ភ្នំពេញ: ក្រសួងពាណិជ្ជកម្មកម្ពុជាអំពាវនាវ ម្ចាស់សហគ្រាស ឬក្រុមហ៊ុនអាជីវកម្មក្នុងវិស័យចំណីអាហារ និងកសិកម្ម ចូលរួមពិព័រណ៍ "Lancang-Mekong International Food Exposition” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៩ ខែ មិថុនា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២៧ខែឧសភា បានលើកឡើងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ដោយមានការគាំទ្រពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ការរៀបចំកម្មវិធីតាំងពិព័រណ៍ “Lancang-Mekong International Food Exposition”។
សេចក្តីជូនដំណឹងនោះបានឱ្យដឹងថា នាយកដ្ឋានជំរុញពាណិជ្ជកម្មប្រទេសឡាវ សូមអញ្ជើញលោក-លោកស្រី ដែលជាពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន/សហគ្រាស ព្រមទាំងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មខាងលើ ដោយភាគីឡាវនឹងផ្តល់ជូនស្តង់ចំនួន១០ ស្តង់ជូនប្រទេសសមាជិកដោយឥតគិតថ្លៃ។
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអំពានាវដល់ម្ចាស់សហគ្រាសនិងអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចំណាប់អារម្មណ៍ចូលរួម ឱ្យទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈអ៊ីមែល sinhdalone.ak@laomoic.org ឬ snr_phommaly@yahoo.com៕