ភ្នំពេញៈ រដ្ឋាភិបាល​បានសម្រេច​ធ្វើការ​អភិវឌ្ឍ​កោះ​ស្រមោច ដែលមាន​ទីតាំងនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ក្រុមហ៊ុន Ream Resort and Development ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​បាន​កែប្រែ​ផែនការមេ​ថ្មី ដើម្បី​ធ្វើឱ្យ​ស្របទៅតាម​ស្ថានភាព​រីកចម្រើន​សេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា តំបន់ និង​ពិភពលោក​។

លោក​ ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា កាលពី​ថ្ងៃទី​ ២៧ ខែឧសភា​ឆ្នាំ ២០២២ គណៈកម្មការ​វិនិយោគ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ អនុម័ត​ផែនការ​មេ​ថ្មី​គម្រោង​អភិវឌ្ឍន៍​កោះ​ស្រមោច​។

លោក​ថា ក្រុមហ៊ុន Ream Resort and Development នេះ បានដាក់​ពាក្យ​ស្នើសុំ រៀបចំ​ផែនការមេ​ថ្មី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​កោះ​ស្រមោច ពីព្រោះ​ក្រុមហ៊ុន​នេះ​បានទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពី​រាជរដ្ឋាភិបាល​តាមរយៈ​គណៈកម្មការ​វិនិយោគ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍-​កម្ពុជា​។

លោក​បន្តថា ផែនការមេ​ថ្មី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​កោះ​ស្រមោច​នេះ​នឹង​រៀបចំ​ឱ្យមាន​សណ្ឋាគារ និង​រមណីយដ្ឋាន​ ដើម្បី​រួមចំណែក​អភិវឌ្ឍ​កាន់តែ​ប្រសើរឡើង សម្រាប់​សេដ្ឋកិច្ចជាតិ ជាពិសេស​នឹង​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​ទាក់ទាញ​មួយកម្រិត​ថែមទៀត​។

បើតាម​លោក ឡុង ឌីម៉ង់ ក្រៅពីនេះ គម្រោង​អភិវឌ្ឍន៍​នេះ​ក៏​នឹង​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​បង្កើន​តម្លៃ​បន្ថែមទៀត​លើ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ព្រមទាំង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​ការ​ទទួលស្គាល់​ច្រើន និង​ល្បីល្បាញ​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។

លោក​ថា​៖ «​កោះ​ស្រមោច​នេះ គឺជា​ទីតាំង​ដ៏ល្អ និង​នៅ​មិន​ឆ្ងាយ​ពី​ដីគោក ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យ​មកលេង​កម្សាន្ត​។ នេះ គឺជា​សក្តានុពល និង​គុណសម្បត្តិ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បន្ថែមថា ក្រុមហ៊ុន Ream Resort and Development ទទួលបាន​គោលការណ៍ និង​ចុះកិច្ចសន្យា​ជួល​ពី​រាជរដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំ​ ២០០៨ ដើម្បី​អភិវឌ្ឍ​កោះ​ស្រមោច​នេះ ដោយ​ក្នុងនោះ ក្រុមហ៊ុន​ក៏មាន​ការកែសម្រួល​លើ​ផែនការមេ​ថ្មី សម្រាប់​អភិវឌ្ឍ​កោះ​នេះ​ដោយ​ផ្តោតជាសំខាន់​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា លោក​បាន​ស្វាគមន៍​ចំពោះ​ការរៀបចំ​ផែនការមេ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ កោះ​ស្រមោច​នេះ​។ លោក​ថ្លែងថា គម្រោង​នេះ​គួរតែមាន​ផែនការមេ​អភិវឌ្ឍន៍​សម្រាប់​កោះ​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន ដោយ​កុំ​ទុក​កោះ​ទាំងនោះ​ចោល ប៉ុន្តែ​រាល់​ការអភិវឌ្ឍ​ទាំងអស់​ត្រូវតែ​មាន​ការអនុវត្ត​ទៅតាម​បទដ្ឋាន និង​ច្បាប់​របស់​កម្ពុជា​។

លោក​បន្តថា ជាពិសេស​ក្នុង​ការអភិវឌ្ឍ​នេះ ត្រូវ​រក្សា​បរិស្ថាន ធនធាន​ធម្មជាតិ និង​អនាម័យ​នៅ​ជុំវិញ​កោះ​ឱ្យ​បានល្អ​ស្អាត ដូច​គម្រោង​អភិវឌ្ឍន៍​នៅ​កោះ​សង្សារ​។ ជាមួយ​គ្នា​នេះ លោក​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​ក្រុមហ៊ុន​ដែល​គ្រាន់តែ​ធ្វើ​ផែនការមេ និង​ទទួល​សិទ្ធិ​វិនិយោគ​រួចហើយ ប៉ុន្តែ​មិនមាន​ការអភិវឌ្ឍ ដោយ​ត្រៀម​ទុក​ជួល​ទៅឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត​ធ្វើការ​វិនិយោគ​វិញ គឺ​ធ្វើឱ្យមាន​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​ដែល​យើង​មាន​ផលិតផល​ទេសចរណ៍​ថ្មី​ច្រើន យើង​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ឡើងវិញ​។ នៅ​កំពង់សោម​តាម​កោះ​នីមួយៗ​ទាក់ទាញ​ទៅតាម​រដូវកាល ដោយ​កោះ​ខ្លះ រក​បន្ទប់​ស្នាក់នៅ​មួយ​គ្មាន​ផង​។ នេះ​សម្រាប់តែ​ភ្ញៀវ​ក្នុងស្រុក ខ្ញុំ​មិនទាន់​និយាយ​ពី​ភ្ញៀវ​ខាងក្រៅ​ផង​។ និយាយ​ទៅ​ខ្ញុំ​ស្វាគមន៍​គម្រោង​នេះ​»៕LA