ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា​ (SERC) អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ពិចារណា​ការចេញ​សញ្ញា​បណ្ណ​បៃតង ដើម្បី​កសាង​សហគមន៍​អាជីវកម្ម និង​វិនិយោគ​បៃតង​នៅ​កម្ពុជា​។

អគ្គនាយក SERC លោក ស៊ូ សុជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែឧសភា​ថា ស្ថាប័ន​លោក​បាន​ធ្វើការ​ជាមួយ ADB អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​គម្រោង​នេះ ខណៈ​ពេល​នេះ​លោក​កំពុងធ្វើការ​សិក្សា និង​វាយតម្លៃ​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ និង​ត្រៀម​ចេញ​បណ្ណ​បៃតង​នេះ​។

លោក​ថ្លែងថា​៖ «​យើង​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ចេញ​សញ្ញាបណ្ណ​បៃតង ប៉ុន្តែ​វា​មិនមែន​មានន័យថា តាមច្បាប់​យើង​អនុញ្ញាត​ឱ្យចេញ​សញ្ញា​បណ្ណ​បៃតង​ប៉ុណ្ណោះ​នោះទេ​។ ពួកគេ​អាច​ចេញ​សញ្ញា​បណ្ណ​ណាមួយ​ក៏បាន​។ ប្រសិនបើ​ពួកគេ​ចេញ​សញ្ញាបណ្ណ​បៃតង ពួកគេ​នឹង​ទទួល​បាន​ការលើក​ទឹកចិត្ត​ច្រើនជាង​ការចេញ​សញ្ញាបណ្ណ​ធម្មតា​»​។

លោក​បន្ថែមថា សម្រាប់​អ្នក​ដែល​ចេញ​សញ្ញា​បណ្ណ​បៃតង មូលនិធិ​ដែល​ប្រមូលបាន​ពី​ការបោះផ្សាយ​ត្រូវ​ប្រើប្រាស់​ក្នុង​អាជីវកម្ម ឬ​ការវិនិយោគ​បៃតង ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ លោក​បន្តថា សញ្ញា​បណ្ណ​បៃតង​តម្រូវឱ្យ​អ្នកជំនាញ​វាយតម្លៃ​លើ​មូលនិធិ​ដែល​ទទួលបាន​លើ​គម្រោង​នានា ដែល​ពួកគេ​វិនិយោគ​ថា តើ​ត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ​តាម​ផែនការ​ឬទេ​?

លោក​ថ្លែងថា​៖ «ADB នឹង​គាំទ្រ​ផ្តល់​អ្នកជំនាញ​សម្រាប់​ក្រុមហ៊ុន​ចេញ​សញ្ញា​បណ្ណ​បៃតង ដើម្បី​សន្សំ​ការចំណាយ​ពួកគេ ហើយ​មូលនិធិ​ដែល​ប្រមូលបាន​ត្រូវ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​។ យើង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​នានា​ពិចារណា​នៅក្នុង​ការបោះ​ផ្សាយ​សញ្ញាបណ្ណ​បៃតង​»​។ លោក​បន្តថា​៖ «​មកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ ប៉ុន្តែ​ពួកគេ​មិនទាន់​ដាក់​លិខិតផ្លូវការ​នៅឡើយ​ទេ​»​។

កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២ និយតករ​មូលបត្រ​កម្ពុជា និង ADB តាមរយៈ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​មូលបត្រ​អាស៊ី (ABMI) បាន​សហការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ «​ដំណើរការ និង​ឱកាស​នៃ​ការចេញ​សញ្ញាបណ្ណ​បៃតង​ប្រកបដោយ​និរន្តរភាព​ដល់​កម្ពុជា​»​។

ក្រុម​អ្នកជំនាញ​របស់ ADB បានចេញ​ផ្សាយ​មតិយោបល់​របស់​ពួកគេ​កាលពី​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២២ ថា ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។ ការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកចូលរួម និង​និយតករ​ថា តើ​ពួកគេ​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ទីផ្សារ​នេះ​ក្នុង​ការលើក​កម្ពស់​ការការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​យ៉ាង​ដូចម្តេច​?

អ្នកជំនាញ​បានលើកឡើង​ថា វិធី​មួយ​ដើម្បី​សម្រេចបាន​កិច្ចការ​នេះ​គឺ​តាមរយៈ​ឧបករណ៍​ហិរញ្ញវត្ថុ​ដែលមាន​គោលដៅ​ទាក់ទង​នឹង​បរិស្ថាន សង្គម និង​អភិបាលកិច្ច​មក​ពិចារណា​ដូចជា​សញ្ញា​បណ្ណ​បៃតង​សង្គម និង​និរន្តរភាព ​(GSS)​។ ប្រាក់​ចំណូល​មកពី​មូលបត្រ​បំណុល​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ទាំងនេះ ត្រូវបាន​ប្រើ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន ឬ​ផ្តល់​ហិរញ្ញប្បទាន​ឡើងវិញ​ដល់​គម្រោង​ដែល​ជះ​លទ្ធផល​វិជ្ជមាន​ដល់​បរិស្ថាន​។

អ្នកជំនាញ​បាន​បន្ថែមទៀតថា ក្នុងនាម​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន​ដែលជា​ក្រុម​នៃ​និយតករ​មូលបត្រ​អាស៊ាន និយតករ​មូលបត្រ​កម្ពុជា​គួរតែ​ធានាថា​ការអភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ GSS ​ក្នុងស្រុក​គឺ​ស្របតាម​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់ ដូចជា សេដ្ឋកិច្ច​ពន្ធដារ​អាស៊ាន​សម្រាប់​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព (ASEAN Taxonomy for Sustainable Finance)៕ LA