ភ្នំពេញៈ កម្ពុជា​នឹង​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ចំនួន​ប្រមាណ​ជាង ៩៦៥ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB Board Group) លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា ADB បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​ ដើម្បី​គាំទ្រ​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ​, ផ្នែក​បច្ចេកទេស និង​ជាពិសេស​ការរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា បើទោះបី​កម្ពុជា​បាន​បើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​នៅ​ចំពោះមុខ កម្ពុជា​មើលឃើញ​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែលមាន​ដូចជា បញ្ហា​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​បាននិង​កំពុង​កើតមានឡើង ហើយ​បាន​បង្ក​ជា​កង្វល់ និង​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល ដោយបាន​ផ្តល់​ផលប៉ះពាល់​ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៅ​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​ពិតជា​អំណរគុណ​ដល់​ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​បាន​ផ្តល់នូវ​សុភ​វិនិច្ឆ័យ​ចំពោះ​កម្ពុជា ជាពិសេស​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣ (Country Partnership Strategy - CPS 2019-2023) ជាមួយ​នឹង​កិច្ចសហការ​រៀបចំសេចក្តី​ព្រាង​ស្តីពី​គម្រោង ឬ​កម្មវិធី​អភិវឌ្ឍន៍ និង​ជំនួយ​បច្ចេកទេស​ឆ្នាំ​ ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025) ដែល​ក្នុង​ក្របខ័ណ្ឌ​នេះ កម្ពុជា​នឹង​ទទួលបាន​ហិរញ្ញប្បទាន​ពី ADB ចំនួន​ប្រមាណ​ជាង ៩៦៥ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​របស់​កម្ពុជា​»​។

លោក ឈួន សំរឹទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ចំនួន​ប្រមាណ​ជាង ៩៦៥ ​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ជួយ​លើ​វិស័យ​មួយចំនួន​ដូចជា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កសិកម្ម​, ថាមពល​, អប់រំ និង​សុខភាព​ជាដើម​។

លោក​បាន​គូសបញ្ជាក់​ទៀតថា​៖ «​សម្រាប់​ផែនការ​ហិរញ្ញប្បទាន​នេះ គឺ​ត្រូវ​ប្រើប្រាស់​ចំពោះ​វិស័យ​អាទិភាព​សំខាន់ៗ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​។ បន្ទាប់មក ផ្អែកលើ​ផែនការ​នេះ​ទើប​ក្រុមការងារ​ជំនាញ​សិក្សា​លើ​គម្រោង​នីមួយៗ ថា​តើ​អាចអនុវត្ត​បាន​ទទួល​បាន​ជោគជ័យ មាន​ផលចំណេញ​សេដ្ឋកិច្ច​ខ្ពស់ ទើប​អាច​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ឬ​ហិញ្ញប្បទាន​ឥត​សំណង​។ ដូចនេះ​យើង​ត្រូវការ​ពេលវេលា​ប្រហែល ១​ ឆ្នាំ​ទៀត សម្រាប់​គម្រោង​នីមួយៗ​»៕ LA