ភ្នំពេញ: ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​អះអាងថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ គិត​រហូត​មកទល់​ពេលនេះ សម្រេច​វឌ្ឍនភាព​ការងារ​បាន ៧៣,៧០% និង​គ្រោង​បញ្ចប់​ការងារ​ទាំងស្រុង​នៅ​ខែកញ្ញា​ឆ្នាំ​ ២០២៣​។

ការបង្ហាញ​លទ្ធ​ផលស​ម្រេច​បាន​កើតមាន​ឡើង នៅពេល​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី ​៣ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​ដែល​កំពុង​ស្ថាបនា​កាលពី​ថ្ងៃទី​ ២៦ ​ខែឧសភា​នេះ​។

យោងតាម​របាយការណ៍ អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ គិត​រហូត​មកទល់​ពេលនេះ​សម្រេច​បាន ៧៣,៧០​ ភាគរយ​។

ការងារ​នៅសល់​មានដូចជា ការងារ​ដូរ​ទំហំ​ការងារ​ស្ពាន​នៅ​ប្រឡាយ​ ៩៤ និង​ប្រឡាយ​ ៩៦ ការងារ​ស្ពាន​រំលង​ត្រង់​ផ្លូវជាតិ​លេខ​ ៤ ការងារ​ផ្លូវ​គីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា​ជា​ស្ថាពរ​នៅមុន​ខែកញ្ញា ឆ្នាំ​ ២០២៣​ខាងមុខ​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ​៕