ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) និង​ធនាគារ SMBC របស់​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​សហហិរញ្ញប្បទាន​ចំនួន ១៣៥ លាន​ដុល្លារ​ជាមួយ​ធនាគារ​អេស៊ីលីដា ដើម្បី​ពង្រីក​ប្រាក់កម្ចី​បន្ថែមទៀត​នៅក្នុង​វិស័យ​កសិកម្ម​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ​២៧ ខែឧសភា​ថា គម្រោង​សហហិរញ្ញប្បទាន​រយៈពេល​វែង ដែល​បានទទួល​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន និង​ធនាគារ SMBC ពិតជា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ធនាគារ អេស៊ីលីដា ក្នុងការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ដែល​មាន​តម្រូវការ​ឥណទាន​ក្នុងការ​ចាប់ផ្តើម និង​/​ឬ ការពង្រីក​ផលិតកម្ម​កសិកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល​។

លោក​បាន​ថ្លែងថា​៖ «​អេស៊ីលីដា ជា​ធនាគារ​ពាណិជ្ជ​ធំ​ដែលមាន​បណ្តាញ​ប្រតិបត្តិការ​ច្រើន​ជាងគេ​នៅ​កម្ពុជា​។ បណ្តាញ​ប្រតិបត្តិការ​ដ៏​សម្បូរបែប​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជន​ខ្មែរ គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ពិសេស អ្នករស់នៅ​ជនបទ​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​របស់​ធនាគារ រួមទាំង​សេវាកម្ម​ឥណទាន ដែលមាន​គោលដៅ​សម្រាប់​ពង្រឹង និង​ពង្រីក​វិស័យ​កសិកម្ម​នៅតាម​ជនបទ​»​។

លោក​លើកឡើង​ថា​៖ «​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់ សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​សកម្ម​នៅតាម​ជនបទ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) និង​ធនាគារ SMBC បានផ្តល់​សហ​ហិរញ្ញប្បទាន​ចំនួន ១៣៥ ​លាន​ដុល្លារ​ដល់​ធនាគារ អេស៊ីលីដា ដើម្បី​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ សហហិរញ្ញប្បទាន​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​ផលិតកម្ម​កសិកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​»​។

យោងតាម JICA វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ដែល​ស្មើនឹង​ប្រមាណ ២០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង ៣០ ​ភាគរយ​នៃ​ការងារ​។ ម្យ៉ាងទៀត​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​វិស័យ​កសិកម្ម​ត្រូវបាន​កំណត់​ត្រឹម​ប្រហែល ៩ ​ភាគរយ​នៃ​ចំនួន​ប្រាក់កម្ចី​សរុប​នៅ​កម្ពុជា ហើយ​កសិករ​ជាង​ពាក់កណ្តាល​មិនមាន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ទេ​។ ប្រហែល​ ៩០ ភាគរយ​នៃ​ប្រជាជន​ក្រីក្រ​កម្ពុជា​រស់នៅ​តំបន់​ជនបទ ដែល​ប្រហែល ៨០ ​ភាគរយ​ប្រកបរបរ​កសិកម្ម ហើយ​ប្រាក់​ចំណូល​ក្នុង​តំបន់​ទាំងនេះ​មាន​ត្រឹម​ពី ៥០-៦០ ​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រជាជន​នៅក្នុង​ទីក្រុង​ដែល​បង្កើត​ឱ្យមាន​វិសមភាព​សេដ្ឋកិច្ច​។

JICA បាន​ឱ្យដឹងថា​៖ «​កម្ចី​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​កសិករ​នៅតាម​ជនបទ​តាមរយៈ​ធនាគារ​អេស៊ីលីដា​។ ប្រាក់កម្ចី​នេះ​មាន​គោលបំណង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការគាំទ្រ​ទៅដល់​ការពង្រីក​ការផ្តល់ប្រាក់​កម្ចី​ដល់​វិស័យ​កសិកម្ម​»៕ LA