
ទិដ្ឋភាពនៅរោងចក្រផលិតកង់រថយន្តរបស់ Jiangsu General Science Technology Co. Ltd។ Jiangsu General
ភ្នំពេញៈ ក្រុមហ៊ុនចិន Jian-gsu General Science Te-chnology Co.Ltd បោះទុនវិនិយោគប្រមាណ ៣០០ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្បកកង់ដ៏ធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)។
ការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា គម្រោងរោងចក្រផលិតសម្បកកង់ដែលវិនិយោគដោយក្រុមហ៊ុន Jiangsu General Science Technology កំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះគឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងអាចបង្កើតការងារនៅក្នុងតំបន់សរុប ១ ៦០០ កន្លែង ក្រោយពីសាងសង់រួច។
លោក Chen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អប្រសើរ ដើម្បីគាំទ្រដល់សហគ្រាសធុនធ្ងន់ ដូចជារោងចក្រផលិតសម្បកកង់នេះ ដើម្បីអាចដំណើរការបានល្អ។
លោកបញ្ជាក់ថា៖ «រោងចក្រអគ្គិសនីដើរដោយថាមពលកម្ដៅត្រូវបានសាងសង់នៅក្នុងតំបន់ខាងលើនេះ ដើម្បីផ្តល់ការធានាសម្រាប់សហគ្រាសធុនធ្ងន់អាចតាំងទីនៅទីនោះ។ ការសាងសង់សួនឧស្សាហកម្មក្នុងដំណាក់កាលទី ១ ត្រូវបានបញ្ចប់ ហើយការកសាងតំបន់ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី ២ ក៏កំពុងតែជំរុញជាបន្តបន្ទាប់»។
លោកបន្តថា បច្ចុប្បន្នមានសហគ្រាសចំនួន ១៧០ ក្រុមហ៊ុនបានតាំងនៅទីនោះដោយបានជួយដោះស្រាយការងារជូនប្រជាជនក្នុងស្រុកជិត ៣ ម៉ឺននាក់។ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនដល់ ៣០០ និងបង្កើតការងារជូនដល់ប្រជាជនពី ៨ ម៉ឺនដល់ ១០ ម៉ឺននាក់»។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលមានរោងចក្រផលិតសម្បកកង់យានយន្តកាន់តែច្រើននោះតម្រូវការកៅស៊ូធម្មជាតិនឹងមានទីផ្សារកាន់តែខ្ពស់។ លោកបន្ថែមថា ដោយសាររោងចក្រនៅក្នុងខេត្តព្រះសីហនុមិនទាន់ដំណើរការនៅឡើយ កន្លងមកមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូបានចុះទៅសិក្សាជាមួយរោងចក្រនៅខាងខេត្តស្វាយរៀងជាមុនសិន ដើម្បីសិក្សាពីតម្រូវការកៅស៊ូធម្មជាតិ សម្រាប់ការកែច្នៃនៅរោងចក្រនេះ។
លោកបញ្ជាក់ថា៖ «រោងចក្រនេះ (ស្វាយរៀង) មានតម្រូវការកៅស៊ូខ្ពស់។ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានប្រមែប្រមូលផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជាទៅកែច្នៃនៅឡើយទេ ដោយសារតែរោងចក្រមិនទាន់បានរៀបចំបានរៀបរយនៅឡើយ។ ដូចនេះក្រុមហ៊ុនបាននាំចូលពីក្រៅប្រទេស ១០០ ភាគរយ។ ទោះយ៉ាងណាយើងនឹងបន្តសហការ ដើម្បីជំរុញឱ្យរោងចក្រទិញយកកៅស៊ូធម្មជាតិពីប្រជាកសិករក្នុងស្រុក ដើម្បីពង្រីកទីផ្សារឱ្យកសិករ។ ដោយឡែក បន្ទាប់ពីបញ្ចប់ការងារជាមួយរោងចក្រនៅក្នុងខេត្តស្វាយរៀងហើយ យើងនឹងបន្តទៅពិភាក្សា ដើម្បីស្វែងរកកិច្ចសហការជាមួយរោងចក្រផលិតសម្បកកង់នៅក្រុងព្រះសីហនុម្តង ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមកៅស៊ូ តែនឹងបង្កើនការនាំចេញផលិតផលសម្រេចវិញ»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ប្រាប់ថា គម្រោងបង្កើតរោងចក្រផលិតសម្បកកង់ក្រុមហ៊ុនចិន Jiangsu General Science Technology នេះគឺជាគម្រោងដ៏រឹងមាំ និងយូរអង្វែងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់ថា៖ «នៅពេលក្រុមហ៊ុនបើកដំណើរការពេញលេញច្បាស់លាស់នឹងមានតម្រូវការកម្លាំងពលកម្មដែលនឹងជួយដោយផ្ទាល់ដល់សេដ្ឋកិច្ចកម្ពុជា។ គម្រោងនេះក៏បានឆ្លើយតបនឹងតម្រូវរបស់រដ្ឋាភិបាលដែលកន្លងមកបានកៀរគរអ្នកវិនិយោគពីគ្រប់ទិសទី ជាពិសេសការវិនិយោគទៅលើវិស័យមិនមែនកាត់ដេរ»។
កាលពីខែមករា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្បកកង់យានយន្តគ្រប់ប្រភេទដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងតម្លៃ ២៩៧ លានដុល្លារដែលក្រុមហ៊ុនមានឈ្មោះថា General Intellige-nce (Cambodia)៕ LA