ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ «​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​» តាម​អនឡាញ​កាលពី​ថ្ងៃទី​ ២៦ ខែឧសភា ដោយ​រួមបញ្ចូល​អង្គភាព​ចំនួន ​៤​ ចំណុះ​ក្រសួង​នេះ​ជាមួយ​នឹង​ជំនឿ​ថា ការអនុវត្ត​បែបនេះ​នឹង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​ប្រកប​ដោយ​សមធម៌ ខណៈ​ផ្នែក​ឯកជន​មាន​ជំហរ​អល់អែក​ក្នុង​ការជឿជាក់​លើ​ការអនុវត្ត​ជាក់ស្តែង​។

ក្នុង​ឱកាស​ធ្វើជា​អធិបតី​ក្នុង​សិក្ខាសាលា និង​ការដាក់ឱ្យ​អនុវត្ត​ «​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​» លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​អះអាង​ថា អង្គភាព​ចំនួន ៤ ចំណុះ​ក្រសួង​នេះ​រួមមាន អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ អគ្គនាយកដ្ឋាន​កសិកម្ម រដ្ឋបាល​ជលផល និង​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល នឹងត្រូវ​បានរួម​បញ្ចូល​ក្នុង​ «​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​» តាម​អនឡាញ​។

លោក វេង សាខុន បាន​និយាយថា​៖ «​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​គឺជា​ការរួមចំណែក​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​ប្រកប​ដោយ​សមធម៌ ប្រកួត​ប្រជែង តម្លាភាព គណនេយ្យភាព និង​សុក្រឹតភាព​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​សម្រាប់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។

លោក មៀវ សុខទ្រី ប្រធាន​សមាគម​អ្នក​ផលិត​ចំណីអាហារ កម្ពុជា ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០២០ និង​មាន​គោលបំណង​ផ្តល់ជំនួយ​បច្ចេកទេស​ និង​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​សហគ្រាស​ផលិត​ចំណីអាហារ​នៅ​កម្ពុជា​បាន​និយាយថា វា​ជា​ការល្អ​មួយ​ដែល​ក្រសួង​បាន​សម្រួល​កិច្ចការ​នេះ​ឱ្យ​ងាក​ទៅរក​ប្រព័ន្ធ​បច្ចេកវិទ្យា​។

លោក សុខទ្រី និយាយថា​៖ «​យើង​ចង់តែ​បាន​ភាពងាយស្រួល​ទេ​។ ការដាក់​ដំណើរការ​តាម​អនឡាញ​នេះ​គឺ​បោះជំហាន​ទៅមុខ​មួយកម្រិត​ហើយ ប៉ុន្តែ​យើង​មិនដឹងថា​ផ្នែក​ឯកជន​ទទួលបាន​អត្ថប្រយោជន៍​ប៉ុនណា​»​។

លោក​បាន​បន្ថែមថា សមត្ថភាព​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ផ្នែក​ឯកជន​មាន​ភាពខុសៗ​គ្នា​ទាមទារ​ការបណ្តុះបណ្តាល​ពួកគាត់​អំពី​របៀប​ប្រើប្រាស់ និង​ទាញយក​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ទាំងនេះ​។

លោក កាន់ គន្ធី អគ្គនាយករង​ក្រុមហ៊ុន អេមរុរ៉ាយស៍ ដែលជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ដ៏សំខាន់​មួយ​នៅ​ប្រទេស​កម្ពុជា​ហាក់​មិនទាន់​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ការបង្កើត​ថ្មី​នេះ ដរាបណា​ការអនុវត្ត​នៅ​មិនទាន់​បង្ហាញ​ច្បាស់លាស់​។

លោក​និយាយថា​៖ «Objectives (​កម្មវត្ថុ​) ​ដាក់​នោះ​គឺ​ល្អ​ហើយ ប៉ុន្តែ​ចាំមើល​ការអនុវត្ត តើ​ធ្វើបាន​ឬ​អត់​! ដូច CO (​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​) ​អ៊ីចឹង ដាក់​អនឡាញ ប៉ុន្តែ​អត់​ដំណើរការ ដោយសារ​មនុស្ស​អត់​នៅ អត់​ចាំ​ចុច ចាំ អ៊ីចឹងទៅ​!»​។

កម្ពុជា​រំពឹងថា កំណើន​នៃ​តម្លៃបន្ថែម​សរុប​វិស័យ​កសិកម្ម​នឹង​កើនឡើង​ពី ២២ ៧៩០ ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​ ២០១៩ ដល់​ ៣១ ៨៥២ ពាន់​លាន​រៀល​នៅ​ឆ្នាំ​ ២០៣០ ដែលមាន​អត្រា ៣ ​ភាគរយ​ក្នុង ​១ ​ឆ្នាំ បន្ទាប់ពី​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០២១-២០៣០​។

កំណើន​នៃ​តម្លៃបន្ថែម​សរុប​វិស័យ​កសិកម្ម​នឹង​កើនឡើង​ពី ២២ ៧៩០ ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​ ២០១៩ ដល់ ៣១ ៨៥២ ​ពាន់​លាន​រៀល​នៅ​ ២០៣០៕LA