ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​អះអាងថា​កំណើន​នៃ​ការចុះបញ្ជី​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ចំនួន ៨៤ ​គ្រឿង ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មាន​ចំនួន ៩ ​គ្រឿង ដែល​នេះ​បង្ហាញ​ពី​ការកើនឡើង​ជាង​ ៨០០ ​ភាគរយ​។

ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ក្រោម​ប្រធានបទ​ «​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ (EV) ​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​ ២៧ ខែឧសភា លោក ស៊ុន ចាន់ថុល បាន​និយាយថា លោក​ពិតជា​មាន​មោទនភាព និង​ពេញចិត្ត​ចំពោះ​កំណើន​ការចុះបញ្ជី​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​នេះ​។

លោក​បន្តថា យោង​លើ​កំណើន​ដ៏​ឆាប់រហ័ស​នេះ ក្រសួង​រំពឹងថា​នឹងមាន​ការកើនឡើង​យានយន្ត​ស្របតាម​ទិសដៅ​កំណត់​ដោយ​រាជរដ្ឋាភិបាល ដូច​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ស្តីពី​អព្យាក្រឹត​កាបូន ឆ្នាំ ​២០៥០ ដោយ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា ៤០​ ភាគរយ និង​ម៉ូតូ​អគ្គិសនី​ក្នុង​អត្រា ៧០ ​ភាគរយ​។

ជាមួយ​គ្នានេះ​លោក​ក៏​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ​ងាក​មក​ប្រើ​រថយន្ត​អគ្គិសនី​ (EV) ជំនួស​រថយន្ត​ប្រើ​ចំហេះ​ឥន្ធន: ព្រោះ​ចំណាយ​តិច ខណៈ​ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​បង្កើត​សេចក្តី​ប្រកាស​រួម​ទាក់ទង​ការបង្កើត ឬ ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ឱ្យបាន​ច្រើន​ទីតាំង​។

លោក​បញ្ជាក់ថា ក្រសួង​សូម​ស្វាគមន៍​អ្នកវិនិយោគ​លើ​ការបង្កើត ឬ​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី ក៏ប៉ុន្តែ​ត្រូវ​ធ្វើតាម​នីតិវិធី និង​អាច​ទាក់ទង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ ដើម្បី​ពិនិត្យ​លើ​នីតិវិធី​នៃ​ការស្នើសុំ និង​ទាក់ទង​អគ្គិសនី​កម្ពុជា​ដើម្បី​ពិនិត្យ​ការស្នើសុំ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ផងដែរ​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​ការបញ្ចូល​ថាមពល​អគ្គិសនី​យានយន្ត​ត្រូវ​ចំណាយ​ ៤​ ដុល្លារ​អាច​ធ្វើ​ដំណើរ​បាន ១០០ ​គីឡូម៉ែត្រ​បើ​ប្រៀបធៀប​នឹង​ប្រេងឥន្ធនៈ​ត្រូវ​ចំណាយ​ជាង ១០ ​ដុល្លារ​។ បើ​ថ្ងៃក្រោយ​រថយន្ត​ទាំងអស់​ប្រើ​អគ្គិសនី យើង​ត្រូវ​បង្កើត​រោងចក្រ​អគ្គិសនី​បន្ថែម​ឱ្យបាន​ច្រើន​»​។

បើតាម លោក ស៊ុន ចាន់ថុល ក្រុមហ៊ុន​ផលិត​យានយន្ត​នឹង​លែង​ផលិត​យានយន្ត​ដែល​ប្រើ​ប្រេងឥន្ធនៈ ជាពិសេស​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​នឹង​ឈប់​ផលិត​យានយន្ត​ប្រើ​ប្រេងឥន្ធនៈ​នៅ​ឆ្នាំ​ ២០៣៥ ហើយ​កម្ពុជា​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​ហើយ​ក្នុងករណី​គេ​លែង​ផលិត​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​។ លើសពីនេះ ពន្ធ និង​អាករ​នាំចូល​រថយន្ត EVs ត្រូវបាន​អនុគ្រោះ​នៅត្រឹមតែ​ ៦៣ ​ភាគរយ ខណ:​រថយន្ត​ប្រើ​សាំង​ជាប់ពន្ធ​អាករ​ជា​មធ្យម ១២០ ​ភាគរយ​ឯណោះ​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែឧសភា​ថា កំណើន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​គឺ​ដោយសារតែ​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ក្រុមហ៊ុន​នាំចូល​ច្រើន និង​មាន​ចំណាប់​អារម្មណ៍​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ព្រោះ​មាន​ចំណាយ​តិច​។

លោក​បញ្ជាក់ថា​៖ «​ការប្រើ​យានយន្ត​អគ្គិសនី​វា​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អ្វីដែល​សំខាន់​មួយទៀត​នោះ គឺ​ការចំណាយ​វា​ធូរ​ថ្លៃ​ជាង​ប្រេង​បើ​យើង​គិត​ក្នុង ១០០​ គីឡូម៉ែត្រ​យើង​ចំណាយ​លើ​ប្រេងម៉ាស៊ូត ឬ​ប្រេងសាំង​អស់ ១០ ​ដុល្លារ ឬ​លើសពីនេះ ប៉ុន្តែ​បើ​យើង​ប្រើ​រថយន្ត​អគ្គិសនី​យើង​ចាយ ៤ ​ដុល្លារ​ប៉ុណ្ណោះ​។ អ៊ីចឹង​យើង​ចំណេញ​ច្រើន​»​។

ក្រសួង​សាធារណការ​ឱ្យដឹងថា ចាប់តាំងពី​ដើមឆ្នាំ​ ២០២១ ក្រសួង​បាន​ចុះបញ្ជី​យានយន្ត​អគ្គិសនី​ចំនួន ១៤៨ ​គ្រឿង​ក្នុងនោះ​រថយន្ត​ចំនួន ១១០ ​គ្រឿង និង​ទោចក្រយានយន្ត ត្រី​ចក្រយានយន្ត​អគ្គិសនី​បាន​ចំនួន ៣៨ ​គ្រឿង និង​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មាន UNDP ក្នុង​ការដំឡើង​ស្ថានីយ​សាក​អាគុយ​រថយន្ត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង និង​ខេត្តសៀមរាប​៕ LA