ធនាគារ​កម្ពុជា​សាធារណៈ ភីអិលស៊ី (ធនាគារ​កម្ពុ​) បាន​ប្រារព្ធ​ខួប ៣០ ​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ ខណៈ​ធនាគារ​កម្ពុ​ បាន​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩២ ហើយ​​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ធនាគារ​បាន​ពង្រីក​សាខា​សរុប​ចំនួន ៣១ ​សាខា ហើយ​គ្រោង​នឹង​បើក​សាខា​ថ្មីៗ​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដើម្បី​ផ្ដល់​សេវា​ធនាគារ​កាន់​តែ​ជិត​ជូន​ដល់​អតិថិជន និង​សហគមន៍​។

លោក អុង មីងតិច ដែល​ជា​នាយក​​ប្រតិបត្តិ​មាន​ប្រសាសន៍​ថា​៖ «លទ្ធផល​ប្រាក់​ចំណេញ​គួរ​ជាទី​មោទនៈ​របស់​ធនាគារ​កម្ពុ​ ដែល​សម្រេច​បាន​ទាំង​ក្នុង​គ្រា​ល្អ និង​គ្រា​លំបាក បាន​មក​ពី​ការ​គ្រប់គ្រង​រឹងមាំ អភិបាលកិច្ច​ល្អ និង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ធនាគារ​មេ គឺ​ធនាគារ​សាធារណៈ ប៊ែ​ហាដ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មិន​ក្រោម​ចំណុះ​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន Bursa ប្រទេស​ម៉ាឡេស៊ី ជាមួយ​នឹង​មូលធន​កម្ម​ទីផ្សារ​ចំនួន ១៩,៤ ប៊ីលាន​ដុល្លារ​អាមេរិក ហើយ​ជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​ទី​៣ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០២១»។

«ចក្ខុវិស័យ​ច្បាស់លាស់​របស់ Tan Sri Dato’ Sri Dr. Teh Hong Piow ដែល​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​កិត្តិយស អភិបាល និង​ទីប្រឹក្សា​នៃ​សម្ព័ន្ធ​ធនាគារ​សាធារណៈ​​ដែល​ប្រកាន់​ខ្ជាប់​ក្នុង​រយៈពេល ៥៥ ​ឆ្នាំ ចាប់​តាំង​​ពី​ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ធនាគារ​សាធារណៈ​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦ នឹង​បន្ដ​តម្រង់ទិស​ ដល់​ធនាគារ​កម្ពុ​ រិៈរក​យុទ្ធសាស្ដ្រ និង​ជម្នះ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ជាមួយ​នឹង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​»។

«បើ​ទោះបី ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ បាន​បង្ហាញ​ឱ្យ​ឃើញ​ភាព​មិន​ប្រាកដប្រជា ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ប្រកប​ដោយ​ភាព​ជោគជ័យ រឹងមាំ និង​ប្រសិទ្ធភាព​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ឱ្យ​ងើប​ឡើង​ចេញ​ពី​វិបត្តិ និង​ឆ្ពោះ​ទៅ​រក​មាគ៌ា​ស្ដារ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​រឹងមាំ​»។

លោក អុង ថ្លែង​បន្ថែម​ថា​៖ «​ដើម្បី​ចូលរួម​ចំណែក​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេសជាតិ ធនាគារ​កម្ពុ​ នៅ​តែ​បន្ដ និង​ប្ដេជ្ញាចិត្ត​លើក​ស្ទួយ​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដើម្បី​ផ្ដល់​ជូន​អ្នក​ដែល​មិន​ទទួល​បាន​សេវាកម្ម​ធនាគារ ដោយ​រួម​បញ្ចូល​ផ្នត់​គំនិត​ផ្ដោត​លើ​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ទៅ​ក្នុង​អាជីវកម្ម និង​ប្រតិបត្តិការ​របស់​ខ្លួន ព្រម​ទាំង​ផ្ដល់​ជំនួយ​ដល់​អតិថិជន​ដែល​ប្រឈម​នឹង​ផល​វិបាក​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​ការ​ឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩»។

លោក​ក៏​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​របស់​ធនាគារ​ចំពោះ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា និយតករ​នានា ព្រម​ទាំង​អតិថិជន​ទាំង​អស់​ចំពោះ​ការ​បន្ដ​គាំទ្រ ទំនុក​ចិត្ត និង​ភាព​ជឿជាក់​​លើ​ធនាគារ​កម្ពុ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​។

ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប ៣០ ឆ្នាំ​របស់​ធនាគារ​កម្ពុ និង​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អតិថិជន ធនាគារ​កម្ពុ​គ្រោង​ដាក់​​ឱ្យ​ដំណើរការ​សេវាកម្ម​ឌីជីថល​កាន់តែ​ល្អ​ប្រសើរ និង​ពេញលេញ​ដល់​អតិថិជន ក្នុង​នោះ​រួមមាន​សេវា​ផ្ទេរ​ប្រាក់​ឆ្លងដែន​រវាង​​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​​ម៉ាឡេស៊ី​ ព្រម​ទាំង​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​ថ្មីៗ»៕