវិនិយោគ ទាំងនៅកម្ពុជា និងមកពីហុងកុង តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី ជាពិសេសនៅក្នុងប្រទេសចិន ពង្រីកដៃគូពាណិជ្ជកម្មរបស់ខ្លួនកាន់តែច្រើន ជាពិសេសការធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។
លោកបានបន្ថែមថា សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន ចង់ឱ្យពាណិជ្ជករ ក៏ដូចជាអ្នកវិនិយោគមកគ្រប់ទិសទី ចែករំលែក ផ្លាស់ប្តូរបទពិសោធ និងគាំទ្រគ្នាទៅវិញទៅមក ដែលមានសមាសភាពមកពីគ្រប់វិស័យ ទាំងផ្នែកដឹកជញ្ជូន សេវាកម្ម ធានារ៉ាប់រង និងអាជីវកម្មជាច្រើនទៀត។
លោកបានបញ្ជាក់ថា៖ «កន្លងទៅយើងបានដឹងថា អ្នកវិនិយោគថ្មីៗមកពីបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី និងហុងកុង តែងមានការព្រួយបារម្ភ និងមិនមានភាពងាយស្រួលទេក្នុងការចាប់ផ្តើមអាជីវកម្មថ្មីនៅកម្ពុជា។ ប៉ុន្តែពេលនេះ មិនមែនជាបញ្ហាទៀតទេ សមាគមពាណិជ្ជកម្មចិន ដែលទើបតែបើកសាខានៅកម្ពុជានេះនឹងជួយគាំទ្រចំពោះអាជីវកម្មដែលនឹងបង្កើតថ្មីៗទាំងនេះ»។
លោកស្រី កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបើកសាខាសមាគមពាណិជ្ជកម្មចិននៅកម្ពុជានាពេលនេះអាចនឹងមានសក្តានុពលច្រើនក្នុងការអូសទាញអ្នកវិនិយោគចិន ជាពិសេសចិនមកពីទីក្រុងហុងកុង ដែលនេះជាឱកាសដ៏ល្អរបស់សហគ្រិនទាំងឡាយក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាក្នុងការចាប់ដៃគូ ដើម្បីពង្រីកអាជីវកម្ម។
លោកស្រីបានបន្ថែមថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការអនុគ្រោះ និងបង្កលក្ខណៈងាយស្រួលច្រើនដល់អ្នកវិនិយោគ ទើបជំរុញកំណើននៃការវិនិយោគនៅកម្ពុជាមានកាន់តែច្រើន ទោះបីជាជំងឺកូវីដ ១៩ នៅតែបន្តការកើតមានយ៉ាងណាក្តី។
លោកស្រីបានបញ្ជាក់ថា៖ «វិស័យ SME ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលបានជួយដល់សេដ្ឋកិច្ចឱ្យមានការរីកចម្រើន។ ដូច្នេះនៅក្នុងថ្ងៃនេះយើងបានជួបដៃគូវិនិយោគជាច្រើន មកពីប្រទេសចិនដែលមានការចាប់អារម្មណ៍លើ SME នៅកម្ពុជា ជាពិសេសវិស័យការកែច្នៃម្ហូបអាហារ។ យើងរំពឹងថា សមាគមនេះនឹងប្រមូលអ្នកធុរកិច្ច ពាណិជ្ជករ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល»។
យោងតាមរបាយការណ៍ពីស្ថានទូតចិនប្រចាំកម្ពុជានៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាបានកើនឡើងដល់ ៣,៧៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៩,២ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសអាស៊ាន។
បើយោងក្រសួងពាណិជ្ជកម្មទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនកាលពីឆ្នាំ ២០២១ បានកើនឡើងដល់ ១១,១៩៤ ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅប្រទេសចិនជាង ១,៥ ពាន់លានដុល្លារ និងនាំចូលពីចិន ៩,៦៨៤ ពាន់លានដុល្លារអាមេរិកកើនឡើងប្រមាណ ៣៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០៕LA