ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​វិនិយោគិន និង​ធុរជន​នៅ​អឺរ៉ុប​មក​ស្វែងរក​ឱកាស​អាជីវកម្ម និង​វិនិយោគ​លើ​វិស័យ​សក្តានុពល​នានា​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​។

ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​កម្មវិធី​រាត្រី​កម្ពុជា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ពហុ​ផលិតផល​ក្នុង​ស្រុក WorldBride Group នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក កាលពី​ថ្ងៃទី​ ២៤ ខែឧសភា នៅ​ទីក្រុង Davos-Klosters ប្រទេស​ស្វ៊ីស លោកនាយក​រដ្ឋមន្ដ្រី​ដែល​កំពុងមាន​វត្តមាន​នៅ​ទីក្រុង​នេះ​បានឱ្យដឹងថា ថ្មីៗ​នេះ​ជាមួយ​ភាពជោគជ័យ​​ក្នុងការ​គ្រប់គ្រង​ការ​រីករាលដាល​កូវីដ​ ១៩ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ក្នុង​ទ្វីបអាស៊ី ដែល​បន្ធូរបន្ថយ​តម្រូវការ​ធ្វើតេស្ត និង​តម្រូវការ​ផ្សេងៗ​ទៀត​សម្រាប់​អ្នកធ្វើ​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ដើម្បី​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម និង​ទេសចរណ៍​។

លោក​ថ្លែងថា​៖ «​សេចក្ដី​សម្រេច​នេះ​អាចធ្វើ​ទៅបាន​ ដោយសារ​រាជរដ្ឋាភិបាល​មាន​ស្មារតី​បុរេសកម្ម និង​បាន​ខ្នះខ្នែង​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាជន​បាន​យ៉ាង​រហ័ស និង​ទាន់​ពេល ដោយ​គិត​ត្រឹម​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២២ មាន​ប្រជាជន​ជាង ៩៣,៣៦ ​ភាគរយ​បានទទួល​វ៉ាក់សាំង​រួចរាល់​ដែលនាំឱ្យ​កម្ពុជា​សម្រេច​បាន​ភាពស៊ាំ​ក្នុង​សហគមន៍​ពេញលេញ​។ សមិទ្ធផល​នេះ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​អាច​បើក​ប្រទេស និង​បើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ​ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតទល់​ពេលនេះ​»​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយ​ភាពធន់ ចីរភាព និង​បរិយាប័ន្ន រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ និង​កម្មវិធី​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣»​។

លោក​ថ្លែងថា​៖ «​ទស្សនវិជ្ជា​របស់​យើង គឺ​ផ្ដោតលើ​ការខិតខំ​ប្រែក្លាយ​បញ្ហា​ប្រឈម​បណ្ដាល​មកពី​បញ្ហា​នេះ​ឱ្យ​ទៅជា​កាលានុវត្តភាព​ក្នុង​កិច្ចការ​កែទម្រង់​ផ្ទៃក្នុង​គួបផ្សំ​ជាមួយ​នឹង​ការបង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រូបវន្ត និង​ឌីជីថល និង​ការពង្រឹង​ភាព​ធន់ សង្គម​សេដ្ឋកិច្ច​»​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​បាន​ចាកចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាមួយ​ភាពជឿជាក់ ភាព​ទាក់ទាញ ភាព​ប្រកួត​ប្រជែង​ខ្ពស់ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​។ ខ្ញុំ​សូម​អញ្ជើញ និង​ស្វាគមន៍​ចំពោះ​វិនិយោគិន​ទាំងឡាយ​ទៅធ្វើ​ការស្វែងយល់ ធ្វើដំណើរ​ទេសចរណ៍ និង​ចាប់យក​ឱកាស​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក សៀ ឫទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge Group បានឱ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដើម្បី​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​ប្រទេស​។

លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​បាន​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​,​កម្ពុជា​-​កូរ៉េ​ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។

លោក​ថ្លែងថា​៖ «​ជាមួយនឹង​លទ្ធភាព​ទាំងអស់​នេះ​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែលមាន​សេដ្ឋកិច្ច​ទីផ្សារសេរី និង​បើកចំហ​ខ្លាំង​បំផុត​ក្នុង​តំបន់​»​។ លោក​បញ្ជាក់ថា​៖ «​ប្រទេស​នេះ​មាន​ស្ថិរភាព គាំទ្រ​អាជីវកម្ម និង​ស្វាគមន៍​វិនិយោគិន​មកពី​ជុំវិញ​ពិភពលោក​។ ចំពោះ​ភ្ញៀវ​អន្តរជាតិ​របស់​យើង​សូមបញ្ជាក់​ឡើងវិញ​ថា ក្រុមហ៊ុន WorldBridge Group សូម​ស្វាគមន៍​លោកអ្នក​ទាំង​ក្នុងឋានៈ​ជា​ដៃគូ​ប្រកបដោយ​សក្តានុពល និង​ជា​មិត្ត​»​។

យោងតាម​លោកនាយក​រដ្ឋមន្ដ្រី រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាននិង​កំពុង​បន្ត​ជំរុញ​ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ប្រកបដោយ​ភាព​បុរេសកម្ម និង​ចក្ខុវិស័យ​វែងឆ្ងាយ តាមរយៈ​ការលើក​កម្ពស់​គុណភាព​សេវា​​ឡូជីស្ទិក ការកាត់បន្ថយ​ការចំណាយ​ទាំង​ពេលវេលា និង​ថវិកា ការលើក​កម្ពស់​ប្រសិទ្ធភាព​ការផ្ដល់​សេវា​សាធារណៈ ការអភិវឌ្ឍ​ជំនាញ និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​សន្ដិសុខ ជាដើម​។

កាលពី​ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ ២០២០ សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ​គម្រោង EBA ពី​កម្ពុជា​ជា​ការផ្អាក​មួយ ដែល​ប៉ះពាល់​ដល់​ការនាំ​ចេញ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ចំនួន ១ ភាគ​ ៥ ឬ ១ ពាន់​លាន​អឺរ៉ូ (១,០៩ ពាន់​លាន​ដុល្លារ​) ទៅកាន់​ប្លុក ២៧ ប្រទេសមួយ​នេះ​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ កាលពី​ឆ្នាំ ២០២០ មាន​ចំនួន ៤,៣ ​ពាន់​លាន​អឺរ៉ូ និង​ឆ្នាំ​ ២០២១ មាន​ចំនួន ៤,៥ ពាន់​លាន​អឺរ៉ូ​៕ LA