ភ្នំពេញៈ ក្រុម​វិនិយោគិន​ឈានមុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បានរួម​គ្នា​ ដើម្បី​លើកកម្ពស់​បរិយាកាស​វិនិយោគ តាមរយៈ​ការពង្រឹង​ «​ច្បាប់​បរធនបាលកិច្ច​» ​របស់​កម្ពុជា​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​។

Cambodian Investment Management ជា​ក្រុមហ៊ុន​មួយ​ដែល​គ្រប់គ្រង​ការវិនិយោគ​រួមគ្នា​ជាច្រើន និង​ផ្តល់​សេវាកម្ម​ចម្រុះ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Prince Trust ដែលជា​សមាជិក​ក្រុមហ៊ុន Prince Holding Group (Prince Group) និង​គេហទំព័រ​អចលនទ្រព្យ​ «Realestate.com.kh» ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MoU) កាលពី​ថ្ងៃទី​ ២៧ ខែឧសភា ក្នុង​គោលបំណង​លើកកម្ពស់​ច្បាប់​បរធនបាលកិច្ច​ដល់​វិនិយោគិន​។

លោក Anthony Galliano នាយកប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment Management បាន​កត់សម្គាល់​ថា​ MoU​ នឹង​តំណាងឱ្យ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ឈានមុខ​ទាំងឡាយ​ធ្វើការ​រួមគ្នា​ ដើម្បី​ធានា​សុវត្ថិភាព​ និង​សន្ដិសុខ​ដល់​វិនិយោគិន ដែល​នឹង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

លោក Anthony Galliano ដែល​បានបញ្ជាក់​ពី​ភាពជោគជ័យ​របស់​លោក​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០០៩ បាន​ថ្លែងថា​៖ «​សារៈសំខាន់​គឺ​យើង​បង្កើតជា​សម្ព័ន្ធ (Alliance) នៅទីនេះ​។ សារ​នេះ​គឺថា​ «​ចូលមក​វិនិយោគ​នៅ​កម្ពុជា​»​។

លោក​ថា Cambodian Investment Management បាន​ចូល​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០០៩ ជា​ក្រុមហ៊ុន​តូច​មួយ ដែលមាន​បុគ្គលិក​តែ​ ២​ នាក់​ប៉ុណ្ណោះ​ហើយ​ធំធាត់​ និង​រីកចម្រើន​ទៅមុខ​ជា​លំដាប់​នៅ​កម្ពុជា​។

លោក​បាន​បន្តថា​៖ «​កម្ពុជា​បាន​បើកចំហ​សម្រាប់​អាជីវកម្ម​ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​បំផុត​មួយ​ក្នុង​​ពិភពលោក​ និង​ជា​កំណត់ត្រា​កំណើន​សេដ្ឋកិច្ច​ល្អ​បំផុត​មួយ​»​។

ទាក់ទង​នឹង​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល កម្ពុជា​ក៏​ទទួលរង​ឥទ្ធិពល​ពី​សង្គ្រាម​នេះ​ផងដែរ និង​រង​ផលប៉ះពាល់​ដោយ​គោលនយោបាយ​ «​គ្មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩» របស់​ប្រទេស​ចិន​ដែល​ប៉ះពាល់​ដល់​វិនិយោគិន​ចិន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​ពិធី​ចុះហត្ថលេខា ​MoU នេះ​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ​Prince Trust ដែលជា​ក្រុម​ធុរកិច្ច​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​បាន​កត់សម្គាល់​ថា​៖ «​យើង​បាន​បង្កើត​ច្បាប់​បរធនបាលកិច្ច​នេះ​ ដើម្បី​ជួយ​វិនិយោគិន​បរទេស​ដែល​ស្វែងរក​ការវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ច្បាប់​បរធនបាលកិច្ច​»​។

លោក​ Michael Chiam បាន​ថ្លែងថា​៖ «​រួម​ជាមួយ​នឹង​ភាពជឿជាក់​ខ្លាំង​ និង​ការយល់ដឹង​អំពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន​ Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​ឥទ្ធិពល ប្រកបដោយ​ភាពប្រកួតប្រជែង​ដែលមាន​រៀងៗ​ខ្លួន​ក្នុង​ការ​ដោះស្រាយ​ឆ្លើយតប​តម្រូវការ​របស់​វិនិយោគិន​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹងមើល​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​»​។

ប្រទេស​កម្ពុជា​បានដាក់​ឱ្យប្រើប្រាស់​នូវ​ច្បាប់​បរធនបាលកិច្ច​ដែល​សហគមន៍​ត្រូវការ និង​ទន្ទឹងរង់ចាំ​កាលពី​ថ្ងៃទី​ ២​ ខែមករា ឆ្នាំ​ ២០១៩ ដែល​ក្រោយមក​នៅ​ចុងឆ្នាំ​នោះ​ពិភពលោក​បាន​រងផលប៉ះពាល់​ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​ ២​ ឆ្នាំ​រហូតមក​ដល់​ពេល​នេះ​៕LA