ភ្នំពេញ: លោក Chris Humphrey នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហភាពអឺរ៉ុប-អាស៊ាន​និង​សហការី ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​អំពី​ការ​ដំណើរការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ានលើក​ទី​៥៤ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ក្នុង​ឆ្នាំ ២០២២ ព្រម​ទាំង​ការ​គាំទ្រ​លើ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច (Priority Economic Deliverables–PEDs) ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២២។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម។

លោក ពេជ ឫទ្ធី បានប្រាប់ លោក Chris Humphrey អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ពាណិជ្ជកម្មជាសេនាធិការ ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម តាម​រយៈការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្រោម​ក្របខ័ណ្ឌ​ពហុភាគី តំបន់ និងទ្វេភាគី ស្រប​ជាមួយ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់ បទប្បញ្ញត្តិ និង​ស្ថាប័ន ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា។

លោក ពេជ ឫទ្ធី ក៏​បាន​លើកឡើង​អំពី​ការ​រៀបចំ និង​វឌ្ឍនភាព​នៃ​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​មួយ​ចំនួន​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​វិស័យ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេទ្បិចត្រូនិក កសិកម្ម និង​ការ​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​តាម​រយៈការ​ចរចា​ដំទ្បើង​កម្រិត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ជាដើម។

ក្នុង​ជំនួប​នោះ លោក Chris Humphrey នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហភាពអឺរ៉ុប-អាស៊ាន បាន​ស្វាគមន៍​វឌ្ឍនភាព​ល្អ​ប្រសើររបស់​កម្ពុជា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ព្រម​ទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​អនុវត្ត​នូវ​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព។

លោក​ក៏​បាន​លើក​ឡើង​អំពី​គម្រោង​របស់​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហភាពអឺរ៉ុប-អាស៊ាន ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​លើក​ទី​១០ ជា​បន្តបន្ទាប់ នៅ​កម្ពុជា និង​ស្នើ​សុំ​ព័ត៌មាន​នៃ​កាល​បរិច្ឆេទ និង​ទីតាំង​ជាក់លាក់​សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ច​ប្រជុំពាក់ព័ន្ធ ក្នុង​ពេល​វេលា​សមស្រប។

ភាគីទាំង ២ បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ និង​ផ្តល់​ការ​គាំទ្រ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២២ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ និង​ផ្លែផ្កា ដែល​នឹង​ជំរុញ​បន្ថែម​នូវ​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​តំបន់​ក្នុង​ការ​ស្តារ​ទ្បើង​វិញ​នូវ​សេដ្ឋកិច្ច​តំបន់៕