
សកម្មភាពនៃការយកទំនិញដាក់លើយន្តហោះសម្រាប់នាំចេញ។ ហុង មិនា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) នឹងបើកដំណើរការការិយាល័យតំណាងរបស់ខ្លួនលើកដំបូងនៅប្រទេសកាដាណានៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២២ នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោក លឹម ហេង អ្នកនាំពាក្យ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជានឹងបោះឆ្នោតជ្រើសរើសប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដានៅក្នុងសប្តាហ៍នេះ ដើម្បីឈានទៅដល់ការបើកដំណើរការ ការិយាល័យតំណាងរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកាដាណានៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នេះ។
លោកបានបន្ថែមថា លោកនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាមួយរូប និងសមាជិកសភាពាណិជ្ជកម្ម ១៤ រូប។
លោកបានបញ្ជាក់ថា៖ «ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសកាណាដានេះនឹងជំរុញការនាំចេញទំនិញពីកម្ពុជាទៅប្រទេសនេះកាន់តែកើនឡើងថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដានាពេលបច្ចុប្បន្នបន្តមានកំណើនគួរឱ្យកត់សម្គាល់។ យើងជឿថា ការិយាល័យតំណាងនេះនឹងជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែធំថែមទៀត។ បន្ទាប់ពីកាណាដា យើងគ្រោងនឹងបើកនៅប្រទេសជប៉ុនបន្តទៀត»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៦ ថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាជាលើកដំបូងនេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយដល់ធុរជន និងវិនិយោគិនរបស់កាណាដាឱ្យស្គាល់ពីសក្តានុពលរបស់កម្ពុជា និងជាការសម្រួលដល់ជំហានបន្តបន្ទាប់ទៀតក្នុងការសិក្សាទីផ្សារឱ្យបានច្បាស់អំពីរបាំងបច្ចេកទេសមិនមែនពន្ធ ដែលអាចឈានទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនាអនាគត។
លោកបានបន្ថែមថា ការិយាល័យតំណាងនេះជាឈ្នាន់មួយ ឬក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានមួយពីកម្ពុជាទាក់ទងទីផ្សារទៅកាន់វិនិយោគិនកាណាដា និងប្រមូលព័ត៌មានទីផ្សារពីកាណាដាមកផ្សព្វផ្សាយដល់វិនិយោគិនកម្ពុជាវិញ រួមទាំងការរៀបចំពិព័រណ៍ និងការផ្សព្វផ្សាយលក្ខខណ្ឌវិនិយោគនានាផងដែរ។
លោកបានបញ្ជាក់ថា៖ «កាណាដា ជាទីផ្សារដ៏ធំមួយរបស់កម្ពុជា ដោយសារប្រទេសនេះក៏បាននិងកំពុងផ្តល់ភាពអនុគ្រោះពន្ធ GSP កម្ពុជាដដែល។ ការនាំចេញពីកម្ពុជាទៅកាណាដា គឺជាទំហំពាណិជ្ជកម្មដ៏ធំមួយ ហើយដូចដែលយើងដឹងហើយថា កាណាដា និងអាមេរិក គឺជាប្រទេសជិត ដែលមានការផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួត និងមានកតិកាសញ្ញាជាមួយគ្នា ដូច្នេះទំនិញទៅដល់កាណាដា ក៏ដូចជាទៅដល់អាមេរិកដែរ។ កត្តានេះធ្វើឱ្យទីផ្សារ ២ នេះក្លាយជាទីផ្សារដ៏ធំសម្រាប់កម្ពុជាយើង»។
លោកបានបន្តថា ដោយសារតែក្រសួងពាណិជ្ជកម្មជាអាណាព្យាបាលបច្ចេកទេសរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចនេះក្រសួងកំពុងតែសម្លឹងរកមើលទីតាំងសមស្របបន្តទៀតនៅទ្វីបអឺរ៉ុប ដើម្បីនឹងបើកការិយាល័យតំណាងបន្ថែមទៀតនាពេលខាងមុខ។
តាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថារយៈពេល ៤ ខែដើមឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដាមានតម្លៃជាង ៣៤៧ លានដុល្លារកើនឡើង ២១,៣ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ កម្ពុជានាំចេញទៅកាណាដាមានតម្លៃទឹកប្រាក់សរុបជាង ៣៤០ លានដុល្លារ កើនឡើង ២២,៩ ភាគរយ៕ LA