
អគារធំៗជាច្រើនបានលេចរូបរាងឡើងក្នុងក្រុងព្រះសីហនុនារយៈពេល ២-៣ ឆ្នាំមកនេះ។ រ៉ាស់ហ៊ីម
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាន UPDIS កំពុងពន្លឿនការរៀបចំផែនការមេឱ្យសម្រេចបានទៅតាមផែនការ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS) ដើម្បីពិភាក្សាលើទិសដៅគោលនយោបាយនៃការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យក្រុមការងារដឹកនាំដោយវិទ្យាស្ថាន UP-DIS បន្តខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍លទ្ធផលនៅក្នុងដំណាក់កាលទី ២ ស្របតាមផែនការនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកបដោយភាពជាក់ស្តែងនិយម, មានសង្គតិភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកបន្ថែមថា ផែនការមេដែលសិក្សា និងរៀបចំដោយក្រុមការងាររបស់វិទ្យាស្ថាន UPDIS មានគោលដៅ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម, សេវាកម្ម និងឡូជីស្ទិកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែចង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
លោកបញ្ជាក់ថា៖ «ផែនការមេនេះគឺជាផែនការប្រកបដោយមហិច្ឆតាដែលអាចមានបញ្ហាប្រឈមច្រើនក្នុងការអនុវត្ត។ ដូចនេះទាមទារនូវឆន្ទៈនយោបាយកម្រិតខ្ពស់ ការដាក់ចេញនូវគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធត្រឹមត្រូវ ជាពិសេសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តផែនការមេនេះឱ្យសម្រេចបានជោគជ័យក្នុងការប្រែក្លាយតំបន់នេះទៅជាទីក្រុងទំនើប (Cosmopolitan) ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា ដែលមានបរិស្ថានរស់នៅល្អប្រសើរ»។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានឱ្យដឹងថា រយៈពេលនៃការសិក្សាធ្វើប្លង់គោលនេះ គឺមានរយៈពេល ១៨ ខែ ដូចនេះក្រុមការងារតែងមានការប្រជុំតាមដានជានិច្ច ចំពោះវឌ្ឍនភាពនៃការសិក្សាលើផែនការមេនេះ។ លោកបានបញ្ជាក់ថា៖ «ផែនការមេនេះ គឺជាផែនការបែបយុទ្ធសាស្ត្រ និងមានចក្ខុវិស័យវែងឆ្ងាយដូចនេះត្រូវមានការសិក្សាលម្អិត និងច្បាស់លាស់ ដើម្បីសំដៅប្រែក្លាយខេត្តព្រះសីហនុទៅជាទីក្រុងដ៏ល្បី និងសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ផង និងក្លាយជាតំបន់ប្រើបច្ចេកវិទ្យាវៃឆ្លាត ដែលតិចណូឡូជីត្រូវបំពាក់ទៅលើសេវាសាធារណៈ និងបរិក្ខារសម្រាប់រស់នៅលំដាប់ពិភពលោកជាតំបន់ដែលប្រកបដោយបរិស្ថានបៃតង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់»។
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា ការរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងនេះ គឺក្នុងទម្រង់ទីក្រុងប៊ូសានរបស់ប្រទេសកូរ៉េ។
លោកនិយាយថា៖ «អ្វីដែលរដ្ឋាភិបាលបានរៀបចំផែនការមេសម្រាប់តំបន់នេះ គឺជាសក្តានុពលដែលជំរុញឱ្យមានតំបន់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិសេស នៅជាប់មាត់សមុទ្រ ដែលជាតំបន់ងាយស្រួល និងប្រមូលផ្តុំក្នុងការធ្វើពាណិជ្ជកម្ម ជំនួញ ហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម»៕ LA
វីដេអូ៖