ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ស៊ុយអែត​បាន​ប្តេជ្ញា​នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វិស័យ​សេដ្ឋកិច្ច-​ពាណិជ្ជកម្ម​ជាមួយគ្នា​ ដើម្បី​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ស្តារ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​នៅក្រោយ​ការរីករាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ឱក ប៊ុង រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Jon Astrom Grondahl ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ទើប​តែងតាំង​ថ្មី កាលពី​ថ្ងៃទី​ ២៤ ខែឧសភា បានឱ្យដឹងថា កម្ពុជា-​ស៊ុយអែត​មាន​ទំនាក់ទំនង​ល្អ​នាពេល​កន្លងមក ពិសេស​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

លោក​បន្តទៀតថា ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​កំពុង​ទទួល​បាន​ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​ជោគជ័យ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​បើក​ប្រទេស​ជា​ប្រក្រតី និង​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ពេញលេញ​លើ​គ្រប់​វិស័យ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្របខ័ណ្ឌ​ពហុភាគី តំបន់ និង​ទ្វេភាគី ស្រប​ជាមួយ​នឹង​ការធ្វើ​កំណែទម្រង់​ច្បាប់ និង​បទប្បញ្ញត្តិ ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឱ្យ​កាន់តែ​ប្រសើរ​»​។

បើតាម លោក ឱក ប៊ុង បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការអនុវត្ត​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ជួយ​ធ្វើឱ្យ​បរិយាកាស​ការងារ​មាន​ភាពប្រសើរឡើង ការលុបបំបាត់​ពលកម្ម​កុមារ និង​ការលើកកម្ពស់​អនុលោមភាព​ទៅតាម​និយាម និង​បទដ្ឋាន​អន្តរជាតិ និង​ផ្តល់​សុខុមាលភាព និង​ទំនុកចិត្ត​ដល់​និយោជិត និង​និយោជក​។

លោក Jon Astrom Grondahl បាន​ប្រាប់ថា ស៊ុយអ៊ែត ​មាន​ឆន្ទៈ​នៅក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

លោក​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​នៅក្នុង​បេសកកម្ម​ការទូត​របស់​លោក ចំពោះ​ការលើក​ទឹកចិត្ត​ដល់​ពាណិជ្ជករ និង​វិនិយោគិន​ស៊ុយអែត​ឱ្យ​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា និង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ ដែល​អាចជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ស៊ុយអែត ដើម្បី​ឈានដល់​កម្រិត​សក្តានុពល​ពេញលេញ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឱក ប៊ុង បានបញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​កម្ពុជា​ក្នុងការ​ស្វាគមន៍​ពាណិជ្ជករ និង​វិនិយោគិន​ស៊ុយអែត ដើម្បី​ចាប់យក​ឱកាស​ធុរកិច្ច និង​វិនិយោគ​ដ៏ធំធេង​នៅ​កម្ពុជា​។ លោក​ក៏​ស្នើឱ្យ​ភាគី​ស៊ុយអែត​បង្កើន​ការ​នាំចូល​ទំនិញ​កសិកម្ម និង​កម្មន្តសាល​ពី​កម្ពុជា វិនិយោគ​លើ​វិស័យ​រថយន្ត​អគ្គិសនី និង​ពិនិត្យ​លទ្ធភាព​បង្កើត​សភាពាណិជ្ជកម្ម​ស៊ុយអែត​ឱ្យ​មាន​វត្តមាន​នៅ​កម្ពុជា​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៥ ​ឧសភា​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ស៊ុយអែត នៅមាន​កម្រិត​តិចតួច​ដែល​តម្រូវឱ្យ​ភាគី​ទាំង​ ២​ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិ​ការបង្កើន​ការវិនិយោគ​បន្ថែមទៀត​។ ជាមួយ​គ្នានេះ​កម្ពុជា​ក៏​អាច​នាំ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​ស៊ុយអែត​បាន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ពី​កម្ពុជា​ទៅ​ស៊ុយអែត​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ផលិតផល​ស្រស់​ពិបាក​ក្នុង​ការនាំ​ចេញទៅ​ ប៉ុន្តែ​កសិកម្ម​ដែល​អាច​ចេញ​ទៅបាន​មានដូចជា​សាច់ ម្រេច គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ផ្សេងទៀត​ដែល​អាច​សម្ងួត​បាន​ទៅកាន់​ប្រទេស​នេះ​។ នេះ គឺជា​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​វិស័យ​កសិកម្ម​កម្ពុជា​លើ​ទីផ្សារ​ស៊ុយអែត​»​។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ស៊ុយអែត នៅ​ឆ្នាំ ​២០២០ មាន​ចំនួន ៦៤ ​លាន​ដុល្លារ ខណៈ​រយៈពេល ៥ ​ខែ ដើមឆ្នាំ​ ២០២១ មាន​ចំនួន ២៣ ​លាន​ដុល្លារ​៕ LA