ភ្នំពេញៈ លោក លី តៃសេង ចាងហ្វាង និង​អគ្គនាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ បានឱ្យ​ដឹងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​ច្បាស់លាស់ និង​ទាន់​ពេលវេលា​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​ចូល​ជាធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ ដើម្បី​ជា​ប្រយោជន៍ សម្រាប់​អ្នកបង្កើត​គោលនយោបាយ អ្នកស្រាវជ្រាវ ធុរជន និង​វិនិយោគិន ព្រមទាំង​សាធារណជន​ទូទៅ​។

ថ្លែង​នៅក្នុង​វេទិកា RCEP Media & Think Tank ដែល​ត្រូវបាន​រៀបចំ​ឡើង​តាម​អន​ឡាញ​ដោយ​កាសែត​ China Daily កាលពី​ថ្ងៃទី​ ២៩ ខែឧសភា លោក លី តៃសេង បាន​ឲ្យ​ដឹងថា ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​តំបន់ និង​ពិភពលោក ហើយនឹង​ផ្តល់​ការជំរុញ​យ៉ាងខ្លាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​ជំងឺ​កូវីដ​ ១៩​។ កិច្ចព្រមព្រៀង RCEP បានបង្ហាញ​អំពី​កត្តា​ជំរុញ​ដ៏រឹងមាំ​មួយ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​បានធ្វើឱ្យ​តំបន់​នេះ​ក្លាយជា​ទីកន្លែង​ឈានមុខ​គេ​ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ស្ទុះ​ងើបឡើង​វិញ ហើយ​អាចឱ្យ​តំបន់​នេះ​បន្ត​ក្លាយជា​កន្លែង​គួរឱ្យ​ទាក់ទាញ​សម្រាប់​ការវិនិយោគ​ផ្សេងៗ​។

លោក​លើកឡើង​ថា​៖ «​កាសែត ភ្នំពេញ​ប៉ុស្តិ៍​យើង​បាននិង​កំពុង​រាយការណ៍​យ៉ាង​ទូលំទូលាយ​អំពី​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​។ ចាប់តាំងពី​វា​ត្រូវបាន​ផ្សព្វផ្សាយ​ជា​លើកដំបូង យើង​បាន​ផ្សព្វផ្សាយ និង​រំលេច​នូវ​ព័ត៌មាន​នានា​ដល់​ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​ទាំងឡាយ ដូចជា បញ្ហា​នានា​ដែល RCEP មាន និង​ឥទ្ធិពល​របស់​កិច្ចព្រមព្រៀង​នេះ​មកលើ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ពួកគេ​»​។

លោក​ថា សម្រាប់​អ្នកអាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មានដូចជា​ពាណិជ្ជករ ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិនិយោគិន និង​មាន​អ្នកជំនាញ​ជាន់ខ្ពស់​ជាច្រើន​ទៀត ដែល​សុទ្ធតែ​ពឹង​ផ្អែកលើ​ការពិត​បាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បានធ្វើ​សេចក្តី​រាយការណ៍​ល្អៗ​យក​ទៅ​ធ្វើជា​ការសិក្សា និង​ការសម្រេច​ទៅលើ​កិច្ចព្រមព្រៀង​នានា​។

លោក​លើកឡើង​ថា​៖ «​កាសែត​របស់​យើង យើង​បាន​រាយការណ៍​ពី​ការពិត​នៃ​ភាពជា​ដៃគូ​យ៉ាងទូលំទូលាយ ហើយ​បាន​សម្ភាស​ធុរជន​ជាច្រើន​រូប​អំពី​របៀប​ដែល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​នឹង​ជំរុញ​សេដ្ឋកិច្ច​របស់​យើង​។ ការរាយការណ៍​របស់​យើង​ស្តីពី​កិច្ចព្រមព្រៀង​ RCEP ពិតជា​បាន​ជួយ​ឱ្យ​អ្នកអាន​របស់​យើង​ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​»​។

លោក​ Zhang Jianping អនុប្រធាន​គណៈកម្មាធិការ​សិក្សា​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រទេស​ចិន​បានឱ្យ​ដឹងថា RCEP បាន​បង្កើត​គំរូ​ដ៏ល្អ​មួយ​នៃ​ការតភ្ជាប់​រវាង​ប្រទេស​ហត្ថលេខី​សម្រាប់​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

លោក​បញ្ជាក់ថា​៖ «RCEP នេះ បាន​បង្កើត​ទំនាក់ទំនង​យ៉ាងសំខាន់​ជាមួយ​បណ្ដា​ប្រទេស​នានា​។ កិច្ចព្រមព្រៀង​នេះ បង្កើត​កត្តា​ជំរុញ​បន្ថែមទៀត​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​។ តើ​យើង​អាចធ្វើឱ្យ​ RCEP ក្លាយជា​កម្លាំងចលករ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​បាន​ដូចម្ដេច​?»​។

លោក លី តៃសេង បាន​សង្កត់ធ្ងន់​ថា RCEP ​គឺជា​កិច្ចព្រមព្រៀង​ភាព​ប្រទាក់ក្រឡា​ និង​រស់​រវើក​។ ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ និង​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​របស់​វា​នឹង​ចាំបាច់ ពីព្រោះ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​វា​ពឹង​លើ​ប្រទេស​ហត្ថលេខី​ទាំងអស់​។

លោក​បន្ថែមថា​៖ «​ដូច្នេះ ក្នុងនាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរតែ​សហការ​បន្ថែមទៀត​នៅក្នុង​វេទិកា​បែបនេះ ដើម្បី​អាច​និយាយ​អំពី​យុទ្ធសាស្ត្រ និង​ទស្សនវិស័យ​លើ​ការរាយការណ៍ និង​ធ្វើការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​រាយការណ៍​បន្ថែម​ទៀត​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ក្នុង​តំបន់​របស់​យើង​»​។

កាលពី​ខែកុម្ភៈ ធនាគារ​ពិភពលោក (WB) បាន​រាយការណ៍​ថា កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ ​៣ ទាំង​ការកើនឡើង​ប្រាក់ចំណូល​ពិតប្រាកដ និង​កំណើន​ការនាំចេញ​ក្នុងចំណោម​សមាជិក​របស់​ RCEP​។ កម្ពុជា​ត្រូវបាន​រំពឹងថា​នឹងមាន​កំណើន​ ៦,៥ ​ភាគរយ​។ RCEP មាន​សក្តានុពល​លើកស្ទួយ​មនុស្ស​ចំនួន​ ២៧ លាន​នាក់​បន្ថែមទៀត​ប្រែ​ក្លាយទៅជា​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម ត្រឹម​ឆ្នាំ​ ២០៣៥៕LA