ភ្នំពេញ: បន្ទាប់ពី​រដ្ឋាភិបាល​តាម​រយ:​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ ដាក់​ចេញ​គោល​នយោបាយ​ស្តារ​វិស័យ​ទេសចរណ៍​ដែល​រងផល​ប៉ះពាល់​ដោយ​កូវីដ១៩ ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ "នីតិវិធី និង​លក្ខខណ្ឌ​កម្ចី​ក្នុង​គម្រោង សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើនក្នុង​វិស័យ​ទេសចរណ៍"។

លោក សុង តុងហាប់ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុក្រុម​ការងារ​គាំពារ​សហគ្រាស និង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ បាន​ដឹក​នាំ កម្មវិធីផ្សព្វផ្សាយ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ ២០២២ ថ្មីៗ​នេះ។

កម្មវិធីនេះ​ត្រូវ​បាន​រៀប​ចំ​ទ្បើង​ក្នុង​គោល​បំណង ជំរុញ​ការ​អនុវត្ត និង​ផ្សព្វផ្សាយ​កម្មវិធី​សហហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល ឱ្យ​បាន​លម្អិតដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង និង​យល់ដឹង​ពី​នីតិវិធី-លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​សម្បទាន យក​ទៅ​គាំទ្រក្នុង​ការ​ជួសជុល​កែ​លម្អ​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ឬ​ធ្វើ​ទំនើបកម្ម-ពិពិធកម្ម​សេវាកម្ម​និង​ផលិតផល​ទេសចរណ៍​សំដៅ​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ទ្បើង​វិញ​ក្នុង​ពេល​និង​បន្ទាប់​ពី វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ធូរ​ស្រាល។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។

គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹក​ប្រាក់​កម្ចី ១៥០ លាន​ដុល្លារ​អាមេរិក ដែល​មាន​បដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន ៧៥ លានដុល្លារ​អាមេរិក តាម​រយៈធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា (SME Bank) និង​របស់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ចូលរួម (PFIs) ចំនួន ៧៥ លាន​ដុល្លារ​អាមេរិក ដោយ​ផ្តល់​អាទិភាព​ទាំង​ស្រុង​ដល់​អាជីវកម្ម​ទេសចរណ៍​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ទូទាំងប្រទេស។

ក្រសួង​បាន​បញ្ជាក់​ថា ដោយសារ​ឥណទាន​មាន​ចំនួន​កំណត់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ចូលរួម​នឹង អនុវត្ត​គោលការណ៍​ទៅ​មុន ទទួល​បាន​កម្ចី​មុន (First come, First served) ដោយ​ទាមទារ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​សាកសួរ​ព័ត៌មាន​ពី​គ្រឹះស្ថាន ហិរញ្ញ​វត្ថុ​ចូលរួម​ឱ្យ​បាន​ឆាប់ ករណីមាន​តម្រូវ​ការ​ឥណទាន​ក្នុង​គោលដៅ​ខាង​លើ៕