សាលាអន្តរជាតិ វេសវីយូ កម្ពុជា កាល​ពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ ២០២២ បាន​រៀបចំ​កម្មវិធី​ប្រគល់​មេដាយ​ជូន​ម្ចាស់​ជយលាភី​ក្នុង​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​អាមេរិកកាំង (AMC) នៅ​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា ក្រោម​អធិបតីភាព លោកស្រី សុខ វណ្ណី ដែល​ត្រូវ​ជា​នាយិកា​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា និង​សាលា​អន្តរជាតិ លើននីង ចាំងហ្គល។ ក្នុង​នោះ មេដាយ​សរុប​មាន​ចំនួន ៤ ប្រភេទ រួមមាន Director Award ឬ​ហៅថា​ ពាន​រង្វាន់​នាយក​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា ដែល​ជា​ពាន​រង្វាន់​ខ្ពស់​ជាង​គេ​មាន​ចំនួន ៣៦ មេដាយ មេដាយ​មាស​ចំនួន ៤៥ មេដាយ មេដាយ​ប្រាក់​ចំនួន ៦៨​មេដាយ និង​មេដាយ​សំរឹទ្ធ​ចំនួន ៨២​មេដាយ។

គួរ​រំឭក​ផងដែរថា កម្មវិធី​ប្រកួត​ប្រជែង​គណិត​វិទ្យា​អាមេរិកកាំង (AMC) បាន​ប្រព្រឹត្ត​ឡើង នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ ២០២២ ក្រោម​ការ​រៀបចំ​ផ្ទាល់​ដោយ​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា។ នេះ​គឺជា​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​ដ៏​ធំ​មួយ ដែល​ធ្វើ​តាម​រយៈ​តេស្ត​វាស់ស្ទង់​សមត្ថភាព​លំដាប់​ពិភព​លោក​ដែល​មាន​ឈ្មោះ​ថា NWEA MAP ហើយ​តេស្ត​នេះ​មាន​ប្រភព​ដើម​មក​ពី​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​សាលា​អន្តរជាតិ​ធំៗ នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ ចំនួន ១៤៥ ជុំវិញ​សកល​លោក។

តេស្ត MAP គឺជា​តេស្ត​វាស់ស្ទង់​សមត្ថភាព​ដែល​មាន​សុក្រឹត​ភាព​បំផុត ដោយ​ហេតុ​ថា​ទាំង​វិញ្ញាសារ និង​លទ្ធផល​នៃ​តេស្ត​នេះ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដែល​រាល់​សំណួរ​នីមួយៗ​ត្រូវ​បាន​ជ្រើសរើស​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ ទើប​សិស្សានុសិស្ស​នីមួយៗ​ពុំ​អាច​ចម្លង​គ្នា​បាន និង​មិន​មាន​ភាព​លំអៀង​ណា​មួយ​នោះ​ឡើយ។ វិញ្ញាសារ​ប្រកួត​មិនមែន​រៀបចំ​ឡើង​សម្រាប់​តែ​សិស្ស​ពូកែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​បណ្តុះ​បណ្តាល​គំនិត​ឱ្យ​សិស្សានុសិស្ស​ទូទៅ​មាន​ភាព​ជឿ​ជាក់លើ​ខ្លួន​ឯង​ផងដែរ។

ថ្វី​បើ​នេះ​គឺជា​លើក​ដំបូង​ដែល​ប្រទេស​កម្ពុជា​យើង​មាន​កម្មវិធី​ប្រឡង​ប្រជែង​វាស់​ស្ទង់​សមត្ថភាព​គណិត​វិទ្យា​ជា​សាធារណៈ​ប្រភេទ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​យើង​ឃើញ​ថា​មាន​ការ​ចូលរួម​ប្រឡង​យ៉ាង​ច្រើន​កុះករ ពី​សំណាក់​សិស្សានុសិស្ស​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី៩ ដែល​ក្រៅ​ពី​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា និង​សាលា​អន្តរជាតិ លើននីង ចាំងហ្គល ក៏​មាន​មក​ពី​បណ្តា​សាលា​សាធារណៈ និង​សាលា​អន្តរជាតិ​ផ្សេងៗ​គ្នា​ចំនួន ៣៣​សាលា ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង ដែល​រួមមាន សាលា Paragon, CIA FIRST, Northbridge, SCIA និង​សាលា Footprint ជាដើម៕