ភ្នំពេញ: ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារ​បោះ​ផ្សារមូលបត្រ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២៧ ​ខែឧសភា​នេះ​បាន​ប្រកាស​ថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) និង​ធនាគារ​ជប៉ុន SMBC ដើម្បី​ទទួលបាន​សហ​ហិរញ្ញប្បទាន​ចំនួន​ ១៣៥ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា ធនាគារ អេស៊ីលីដា ជា​ធនាគារពាណិជ្ជ​ធំ​មួយ ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​ច្រើន​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បណ្តាញ​ប្រតិបត្តិការ​ដ៏សម្បូរបែប​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជន​កម្ពុជា គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ជាពិសេស អ្នក​ដែល​រស់នៅ​ជនបទ​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​របស់​ធនាគារ រួមទាំង​សេវាកម្ម​ឥណទាន ដែលមាន​គោលដៅ សម្រាប់​ពង្រឹង និង​ពង្រីក​វិស័យ​កសិកម្ម​នៅតាម​ជនបទ​។

លោក​បាន​បន្តថា នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​ការប្រើប្រាស់ សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​សកម្ម​នៅតាម​ជនបទ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) និង​ធនាគារ SMBC បានផ្តល់​សហហិរញ្ញប្បទាន​ចំនួន​ ១៣៥ ​លាន​ដុល្លារ​អាមេរិក​ដល់​ធនាគារ អេស៊ីលីដា ដើម្បី​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​ "​សហ​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​ផលិតកម្ម​កសិកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​"​។

គម្រោង​សហហិរញ្ញប្បទាន​រយៈពេល​វែង​ដែល​ទទួលបាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) និង​ធនាគារ SMBC ពិត​ជាមាន​សារៈសំខាន់​យ៉ាងខ្លាំង សម្រាប់​ធនាគារ អេស៊ីលីដា ក្នុង​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ដែល​មាន​តម្រូវការ​ឥណទាន​ក្នុងការ​ចាប់ផ្តើម និង​/​ឬ​ការពង្រីក​ផលិតកម្ម​កសិកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​នោះ​បាន​ឱ្យដឹង​ដែរ​ថា ធនាគារ SMBC គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈានមុខ​មួយ​ក្នុង​សកលលោក និង​ជា​បុត្រសម្ព័ន្ធ​របស់ Sumitomo Mitsui Financial Group (SMBC Group) ដែលមាន​ការិយាល័យ​កណ្តាល​នៅ​រាជធានី​តូក្យូ​។ SMBC គឺជា​ធនាគារ​ជប៉ុន​ដែល​មាន​ទ្រព្យសកម្ម​ច្រើន​បំផុត និង​មាន​ចំណាត់ថ្នាក់​ឥណទាន​យ៉ាង​ល្អ តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក ដែល​មាន​វិសាលភាព​គ្របដណ្តប់​ជាង​ ៤១​ ប្រទេស និង​តំបន់​ដោយមាន​ ១៦ ​សាខា​ស្ថិតនៅក្នុង​តំបន់​អាស៊ី​។

ធនាគារ SMBC ក៏ដូចជា SMBC Group ផ្តល់​សេវាកម្ម​ធនាគារ​ជូន​សាធារណជន​ទូទៅ សាជីវកម្ម និង​ការវិនិយោគ (investment bank) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អតិថិជន​របស់ខ្លួន​។ ធនាគារ SMBC ត្រូវ​បង្កើតឡើង ដោយ​ឈរលើ​ការផ្តល់​អាទិភាព​ដល់​អតិថិជន និង​ភាពងាយស្រួល​ពី​គ្រប់​ទីកន្លែង និង​នៅក្នុង​តំបន់​៕