ភ្នំពេញៈ កម្ពុជា​-​វៀតណាម​ឯកភាព​ឱ្យមាន​ជើងហោះហើរ​អន្តរជាតិ​ឆ្ពោះទៅ​គោលដៅ​ទេសចរណ៍​នានា​នៃ​ប្រទេស​ទាំង ២ ដើម្បី​ទ្រទ្រង់​ដល់​ការជំរុញ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​ទាំងស្រុង​នូវ​សកម្មភាព​ទេសចរណ៍​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ២៤ ខែឧសភា បញ្ជាក់ថា ភាគី​ទាំង ​២ ​បាន​ឯកភាព​គ្នា​ក្នុងការ​ជំរុញ និង សម្រួល​បន្ថែម​ដល់​ជើងហោះហើរ​អន្តរជាតិ​រវាង​គោលដៅ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ ២ ក៏ដូចជា​ផ្ដល់នូវ​ការសម្រួល​បន្ថែម​ដល់​ជើងហោះហើរ​មកពី​ប្រទេស​ទី​ ៣ ស្របតាម​លក្ខខណ្ឌ​តម្រូវ និង​វិធាន​សុវត្ថិភាព និង​សុខាភិបាល​ប្រឆាំង​នឹង​ការរីក​រាលដាល​កូវីដ-១៩ ក្នុង​ប្រទេស​រៀងៗ​ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ភាគី​ទាំង​ ២​ ក៏បាន​បញ្ជាក់​ជាថ្មី​ម្តងទៀត​អំពី​ការប្តេជ្ញាចិត្ត​នៅក្នុង​ការពន្លឿន​ការចាប់ផ្ដើម​ទេសចរណ៍ បើកបរ​ដោយ​ខ្លួនឯង​ (Self-Driving Tour) រវាង​ប្រទេស​ទាំង​ ២ ​តាមរយៈ​ការពិភាក្សា​ឱ្យ​កាន់តែ​សកម្ម​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

ជាមួយ​គ្នានេះ ភាគី​ទាំង​ ២​ បានបង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ក្នុង​ការជំរុញ​នូវ​លំហូរ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ តាមរយៈ​វេទិកា​វិនិយោគ និង​ព្រឹត្តិការណ៍​ផ្សេងៗ ការលើក​កម្ពស់​ការយល់​ដឹង​អំពី​កាលានុវត្តភាព​វិនិយោគ និង​ការសម្រួល​ដល់​ដំណើរការ​ក្នុង​ការវិនិយោគ​ស្រប​ទៅតាម​ច្បាប់​របស់​ប្រទេស​នីមួយៗ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ស្វាគមន៍​ចំពោះ​ការជំរុញ​ឱ្យ​មាន​ការហោះហើរ​អន្តរជាតិ​ឡើងវិញ​នេះ ព្រោះ​ជា​ចំណុច​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​បើក​ប្រទេស​រួចហើយ ប៉ុន្តែ​ចំនួន​ទេសចរ​នៅ​មាន​កម្រិត​។

លោកស្រី​ថ្លែងថា​៖ «​ការបើក​ជើងហោះហើរ​នេះ​កម្ពុជា​ក៏​នឹង​បាន​ភ្ញៀវ​ច្រើន​ពី​វៀតណាម​ដែរ ព្រោះ​ប្រទេស​វៀតណាម​ក៏​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​ទាំង​ការធ្វើដំណើរ​ទៀតសោត​ក៏​ងាយស្រួល​ទាំង​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក​។ និយាយ​ទៅ​វា​មាន​ចំណុច​ល្អ​ច្រើន​»​។

បើតាម​លោកស្រី ស៊ីវលីន ចាប់តាំងពី​កម្ពុជា​បើកទទួល​ភ្ញៀវ​បរទេស​មក ទេសចរ​មកពី​វៀតណាម​មាន​ចំនួន​ច្រើន​គួរឱ្យ​កត់សម្គាល់​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​និយាយ​ថា មានតែ​ប្រទេស​នៅ​ភូមិ​ផង​របង​ជាមួយ​គ្នា​ដែល​អាចជួយ​គ្នា​ទៅវិញ​ទៅមក​លើ​ការជំរុញ​ល្បឿន​វិស័យ​ទេសចរណ៍​ឱ្យ​ដំណើរការ​ឡើងវិញ តាមរយៈ​ការបើក​ការហោះហើរ និង​បើក​ច្រកព្រំដែន​ចេញចូល​។ ចំពោះ​ការតភ្ជាប់​ជើងយន្តហោះ​ពី​អន្តរជាតិ​មក​កម្ពុជា កម្ពុជា​ត្រូវការ​ជា​ចាំបាច់ និង​ពឹងផ្អែក​ជាសំខាន់​ទៅ​លើ​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ហុងកុង និង​សិង្ហបុរី ព្រោះ​ទីផ្សារ​កម្ពុជា​នៅ​តូច​។

លោក​ថ្លែងថា​៖ «​យើង​មិនទាន់​ក្លាយជា Hub Business ក្នុង​ទីក្រុង​របស់​យើង​នៅឡើយ​ទេ​។ អ៊ីចឹង​ចាំបាច់​ណាស់ យើង​ត្រូវ​ពឹង​គេ នៅពេលនេះ​»​។

ជាមួយ​គ្នានេះ​លោក​ក៏​ចង់ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​ដោយ​ខ្លួន និង​មាន​ឯករាជភាព​កុំ​សូវ​ពឹងពាក់​ដល់​បណ្តា​ប្រទេស​ទាំងនេះ​ខ្លាំងពេក វា​នឹងធ្វើ​ឱ្យមាន​ផលវិបាក​មួយចំនួន​ដែរ​៕ LA